ប៉ូលិសបង្ក្រាបកុប្បកម្ម បានបាញ់ប្លោងឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុករហុងកុងរាប់ពាន់នាក់ ដែលប្រមូលផ្ដុំគ្នាកាលពីថ្ងៃទី២៤ ខែឧសភា ធ្វើសកម្មភាពតវ៉ាប្រឆាំងច្បាប់សន្តិសុខដ៏ចម្រូងចម្រាសដែលស្នើដោយក្រុងប៉េកាំង ។ ជាការប៉ះទង្គិចតានតឹងបំផុតមួយក្នុងពេលច្រើនខែចុងក្រោយនេះ អាជ្ញាធរហុងកុង បានចាប់ឃាត់ខ្លួនមនុស្សយ៉ាងតិច១៨០នាក់។
ខណៈក្រុមអ្នកតវ៉ា និងប៉ូលិសហុងកុង បានប្រឈមមុខដាក់គ្នា រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បន្តប្រកាន់ជំហររឹងត្អឹងថា សំណើច្បាប់នេះ ត្រូវតែដាក់ចេញដោយគ្មានការពន្យារពេលឡើយ។ សំណើច្បាប់ដ៏ចម្រូងចម្រាសនេះ បើចូលជាធរមាន នឹងហាមឃាត់ការធ្វើវិទ្ធង្សនា ចលនាផ្ដាច់ខ្លួន អំពើភេរវកម្ម និងការហៅកម្លាំងបរទេសលូកដៃក្នុងកិច្ចការផ្ទៃក្នុងហុងកុង។ ទាំងនេះ គឺជាទង្វើដែលចាត់ទុកថាគំរាមដល់សន្តិសុខជាតិហុងកុង។
ជាមួយការព្រមានថា សំណើច្បាប់សន្តិសុខថ្មីនេះអាចបិទបញ្ចប់សេរីភាពរបស់ទីក្រុង មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានិងធ្វើសកម្មភាពប្រឆាំង ខណៈបាតុករពាក់ម៉ាស់ខ្លះលើកប៉ារ៉ាស់រាំងខ្ទប់រថយន្តប៉ូលិស។ ប្រាប់ទីភ្នាក់ងារ AFP បាតុករអាយុ២៥ឆ្នាំម្នាក់និយាយថា មនុស្សអាចត្រូវជាប់ទោសផ្នែកព្រហ្មទណ្ឌ ដោយគ្រាន់តែពួកគេនិយាយ ឬចុះផ្សាយប្រឆាំងរដ្ឋាភិបាល។ យុវជនរូបនេះសំដៅលើសំណើច្បាប់សន្តិសុខថ្មី។
ប៉ូលិសហុងកុងត្រូវបានដាក់ពង្រាយ ក្រោយក្រុមបាតុករពុំស្ដាប់តាមការព្រមានរបស់អាជ្ញាធរប្រឆាំងការកែនគ្នាដោយគ្មានការអនុញ្ញាត និងបំពានច្បាប់ទាក់ទង COVID-19 បច្ចុប្បន្នរបស់ក្រុងហុងកុង ដែលហាមប្រាមការប្រមូលផ្ដុំសាធារណៈលើស៨នាក់។ ប៉ូលិសអះអាងថា មនុស្សយ៉ាងតិច១៨០នាក់ ត្រូវឃាត់ខ្លួន។
ក្រោយហេតុការណ៍នេះ រដ្ឋាភិបាលហុងកុង បានចេញថ្កោលទោសទង្វើរបស់ក្រុមបាតុករដែលពួកគេចាត់ទុកថាខុសច្បាប់និងហិង្សាខ្លាំង ហើយបានសង្កត់ធ្ងន់ពីភាពចាំបាច់និងបន្ទាន់នៃសំណើច្បាប់សន្តិសុខជាតិ ដែលស្នើដោយចិន។ ទន្ទឹមនេះ ក្រុងហុងកុង ក៏ចោទប្រកាន់បាតុករថាបង្កររបួសស្នាមដល់មន្ត្រីប៉ូលិសយ៉ាងតិច៤នាក់ផងដែរ។
មែនទែនទៅ ក្តីកង្វល់ធំជុំវិញសំណើច្បាប់សន្តិសុខជាតិថ្មី គឺ វាអនុញ្ញាតឲ្យភ្នាក់ងារសន្តិសុខចិនធ្វើប្រតិបត្តិការទីក្រុងពាក់កណ្ដាលស្វយ័តហុងកុង ហើយពួកគេអាចបើកការបង្ក្រាបលើក្រុមអ្នករិះគន់ដែលប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ មេដឹកនាំក្រុងហុងកុង អ្នកស្រី ការី ឡាំ បានថ្លែងការពារសំណើច្បាប់ថ្មីដែលដាក់ស្នើដោយរដ្ឋាភិបាលចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ្នកស្រីបញ្ជាក់ថា វាជារឿងចាំបាច់ដើម្បីការពារសន្តិសុខជាតិនិងដាក់ទោសបាតុកម្មហិង្សាដែលមានចរិតនយោបាយ។
នេះពុំមែនជាសំណើច្បាប់ចម្រូងចម្រាសទីមួយដែលបង្កកង្វល់ពាក់ព័ន្ធនឹងការបាត់បង់សេរីភាពពលរដ្ឋ និងស្វយ័តភាពរបស់ទីក្រុងហុងកុង។ កាលពីឆ្នាំមុន បាតុកម្មទ្រង់ទ្រាយធំ បង្កឡើងដោយសំណើច្បាប់បត្យាប័នដែលចុងក្រោយត្រូវដកហូតវិញ។ បើចូលជាធរមាន សំណើច្បាប់អនុញ្ញាតធ្វើបត្យាប័នរវាងក្រុងប៉េកាំងនិងចិនដីគោក។ ចាប់តាំងពីបាតុកម្មនេះបានផ្ទុះឡើង មនុស្សជាង៨៣០០នាក់ត្រូវអាជ្ញាធរចាប់ឃាត់ខ្លួន ហើយ២០០នាក់ផ្សេងទៀត ត្រូវឃុំឃាំងអំឡុងការតវ៉ាទ្រង់ទ្រាយតូចនៅហាងទំនិញមួយនៅទិវាម្ដាយអន្តរជាតិ កាលពីដើមខែមុន។
សូមបញ្ជាក់ថា ទីក្រុង ហុងកុង ត្រូវបានប្រគល់ឲ្យចិនវិញក្នុងឆ្នាំ១៩៩៧ចេញពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស។ ក៏ប៉ុន្តែក្រោមកិច្ចព្រមព្រៀងពិសេស ហៅថា ច្បាប់មូលដ្ឋាន និង គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» សេរីភាពរបស់ក្រុងហុងកុងត្រូវធានាការពារ។ សិទ្ធិទាំងនោះ គឺមានដូចជា សេរីភាពនៃការបញ្ចេញមតិនិងប្រមូលផ្ដុំ ប្រព័ន្ធយុត្តិធម៌ឯករាជ្យ និងសិទ្ធិប្រជាធិបតេយ្យខ្លះ ហើយជាពិសេសសិទ្ធិសេរីភាពចេញពីការគ្រប់គ្រងរបស់ចិន លើកលែងកិច្ចការពារជាតិ និងការបរទេស ៕