COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Bournemouth មាន​កីឡាករ​ម្នាក់​ឆ្លង COVID-19, សរុប​៨​នាក់​នៅ EPL
25, May 2020 , 3:37 pm        
រូបភាព
​កីឡាករ​ម្នាក់​របស់ AFC Bournemouth ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 និង​ជា​ករណី​ឆ្លង​ទី​៨​ចំណោម​កីឡាករ និង​បុគ្គលិក​ដែល​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ Premier League អំឡុងពេល​ចូល​ហ្វឹកហាត់​។ សមាជិក​ក្រុម Hull City នៃ​លី​គ​ទី​ពីរ​អង់គ្លេស​ពីរ​នាក់​ក៏​ឆ្លង​ជំងឺ​នេះដែរ​។​

 
​ក្លិប Bournemouth មិនបាន​បង្ហាញ​អត្តសញ្ញាណ​កីឡាករ​របស់ខ្លួន​ដែល​ឆ្លង​ជា​សាធារណៈ​ឡើយ ខណៈ​កីឡាករ​រូបនោះ ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​៧​ថ្ងៃ​។ ចំណែក Hull ក៏​មិនបាន​ប្រកាសថា​សមាជិក​របស់ខ្លួន​ពីររូប​នោះ​ថា​ជា​កីឡាករ ឬ​បុគ្គលិក​នោះទេ​។​
 
​ដោយឡែក កីឡាករ​ដែល​បង្ហា​ញល​ទ្ធ​ផល​តេស្ត​វិជ្ជមាន​ម្នាក់ទៀត​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​នេះដែរ​មិនត្រូវ​បង្ហាញ​ឲ្យ​ដឹង​សូម្បី​ជា​ឈ្មោះ​អ្នក​ឆ្លង និង​ឈ្មោះ​ក្លិប​។​
 
​ការធ្វើ​តេស្ត​ប​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩, ២១ និង​២២ ខែឧសភា​សប្តាហ៍​មុន​ទៅលើ​កីឡាករ និង​បុគ្គលិក​ក្លិប​ចំនួន ៩៩៦ នាក់​ដែល​កំពុង​ប្រកប​អាជីព និង​ធ្វើការ​ក្នុង​ក្របខណ្ឌ Premier League​។​
 
​ក្នុង​សេចក្តីប្រកាស ក្លិប Bournemouth បាន​និយាយថា​៖«​បន្ទាប់ពី​ការប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការវិលត្រឡប់​ទៅ​ការប្រកួត​លី​គជា​ថ្មី បទបញ្ជា​នៅ​កន្លែង​ហ្វឹកហាត់​របស់​ក្លិប​នៅតែ​ជាទី​តាំង​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​កីឡាករ​និង​បុគ្គលិក​ហើយ​យើង​នឹងត្រូវ​បន្តធ្វើ​តេស្ត​រក COVID-19 ចំនួន​ពីរដង​ក្នុង​មួយ​សប្តាហ៍​ជាប្រចាំ​»​។​
 
​មកទល់ពេលនេះ មាន​កីឡាករ​ចំនួន​៨​នាក់​ហើយ​ក្នុង​ក្របខណ្ឌ​លី​គ​បាល់ទាត់​កំពូល​អង់គ្លេស​ដែល​បាន​ឆ្លង COVID-19 អំឡុងពេល​ត្រឡប់​ចូល​ហ្វឹកហាត់​សាជាថ្មី បន្ទាប់ពី Watford និង Burnley បាន​រកឃើញ​អ្នក​ឆ្លង​៦​នាក់​មកហើយ​នោះ​។​
 
​សម្រាប់​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​លំដាប់​ទី​២​អង់គ្លេស Championship មាន​សមាជិក​ពីរ​នាក់​របស់​ក្រុង Hull City បាន​ឆ្លង COVID-19 បន្ទាប់ពី​ការធ្វើ​តេស្ត​ចំនួន​មនុស្ស​ចំនួន ១០១៤​នាក់ ដែល​មកពី​ក្លិប​ទាំង ២៤៕
 

Tag:
 COVID-19
  Premier League
  AFC Bournemouth
© រក្សាសិទ្ធិដោយ thmeythmey.com