សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់ សន្យា​ផ្ដល់​ការគាំទ្រ​ចាំបាច់​ឲ្យ​ហុងកុង ក្រោយ​ផ្ទុះ​បាតុកម្ម​ជាថ្មី​
25, May 2020 , 2:22 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ប្រកាសផ្ដល់ការគាំទ្រដល់ហុងកុង។ រូបភាពវេបសាយប្រធានាធិបតីតៃវ៉ាន់
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ប្រកាសផ្ដល់ការគាំទ្រដល់ហុងកុង។ រូបភាពវេបសាយប្រធានាធិបតីតៃវ៉ាន់
​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen បានប្រកាស​ផ្ដល់​ការគាំទ្រ​ចាំបាច់​សម្រាប់​ប្រជាជន​ហុងកុង ក្រោយ​ការផ្ទុះ​ឡើងជា​ថ្មី​បាតុកម្ម​ប្រឆាំង​ចិន​។ បាតុកម្ម​នៅ​ថ្ងៃទី​២៤ បាន​កើតឡើង​ជាថ្មី​ដើម្បី​តវ៉ា​នឹង​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​មួយ​សម្រាប់​ហុងកុង​ពី​សំណាក់​ទីក្រុង​ប៉េកាំង ដែល​ក្រុមបាតុករ និង​អ្នកមាន​និន្នាការ​ទៅរក​ប្រជាធិបតេយ្យ​អះអាងថា ជាការ​បញ្ចប់​គោលការណ៍​ប្រទេសមួយ ប្រព័ន្ធ​ពីរ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។ លោកស្រី Tsai ក៏​រិះគន់​សេចក្ដីស្នើច្បាប់​មួយ​នេះដែរ​។​

 
​កម្លាំង​ប៉ូលិស​ហុងកុង បាន​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ​រាប់ពាន់នាក់​ដែល​តវ៉ា​នឹង​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវអនុវត្ត​នៅ​ហុងកុង​។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាញ់​ទឹក​ដើម្បី​បំបែកហ្វូង​បាតុករ ហើយ​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។ 
 
​តៃវ៉ាន់​ឯណោះ​វិញ ក៏​ចេញមុខ​គាំទ្រ​បាតុករ​ហុងកុង​។ ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ចាត់ទុក​ការស្នើ​បង្កើត​ច្បាប់​សន្តិសុខ​នេះ ជាការ​គំរាមកំហែង​សេរីភាព និង​ឯករាជ្យភាព​ប្រព័ន្ធយុត្តិធម៌​ហុងកុង​។ លោកស្រី Tsai បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ស្រី​នៅ​យប់​ថ្ងៃទី​២៤ ខែឧសភា ថា គ្រាប់កាំភ្លើង និង​ការ​បំបិទមាត់ មិនមែនជា​វិធីសាស្ត្រ​ដែល​ត្រូវ​ប្រើ​ដើម្បី​ដោះស្រាយ​នឹង​ការជំរុញ​ចិត្ត​របស់​ប្រជាជន​ហុងកុង​ដែល​ចង់បាន​សេរីភាព និង​ប្រជាធិបតេយ្យ​ឡើយ​។ 
 
«​ប្រឈមមុខ​នឹង​ការផ្លាស់ប្ដូរ​ស្ថានការណ៍​បែបនេះ សហគមន៍​អន្តរជាតិ​បាន​បោះដៃ​ផ្ដល់ជំនួយ​ឲ្យ​ហុងកុង​។ តៃវ៉ាន់​វិញ នឹង​កាន់តែ​ចេញមុខ​ខ្លាំង ហើយ​រុលទៅមុខ​ដើម្បី​ជួយ​គាំទ្រ និង​ផ្ដល់​ការ​ជំនួយ​ចាំបាច់​សម្រាប់​ហុងកុង​។​» នេះ​ជា​សំណេរ​របស់​លោកស្រី Tsai ដែល​ទើប​ស្បថ​ចូលកាន់​តំ​ណែ​អាណត្តិ​ទី​ពីរ​។ 
 
​តាមពិតទៅ កោះ​តៃវ៉ាន់​តែងមាន​សមានចិត្ត​ចំពោះ​បាតុករ​ហុងកុង​ដែល​រត់គេច​ពី​ការចាប់ខ្លួន ឬ​សុំ​សិទ្ធិ​ជ្រកកោន បើទោះជា​តៃវ៉ាន់​គ្មាន​ច្បាប់​បែប​នោះ​ក្ដី​។ ប៉ុន្តែ​ច្បាប់​តៃវ៉ាន់​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​គាំទ្រ​ដល់​ប្រជាជន​ហុងកុង​ដែល​សេរីភាព និង​សុវត្ថិភាព​របស់​ពួកគេ​រង​ការ​គំរាម​ដោយសារ​មូលហេតុ​នយោបាយ​។ ការគាំទ្រ​របស់​តៃវ៉ាន់​លើ​ពលរដ្ឋ​ហុងកុង​នាពេល​កន្លងមក ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​បន្ថែម​ពីលើ​កត្តា​ឯទៀត​។ 
 
​សូមបញ្ជាក់ថា សភា​ប្រជាជន​ចិន​ដែល​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​សប្ដាហ៍​មុន បាន​ពិភាក្សា​លើ​ដំណោះស្រាយ​មួយ​ដែល​នឹង​ឈានទៅដល់​ការបង្កើត​ច្បាប់​សន្តិសុខ​ជាតិ​មួយ​។ ច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវអនុវត្ត​នៅ​ហុងកុង​នេះ ជាការ​អនុវត្តតាម​មា​ត្រា​២៣ នៃ​ច្បាប់​មូលដ្ឋាន​ហុងកុង ដែល​ចែង​ពី​ការបង្កើត​ច្បាប់​មួយ​សំដៅ​ទប់ស្កាត់​ការ​បំបែក​រដ្ឋ និង​ការធ្វើ​វិ​ទ្ធ​ង​ស្សនា​ប្រឆាំង​រដ្ឋាភិបាល​មជ្ឈិម​។ ប៉ុន្តែ​ក្រុមបាតុករ និង​ប្រទេស​លោកខាងលិច​ហៅ​ផែនការ​នេះ ជាការ​បំបិទ​សេរីភាព​ដែលមាន​នៅ​ហុងកុង​និង​មិនមាន​សោះឡើយ​នៅ​ផ្នែក​ផ្សេងទៀត​ក្នុង​ទឹកដី​ចិន​។​
 
​នៅ​ឆ្នាំ​២០០៣ រដ្ឋាភិបាល​ហុងកុង ក៏​ធ្លាប់ធ្វើ​សេចក្ដីព្រាងច្បាប់​មួយ​លើ​សន្តិសុខ​ជាតិ​នេះដែរ ប៉ុន្តែ​ត្រូវ​ដកថយ​វិញ ក្រោយ​មហា​បាតុកម្ម​ដែលមាន​អ្នកចូលរួម​៥០​ម៉ឺន​នាក់​ឯណោះ​។ ពេលនេះ ទីក្រុង​ប៉េកាំង ត្រូវ​លូកដៃ​ចូល​ដោយផ្ទាល់​ដើម្បី​បង្កើត​ច្បាប់​នេះ​ឡើង ព្រោះ​បាតុកម្ម​វែង​អន្លាយ​កាលពី​ឆ្នាំ​២០១៩ ពិតជា​បង្ក​ការគំរាមកំហែង​សន្តិសុខ​ហុងកុង ក៏ដូចជា​អធិបតេយ្យ​របស់​ចិន​លើ​ទីក្រុង​រដ្ឋបាល​ពិសេស​មួយ​នេះ​៕  

Tag:
 ចិន​
  តៃវ៉ាន់​
  ហុងកុង​
© រក្សាសិទ្ធិដោយ thmeythmey.com