ភ្នំពេញ៖ ក្រសួងបរិស្ថានកំពុងតាមរកជនល្មើស ដែលដាក់អន្ទាក់លើសត្វទន្សោង និងខ្ទីង ដើម្បីចាត់វិធានការតាមច្បាប់។ សត្វទន្សោង និងខ្ទីង នេះ បានងាប់ ដោយសារជាប់អន្ទាក់ និងសម្លាប់។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សចំណុចព្រៃជាំព្រលាន ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រទះឃើញបំណែកក្បាលសត្វខ្ទីងមួយកាលពីថ្ងៃទី២៣ ឧសភា ក្រោយពីព្រានសម្លាប់ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ដូច្នេះថា៖«យើងឃើញតែក្បាលខ្ទីងទេដែលបន្សល់ទុក យើងមិនដឹងថា វាងាប់ដោយសារជាប់អន្ទាក់ ឬក៏គេបាញ់ទេ។ យើងកំពុងតែស៊ើបរកស្លាកស្នាមជុំវិញបញ្ហាហ្នឹង»។
ចំណែកសត្វទន្សោងមួយក្បាលទៀត ត្រូវបានមន្ត្រីឧទ្យាន្តរក្ស និងសហគមន៍ព្រៃសង្ឃ រុក្ខវ័ន ប្រទះឃើញជាប់អន្ទាក់នៅក្នុងភូមិសាស្ត្រចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ឧសភា។ សត្វទន្សោងនោះ ត្រូវបានគេជួយសង្គ្រោះ ដោយសភាពរបស់វាមានស្នាមរបួស មានស្នាមហូរទឹកភ្នែក។ តែជាអកុសលសត្វទន្សោងនោះ ត្រូវបានស្លាប់ដោយសារមានរបួស និងទន់ខ្សោយកម្លាំង ហាក់បីជាអត់ចំណីអស់ជាច្រើនថ្ងៃ។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ។
សត្វទន្សោងមួយក្បាលដែលជាប់អន្ទាក់នៅក្នុងដែនជម្រកព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ រូបភាពពីក្រសួងបរិស្ថាន
បើតាមលោក នេត្រ ភក្ត្រា សាកសពសត្វទន្សោងនោះត្រូវបានសហគមន៍ព្រៃសង្ឈ វុក្ខវ័នដែលដឹកនាំដោយព្រះអង្គ ប៊ុន សាលួត បញ្ចុះនៅទីស្នាក់ការកណ្តាលរបស់ព្រះអង្គរួចហើយ។
ទាក់ទងនឹងសត្វខ្ទីង និងសត្វទន្សោងងាប់ ដោយសារជាប់អន្ទាក់ និងការសម្លាប់ពីសំណាកព្រានព្រៃនេះ ក្រសួងបរិស្ថានកំពុងតែតាមដានវែកញែករកជនល្មើស ដើម្បីយកមកដោះស្រាយតាមនិតីវិធីច្បាប់។
ក្បាលសត្វខ្ទីងដែលមន្ត្រីឧទ្យានុរក្សខេត្តព្រះវិហារ ប្រទះឃើញក្នុងអំឡុងពេលដើរចុះល្បាតក្នុងព្រៃនៅចន្លោះថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២០ រូបភាពពីក្រសួងបរិស្ថាន
គិតត្រឹមខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជា បាត់បង់សត្វទន្សោងចំនួន៤ក្បាលហើយ ដោយ១ក្បាលស្លាប់ដោយសារជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ ,២ក្បាលស្លាប់ដោយសារព្រានព្រៃបាញ់នៅក្នុងខេត្តមណ្ឌលគិរី និង១ក្បាលទៀតស្លាប់ដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ។ នេះបើតាមការបញ្ជាក់របស់ នេត្រ ភក្ត្រាដដែល។
ដើម្បីកុំឲ្យមានករណីបែបនេះកើតមានជាបន្តទៀត ក្រសួងបរិស្ថាន បានជំរុញភាគីពាក់ព័ន្ធនានា បន្តពង្រឹងការអនុវត្តច្បាប់តឹងរឹងបន្ថែមទៀត ដើម្បីប្រឆាំងនឹងក្រុមជនល្មើស និងប្រើវិធានការអប់រំផ្សព្វផ្សាយទាំងផ្នែកច្បាប់ និងសារសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីបណ្តុះស្មារតីឲ្យពលរដ្ឋស្រឡាញ់ និងការពារធនធានធម្មជាតិ និងសត្វព្រៃ។
សាកសពសត្វទន្សោងមួយក្បាលដែលងាប់ដោយសារជាប់អន្ទាក់នៅក្នុងដែនជម្រកព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ រូបភាពពីក្រសួងបរិស្ថាន
បើតាមរបាយការណ៍សិក្សារបស់ក្រសួងបរិស្ថាន សត្វទន្សោងមានវត្តមាននៅកម្ពុជាសរុប ចន្លោះពី ២៧០០ ទៅ ៥៧០០ ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាល៕