និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា គ្រោង​ដំណើរការ​លេខ​កូដ​«១២០០»​នៅ​ខែមិថុនា ដើម្បី​ផ្តាច់​សេវា​កាត់លុយ​មិនដឹង​ខ្លួន​
ជាតិ
សង្គមជាតិ
និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា គ្រោង​ដំណើរការ​លេខ​កូដ​«១២០០»​នៅ​ខែមិថុនា ដើម្បី​ផ្តាច់​សេវា​កាត់លុយ​មិនដឹង​ខ្លួន​
25, May 2020 , 11:38 am        
រូបភាព
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា
​ភ្នំពេញ​៖​ក្រោយ​ពលរដ្ឋ​ត្អូញត្អែរ​អំពី​បញ្ហា​កាត់លុយ​តាម​ទូរ​សព្ទ ដោយ​ពុំ​ដឹង​មូលហេតុ ឬ​ការភ្ជាប់​សេវាកម្ម​ផ្សេងៗ​ដោយ​មិនដឹង​ខ្លួន និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​សហការ​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត ប្រើប្រាស់​លេខ​កូដ​រួមមួយ​គឺ​«១២០០» ដើម្បី​ផ្តាច់​ប្រព័ន្ធ​កាត់លុយ​ផ្សេងៗ​។ លេខ​កូដ​នេះ គ្រោង​នឹងដាក់​ដំណើរការ នៅ​ពាក់កណ្តាល​ខែមិថុនា​ខាងមុខនេះ​។

 
​លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ពិភាក្សា និង​សហការ​ជាមួយនឹង​បណ្តា​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​ទាំងអស់ ក្នុងការ​ព​ន្លឿ​ន​អនុវត្ត​លេខ​កូដ​១២០០​រួចរាល់​ហើយ ដែល​អាច​នឹងដាក់​ដំណើរ​នៅ​ពាក់កណ្តាល​ខែមិថុនា ដើម្បី​កាត់ផ្តាច់​ប្រព័ន្ធ​ផ្សេងៗ​ដែល​ពលរដ្ឋ​មិន​ពេញចិត្ត​។ 
 
​លោក អ៊ឹម វុត្ថា បានស្នើ​សុំ​ឲ្យ​ពលរដ្ឋ មុននឹង​ភ្ជាប់​ប្រព័ន្ធ​សេវា​ផ្សេងៗ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ដិតដល់ និង​ត្រូវ​យល់​អំពី​ទំហំ​កញ្ចប់​សេវា​ដែល​ខ្លួន​ទទួល និង​សុពលភាព លើ​ការប្រើប្រាស់​សេវាកម្ម និង​សេវា​បន្ថែម​របស់​បណ្ដា​ក្រុមហ៊ុន​នីមួយៗ ឱ្យបាន​ច្បាស់លាស់ នៅពេល​មានការ​ភ្ជាប់​គម្រោង​ផ្សេងៗ ដូចជា​ការផ្លាស់ប្តូ​រគ​ម្រោ​ង ការប្តូរ​លុយ សេវា Calltune សេវា​ឆ្នោត (Lottery) សេវា​ហោរាសាស្ដ្រ សេវា​ស្ដាប់ ចម្រៀង (Music) លទ្ធផល​ព័ត៌មាន​កីឡា (Sport) សេវា​ខ្ចីប្រាក់​មុន​ពី​ក្រុមហ៊ុន (Loan) និង​សេវា​ហៅ​ចេញ​ដោយ មិន​បញ្ចេញ​លេខ (Private Number)​ជាដើម​។ 
 
​បើតាម​លោក អ៊ឹម វុត្ថា និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​នឹង​បញ្ជាក់​ពី​បច្ចេកទេស​ដើម្បី​ចុច​ផ្តាច់​សេវា​ផ្សេងៗ​នៅពេលដែល​ក្រសួង​ដាក់​ដំណើរការ​ជា​ផ្លូវការ​។ លោក វុត្ថា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ពេល​ដាក់​ឲ្យ​ដំណើរការ គេ​នឹង​ណែនាំ​ឲ្យ​ប្រើ​របៀប​ម៉េច​។ បច្ចេកទេស​យើង​នឹងមិន​ធ្វើ​ឲ្យ​ស្មុគស្មាញ​ទេ គឺ​គ្រាន់តែ​ចុច​១២០០ គឺ​ផ្តាច់​តែម្តង​។ បច្ចេកទេស​នៃ​ការ​ចុច​របៀប​ម៉េចៗ គឺ​គេ​រៀបចំ​នៅក្នុង​បណ្តាញ​របស់គេ​រួចហើយ​»៕ 
 
 

Tag:
 លេខ​កូដ​
 ​បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com