រថយន្ត
អន្តរជាតិ
​ទោះ​ខាត​រាប់រយ​លាន​ដុល្លារ​លើ​គម្រោង​រថយន្ត​អគ្គិសនី តែ Sir James Dyson នៅតែមាន​ជាងគេ​នៅ​អង់គ្លេស​
25, May 2020 , 7:19 pm        
រូបភាព
ដោយ: ធីតា
​មហាសេដ្ឋី​អង់គ្លេស Sir James Dyson ស្ថាបនិក​ក្រុមហ៊ុន Dyson Ltd. បាន​អះអាងថា លោក​បាន​ខាត​បង់លុយ​ផ្ទាល់ខ្លួន​អស់​៥០០​លាន​ផោន (​ជាង​៦០០​លាន​ដុល្លារ​អាមេរិក​) លើ​ការបោះបង់ចោល​គម្រោងរ​ថ​យន្ត​អគ្គិសនី​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជំនួញ អ្នក​រចនា និង​កំពូល​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​វ័យ​៧៣​ឆ្នាំ​រូបនេះ នៅតែ​ឈរលើ​កំពូល​តរាង​អ្នកមាន​ជាងគេ​នៅ​អង់គ្លេស ដែល​កំណត់​ចំណាត់ថ្នាក​ដោយ​សារព័ត៌​មាន Sunday Times​។​


 
Sir James Dyson បាន​ជួល​បុគ្គលិក​៥០០​នាក់ ជាមួយនឹង​ការវិនិយោគ​២.៥​ពាន់​លាន​ផោន (​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក​) លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ជាពិសេស​គម្រោង​រថយន្ត​អគ្គិសនី​។ ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៤ តែ​លោក​បាន​ដកថយ​គម្រោងការ កាលពី​ខែតុលា ឆ្នាំ​២០១៩ ដោយ​លោក​គិតថា ទស្សនវិស័យ​ពង្រីក​សក្តានុពល​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ​២០២១ នឹងត្រូវ​ជួប​ឧបសគ្គ​ច្រើន​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ Sir James Dyson និង​ក្រុមគ្រួសារ​នៅតែ​ស្ថិតក្នុង​បញ្ជី​នាំមុខគេ​លើ​តារាង Sunday Times Rich List ប្រចាំឆ្នាំ​២០២០ ជាមួយនឹង​ទ្រព្យសម្បត្តិ​ប្រ​ម៉ាណ ១៦.២​ពាន់​លាន​ផោន (​ជិត​២០​ពាន់​លាន​ដុល្លារ​អាមេរិក​) ដោយមាន​កំណើន​ជាង​៤​ពាន់​លាន​ដុល្លារ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៩​។​
 
​ថ្លែងប្រាប់ Sunday Times លោក Dyson បាន​បញ្ជាក់ថា ការបោះបង់ចោល​គម្រោង​គឺជា​រឿង​មួយ​ដ៏​សោកស្តាយ ដោយ​បន្ថែមថា ជីវិត​មិនមាន​ភាពងាយស្រួល​នោះឡើយ ពោលគឺ​ត្រូវ​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល​។​
 
​ក្នុង​បញ្ជី Rich List នោះដែរ អតីត​កីឡាករ F1 Bernie Ecclestone ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៥៦ ដោយមាន​ទ្រព្យសម្បតិ្ត ២.៥​ពាន់​លាន​ផោន​។ អតីត​ប្រធាន​ក្រុម McLaren លោក Ron Dennis ស្ថិតនៅ​លេខ​៣០០ (៤៤៥​លាន​ផោន​) ខណៈ​ប្រធាន​ក្រុម Mercedes-AMG លោក Toto Wolff និង​ភរិយា ស្ថិតនៅ​លេខ​៣៦៩ (៣៥៥​លាន​ផោន​)​។​
 
​ម្ចាស់​ការពារ​តំណែង​ជើងឯក F1 Lewis Hamilton ស្ថិតនៅ​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ក្នុងចំណោម​កីឡាករ​អាជីព​នៅ​អង់គ្លេស ដោយមាន​ទ្រព្យសម្បត្តិ​ប្រមាណ​២២៤​លាន​ផោន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com