ជាតិ
លោក Alain Daniel អ្នកសរសេរ​វចនានុក្រម​ខ្មែរ​-​បារាំង ទទួលមរណភាព​ក្នុង​អាយុ​៨០​ឆ្នាំ​
25, May 2020 , 4:10 pm        
រូបភាព
លោក Alain Daniel ពេលសម្ភាសជាមួយកាសែត Cambodge Soir កាលពីឆ្នាំ២០០០
លោក Alain Daniel ពេលសម្ភាសជាមួយកាសែត Cambodge Soir កាលពីឆ្នាំ២០០០
ដោយ: រួបរួម
លោក Alain Daniel អ្នកសរសេរ​វចនានុក្រម​ខ្មែរ​-​បារាំង និង​ជា​អតីត​យុវជន​ឆ្នើម​បារាំង​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្តេច​ព្រះវររាជ​បិតា ព្រះបាទ​នរោត្តម សីហនុ តាំងពី​សម័យ​សង្គមរាស្ត្រនិយម បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៣ ខែឧសភា ក្នុង​អាយុ​៨០​ឆ្នាំ នៅ​ប្រទេស​បារាំង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Pierre Gillette អតីត​និពន្ធ​នាយក​កាសែត​បារាំង Cambodge Soir​។​

 
​កើត​នៅ​ឆ្នាំ​១៩៤០ លោក Alain Daniel បានចាត់ទុក​កម្ពុជា ជា​ទឹកដី​នៃ​ក្តី​សុបិន​របស់ខ្លួន​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​សង្គមរាស្ត្រនិយម Realite Cambodgiennes លោក Alain បាន​ជាន់​ទឹកដី​កម្ពុជា​លើកដំបូង​នៅ​ខែកក្កដា ឆ្នាំ​១៩៦៥ ក្រោយ​លោក​បាន​ក្លាយជា​ម្ចាស់​ជើងឯក​កម្មវិធី​ទូរទស្សន៍ ORTF ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​អាកាសចរ Air France​។​
 
​ក្នុង​កម្មវិធី «Le Grand Voyage» លោក Alain ដែល​កាលណោះ​ជា​និស្សិត​បរិញ្ញាបត្រ​គណិតវិទ្យា បានជ្រើសរើស​យក​កម្ពុ​ជា ជា​ប្រធានបទ​ស្រាវជ្រាវ ដោយ​លោក​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខណៈ​លេខ​២ បាន​ទៅលើ​បេ​ក្ខ​នារី Francoise Chandernagor ដែល​បច្ចុប្បន្ន​ជា​អ្នកនិពន្ធ​ដ៏​ល្បីឈ្មោះ​ម្នាក់ បានជ្រើសរើស​យក​ប្រទេស​ជប៉ុន​។ ជ័យលាភី​ទាំង​ទទួលបាន​រង្វាន់​ដំណើរ​កម្សាន្ត​រយៈពេល​៣​សប្តាហ៍​នៅ​កម្ពុជា ដោយមាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល តំណាង​ទូត​បារាំង ផងដែរ​។​
 



​ដោយ​ក្តី​ស្រឡាញ់ និង​មានចំណេះដឹង​ភាសា​ខ្មែរ ដែល​លោក​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​ភាសា​និង​អរិយធម៌​បូព៌ា​ប្រទេស (INALCO) លោក Alain Daniel បានសម្រេច​វិល​មកកាន់​ប្រទេស​កម្ពុជា​ម្តងទៀត​នៅ​ខែតុលា ឆ្នាំ​១៩៦៥ ដដែល ដោយ​ធ្វើជា​គ្រូបង្រៀន​គណិតវិទ្យា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​។​
 
​តាម​ជីវប្រវត្តិ​ដែល​ចុះផ្សាយ​ក្នុង​កាសែត Cambodge Soir លោក Alain បាន​បន្តការងារ​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ រហូតដល់​ឆ្នាំ​១៩៦៧ ។ ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៦៩ លោក​ជាមាន​តួនាទី​ជា​ជំនាញការ​នៅ​ព្រះ​ខុទ្ទកាល័យ​ព្រះប្រមុខរដ្ឋ​។ លោក​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ព្រះរាជ​ស្នាដៃ​ភាពយន្ត​ព្រះប្រមុខរដ្ឋ ល្ខោន និង​ភាពយន្ត​អន្តរជាតិ​។​
 


​បន្ថែម​ពីលើ​នេះ លោក Alain បាន​ក្លាយជា​លេខា​ផ្ទាល់​ព្រះប្រមុខរដ្ឋ ហើយ​បាន​ដង្ហែរ​តាម​ព្រះអង្គ​ពី​ភ្នំពេញ ទៅ​ប៉ារីស រហូតដល់​មូ​ស្កូ ជាដើម​។ នៅ​ខែមេសា ឆ្នាំ​១៩៧០ លោក Alain បាន​បែក​ពី​សម្តេចព្រះ​វររាជបិតា នរោត្តម សីហនុ ក្រោយ​ការ​កាន់អំណាច​របស់​សេនាប្រមុខ លន់ នល់​។ 
 
​លោក​បាន​វិលត្រឡប់​ទៅ​បារាំង​វិញ ហើយ​លោក​ក៏បាន​ធ្វើជា​គ្រូបង្រៀន​នៅ​ក្រុង Kairouan ប្រទេស​ទុយ​នី​ស៊ី​ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក Alain ក៏មាន​ឱកាស​ជួប​ព្រះភ័ក្ត្រ​ព្រះ​បរម​រតន​កោដ្ឋ​ផងដែរ ខណៈដែល​ព្រះអង្គ​យ៉ាង​ទៅ​តំបន់ Alger​។​
 
​នៅ​សម័យ​ខ្មែរក្រហម លោក Alain រស់នៅក្នុង​ប្រទេស​បារាំង ហើយ​បន្ត​រៀន​យក​សញ្ញាបត្រ CAPES លើ​ជំនាញ​គណិតវិទ្យា និង​ថែមទាំង​បន្ត​សិក្សា​ភាសា​ខ្មែរ រហូតដល់​បាន​សរសេរ​និក្ខេប​បណ្ឌិត​ស្តីពី​ភាសា និង​អក្សរ​សី​ល្ប៍​ខ្មែរ​រឿង​រាមកេរ្តិ៍​។ 
 
​ក្រោយមក​លោក​បាន​បន្ត​រៀន​បង្រៀន​គណិតវិទ្យា​នៅ​វិទ្យាល័យ​មួយ​ក្នុង​ក្រុងប៉ារីស ហើយ​ចន្លោះ​ពី​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៨៦ លោក​ជា​គ្រូ​ផ្នែក​អរិយធម៌​អាស៊ីអាគ្នេយ៍ Inalco និង​ទទួលបន្ទុក​ការិយាល័យ​សិក្សា​ភាសា​ខ្មែរ​។ ពេលនោះ ហើយ​ដែល​លោក Alain បាន​បោះពុម្ពផ្សាយ​វចនានុក្រម​ខ្មែរ​-​បារាំង ដែល​បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​នៃ​ការសិក្សា​ស្រាវជ្រាវ​ដ៏​សំខាន់​របស់​និស្សិត​ខ្មែរ និង​បារាំង​។​
 
​នៅ​ឆ្នាំ​១៩៨៩ សាស្ត្រាចារ្យ Alain Daniel លោក​បាន​វិលត្រឡប់​មកកាន់​កម្ពុជា​សារជាថ្មី​តាម​ការអញ្ជើញ​របស់​វិទ្យាស្ថាន​សង្គមវិទ្យា​កម្ពុជា​។ ក្រោយមក លោក​តែងតែ​មកកាន់​ទឹកដី​នេះ ជា​បន្តបន្ទាប់ ហើយ​បាន​ក្លាយជា​គ្រូឧទ្ទេស​ផ្នែក​ភាសា និង​អក្សរ​សី​ល្បិ៍​ខ្មែរ រហូតដល់​ឆ្នាំ​២០០០ មុនពេល​លោក​ចូលនិវត្តន៍​។​
 


​នៅ​កម្ពុជា លោក Alain មាន​អនុស្សាវរីយ៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ជាមួយ​និស្សិត បញ្ញវន្ត​ខ្មែរ​តាមរយៈ​តួនាទី​ជា​ជំនាញការ​អន្តរជាតិ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​ការងារ​ស្រាវជ្រាវ​សិល្បៈ​បុរាណ ជាមួយ​សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
 
​លោក Pierre Gillette  អតីត​និពន្ធ​នាយក​កាសែត Cambodge Soir បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​បាន​ជួប​លោក Alain Daniel តាំងពី​៤ ទៅ​៥​ឆ្នាំមុន នៅពេលដែល​លោក​បានសម្រេច​ចិត្ត​ទៅ​រស់នៅ​ជា​អចិន្ត្រៃយ៍​ក្នុងប្រទេស​កំណើត​វិញ​។​
 
​នៅ​កម្ពុជា លោក Alain ធ្លាប់បាន​អះអាងថា លោក​មាន​ឱកាសល្អ​ជាច្រើន ដោយ​សម្តេចព្រះ​នរោត្តម សីហនុ ចាត់ទុក​លោក​ដូចជា​កូន ហើយ​ថែមទាំង​បាន​ចូល​ថ្វាយបង្គំ​គាល់​ព្រះអង្គ​ញឹកញាប់​។ ជាមួយគ្នានេះ លោក​មាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​អ្នកជំនាញ​ភាសា​ខ្មែរ​ជាច្រើន ដូចជា​លោក Francois Martini, Gaston Cambefort, ពៅ សាវ​រស់​, Bernard-Pierre Groslier និង George Cœdès ជាដើម​៕
 

 

Tag:
 Alain Daniel
  វចនានុក្រម
© រក្សាសិទ្ធិដោយ thmeythmey.com