ជាតិ
បទសម្ភាសន៍
ក្មេងស្រីឆាប់មករដូវ, ស្ត្រីមិនបំបៅកូនដោយទឹកដោះ... ប្រឈមនឹងជំងឺមហារីកសុដន់ (ភាគ២)
× ភ្នំពេញ៖ ជំងឺមហារីកសុដន់ បានឈរលើលំដាប់ថ្នាក់លេខពីរនៅកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ បើតាមវេជ្ជបណ្ឌិតជំនាញសម្ភពនិងរោគស្ត្រី គីវ ពុធនីកា កត្តាដែលអាចប្រឈមនឹងជំងឺមហារីកសុដន់ មានដូចជា កត្តាតំណពូជ, ក្មេងស្រីឆាប់មករដូវក្រោមអាយុ១២ឆ្នាំ, ស្ត្រី អាយុ៥៥ឆ្នាំហើយនៅតែបន្តមករដូវ និងស្ត្រីមិនបំបៅកូនដោយទឹកដោះជាដើម។
ដើម្បីជ្រាបចច្បាស់សូមអញ្ជើញ លោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងវេជ្ជបណ្ឌិត គីវ ពុធនីកា ជំនាញសម្ភពនិងរោគស្ត្រី នៃមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ដូចទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ វេជ្ជបណ្ឌិត គីវ ពុធនីកា ជំនាញសម្ភពនិងរោគស្ត្រីបានលើកឡើងថា ជំងឺមហារីកសុដន់កើតឡើងដោយសារការបម្រែបម្រួលអរម៉ូនក្នុងខ្លួន ជាពិសេសនៅក្រពេញសុដន់។ ដូចនេះ ក្មេងស្រីដែលឆាប់មករដូវ និងស្ត្រីដែលមិនបំបៅកូនដោយទឹកដោះ នឹងធ្វើឱ្យអម៉ូនអូត្រូសែនកើនឡើង។
វេជ្ជបណ្ឌិតបានពន្យល់ដូច្នេះថា៖«ក្មេងស្រីដែលឆាប់មករដូវ ដោយសារអរម៉ូនអូត្រូសែន ហើយពេលដែលមានបញ្ហាអរម៉ូនអូត្រូសែនកើនឡើងខ្លាំង គឺជាផ្នែកមួយអាចមានជំងឺមហារីកសុដន់ទៅថ្ងៃមុខ។ រីឯ ក្រោយពីសម្រាលកូន ក្រពេញរបស់ស្ត្រីមានការកើនឡើង អីចឹងនៅពេលគាត់បំបៅដោះកូន នឹងធ្វើឱ្យក្រពេញដោះមិនឡើងខ្លាំង»។
វេជ្ជបណ្ឌិតជំនាញសម្ភពនិងរោគស្ត្រី បានបន្ថែមថា ស្ត្រីដែលធ្លាប់មានសាច់ញាតិកើតជំងឺមហារីកសុដន់ និងស្ត្រីអាយុ៥៦ឆ្នាំនៅតែបន្តមករដូវ ក៏អាចមានហានិភ័យប្រឈមនឹងជំងឺមហារីកសុដន់នេះដែរ។ ក្នុងករណីនេះ ស្ត្រីគួរតែទៅជួបគ្រូពេទ្យជំនាញ ដើម្បីតាមដានរកជំងឺមហារីកសុដន់៕
Tag:
មហារីកសុដន់
រដូវ
ស្ត្រី
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com