អន្តរជាតិ
អតីត​អ្នករាយការណ៍​ពិសេស​UN៖ មី​យ៉ាន់​ម៉ា មិនបាន​ធ្វើ​អ្វី​សោះ​សម្រាប់​រ៉ូ​ហ៊ីង​យ៉ា ក្រោយ ICJ ចេញ​សេចក្តី​បង្គាប់បញ្ជា​
25, May 2020 , 10:00 am        
រូបភាព
រូបភាព Anadolu Agency
រូបភាព Anadolu Agency
ដោយ:
​អតីតមន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ បាន​វាយតម្លៃ​អវិជ្ជមាន​បំផុត​លើ​ចំណាត់ការ​ដែលជា​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ការវាយតម្លៃ​នេះ ផ្អែកទៅលើ​លទ្ធផល​ពី​សេចក្តី​បង្គាប់បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុងឡាអេ ដែល​បានដាក់​ឲ្យ​មី​យ៉ាន់​ម៉ា​អនុវត្ត​ក្នុង​ការធានា​ឲ្យ​បាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​

 
​លោកស្រី  Yanghee Lee ដែល​ទើបតែ​ផុត​អាណត្តិ​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​បាន​ពីរ​សប្តាហ៍​ហើយ​នោះ តាមរយៈ​វេទិកា​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​យុត្តិធម៌​សកល នៅ​ថ្ងៃ​២២ ឧសភា​កន្លងទៅ បាន​អះអាងថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនបាន​ធ្វើ​អ្វី​សោះឡើយ ដើម្បី​បញ្ឈប់​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​រដ្ឋ​រ៉ា​ខាន ដែលជា​កន្លែង​រស់នៅរ​បស់​សហគមន៍​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​។​
 
​គួរ​រម្លឹក​បន្តិច នៅ​ខែមករា​ដើមឆ្នាំ​កន្លងទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ របស់​អង្គការសហប្រជាជាតិ បានចេញ​សេចក្តី​បង្គាប់បញ្ជា​មួយ ដោយ​តម្រូវ​ឲ្យ​មី​យ៉ាន់​ម៉ា​អនុវត្ត​វិធានការ​មួយចំនួន​ដើម្បី​ជាការ​ឆ្លើយតប​នឹង​បញ្ហា​វិបត្តិ​នៅក្នុង​រដ្ឋ រ៉ា​ខាន​។ ក្នុងនោះ​រាប់បញ្ចូល​ទាំង ការធានា​ឲ្យ​បាន​ការមិន​ប្រព្រឹត្ត​អំពើ​ពាក់ព័ន្ធ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​, មិនត្រូវ​ឲ្យ​មាន​សកម្មភាព​បំផ្លាញ ឬ​ដកចេញ​វត្ថុតាង​នៃ​អំពើ​ប្រល័យពូជសាសន៍ និង​ទប់ស្កាត់​ការរើសអើង​ជាដើម​។​
 
​ក៏ប៉ុន្តែ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times តាមរយៈ​វេទិកា​ដដែល​នោះ ក្រុម​អ្នកស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​យុត្តិធម៌​សកល យល់ឃើញថា សេចក្តី​បង្គាប់បញ្ជា​របស់​តុលាការ មិនមាន​ការណែនាំ​ជាក់លាក់​សម្រាប់​អនុវត្ត និង​ត្រួតពិនិត្យ និង​ជាពិសេស​នោះ​មិនបាន​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែលជា​ឬ​សគល់​នៃ​ការរើសអើង​ជា​ប្រព័ន្ធ​នៅក្នុង​សង្គម​មី​យ៉ាន់​ម៉ា​។​
 
​សម្រាប់​លោកស្រី Lee ដែល​មិន​មើលឃើញ​ពី​ចំណាត់ការ​មុតមាំ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លើ​ជនរងគ្រោះ យល់ឃើញថា ដើម្បី​បញ្ឈប់​ការរើសអើង និង​ការ​ធ្វើទុក្ខបុកម្នេញ មី​យ៉ាន់​ម៉ា ត្រូវការ​ច្បាប់​មួយ ដែល​បញ្ចូល​អនុសញ្ញា​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​ទៅក្នុង​ច្បាប់​ក្នុងស្រុក​។ លោកស្រី អះអាងថា​ច្បាប់​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន មិន​ត្រឹមតែ​មិនអាច​នាំ​អ្នកប្រព្រឹត្ត​បទល្មើស​មក​ទទួលខុស​ត្រូវ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​គ្មាន​តម្លាភាព​ទៀតផង​។ 
 
​យ៉ាងណាក៏ដោយ តាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក្រោយពី​តុលាការ​បានចេញ​ការបង្គាប់បញ្ជា​ពាក់ព័ន្ធ​នឹង​បញ្ហា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា Win Myint បានចេញ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​តំបន់ និង​យោធា​របស់ខ្លួន មិន​ឲ្យ​ដកចេញ ឬ​បំផ្លាញ​វត្ថុតាង​នានា​ពាក់ព័ន្ធ​ការចោទប្រកាន់​អំពើ​ប្រល័យពូជសាសន៍​ក្នុង​រដ្ឋ​រ៉ា​ខាន ខណៈ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការប្រព្រឹត្ត​អំពើ​ដែល​អាច​រង​ការចោទប្រកាន់​ពីបទ​ប្រល័យពូជសាសន៍ និង​ការរើសអើង​ទៀតផង​៕ 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com