COVID-19
អន្តរជាតិ
ប្រមុខការទូតចិន ហៅការប្ដឹងទារសំណងពីចិនរឿង COVID-19 ជាការយល់សប្តិកណ្ដាលថ្ងៃ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។រូបភាពAFP
× លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានរិះគន់ការប្ដឹងទារសំណងពីចិនទាក់ទងការរាលដាលជំងឺ COVID-19 ដោយចាត់ទុកការព្យាយាមនេះ ជាការយល់សប្តិ។ ទោះជាយ៉ាងណា ប្រមុខការទូតចិនរូបនេះ ក៏បញ្ជាក់ជំហរចិនម្ដងទៀតពីការបើកចំហដល់កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីរកប្រភពកូរ៉ូណាវីរុស ប៉ុន្តែការស៊ើបអង្កេតទាក់ទងនឹងវីរុសនោះ មិនត្រូវមានការជ្រៀតជ្រែកនយោបាយឡើយ។
ក្នុងសន្និសីទសារព័ត៌មានក្រៅកិច្ចប្រជុំសភាប្រជាជនចិន រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានបង្ហាញប្រតិកម្មទៅនឹងការទាមទារឲ្យចិនសងជំងឺចិត្តលើការបណ្ដែតបណ្ដោយឲ្យជំងឺ COVID-19 រាលដាលពេញពិភពលោក។ កាលពីខែមេសាកន្លងទៅ រដ្ឋMissouri របស់អាមេរិកបានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធអាមេរិក ដើម្បីទារសំណងខូចខាតសេដ្ឋកិច្ចពីចិន។
ដោយហៅរឿងក្តីបែបនេះគ្មានមូលដ្ឋានផ្លូវច្បាប់ ប្រមុខការទូតចិនរូបនេះ និយាយថា ចិន សព្វថ្ងៃនេះ មិនមែនចិនកាលពីមួយសតវត្សរ៍មុន ហើយពិភពលោកក៏អញ្ចឹងដែរ។ លោកបន្ថែមទៀតថា៖ «បើសិនជាអ្នកចង់បំពានទៅលើអធិបតេយ្យ និងកិត្តិយសរបស់ចិនតាមរយៈការប្តឹងផ្តល់គ្មានរើសមុខ និងជំរិតសម្ថិផលដែលប្រជាជនចិនខំប្រឹងប្រែងយ៉ាងលំបាក ខ្ញុំខ្លាចក្រែងតែវាជាការសុបិនកណ្ដាលថ្ងៃ និងធ្វើឲ្យបាក់មុខខ្លួនឯងប៉ុណ្ណោះ»។
ដ្បិតទាត់ចោលការទារសំណងក្ដី លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋផងនោះ នៅតែអះអាងពីជំហរចិនក្នុងការរកប្រភពវីរុសដែលបង្កទៅជា COVID-19 ។ «ចិន បើកចំហរក្នុងការធ្វើការជាមួយសហគមន៍វិទ្យាសាស្ត្រអន្តរជាតិ ដើម្បីស្វែងរកប្រភពនៃវីរុស»។ នេះជាការលើកឡើងរបស់លោក វ៉ាង ដែលបន្តថា ការស៊ើបអង្កេតនេះគួរណាស់តែមានលក្ខណៈវិជ្ជាជីវៈ យុត្តិធម៌ និងស្ថាបនា។
បើតាមប្រមុខការបរទេសចិន យុត្តិធម៌មានន័យថាដំណាក់កាលនៃការស៊ើបអង្កេត គឺគ្មានការជ្រៀតជ្រែកនយោបាយ គោរពអធិបតេយ្យភាពប្រទេសទាំងអស់ និងកាតប្រឆាំងទៅនឹងការសន្មត់មុនថាមានទោសជាស្រេច។
សន្និបាតរបស់អង្គការសុខភាពពិភពលោក(WHO) បានអនុម័តសេចក្តីសម្រេចចិត្ត នៅថ្ងៃទី១៩ ខែឧសភា ទាក់ទងទៅនឹងការពិនិត្យមើលការឆ្លើយតបរបស់ជំងឺ COVID-19 ជាលក្ខណៈអន្តរជាតិ ខណៈអាមេរិក និងអូស្ត្រាលីបានទាមទារឲ្យមានការស៊ើបអង្កេតប្រភពដើមនៃជំងឺឆ្លង។ WHO ក៏បានអំពាវនាវផងដែរ ឲ្យចិនអញ្ជើញខ្លួនចូលទៅស៊ើបអង្កេតផងដែរ។ ប៉ុន្តែចិនលើកសំណើថា ការពិនិត្យការឆ្លើយតបជាសកលនេះ គួរណាស់តែធ្វើឡើងក្រោយជំងឺរាតត្បាតបានចប់សព្វគ្រប់។
លោក វ៉ាង ក៏វាយបកទៅអ្នកនយោបាយអាមេរិកមួយចំនួន ដែលខិតខំប្រឌិតពាក្យចចាមអារ៉ាមពីប្រភពនៃមេរោគ និងក្នុងបំណងមើលងាយលាបពណ៌ចិន។ អ្នកនយោបាយនោះ គ្មាននរណាក្រៅពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ដែលតែងចោទចិនថាខ្វះតម្លាភាពលើបញ្ហាជំងឺនេះ និងលើកឡើងឥតល្ហែថាកូរ៉ូណាវីរ៉ុសមានប្រភពពីមន្ទីរពិសោធន៍កម្រិតខ្ពស់របស់ចិននៅវូហាន៕
Tag:
ចិន
អាមេរិក
COVID-19
វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com