ជាតិ
សេដ្ឋកិច្ច
អេស៊ីលីដា ឈាន​ជើង​ចូល​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​
25, May 2020 , 10:39 pm        
រូបភាព
រូបភាព ផ្តល់ដោយCSX
រូបភាព ផ្តល់ដោយCSX
ភ្នំពេញ​៖ អេស៊ីលីដា​(ACLEDA Bank Plc) ជា​ក្រុមហ៊ុន​ទី​៦ និង​ជា​ធនាគារពាណិជ្ជ​ដំបូង​គេ ដែល​បាន​ចុះបញ្ជី និង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ ឬ​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​(CSX)​។ ធនាគារ​នេះ បានរួម​ចំណែក​អភិវឌ្ឍ​វិស័យ​មូលធន​នៅ​កម្ពុជា តាមរយៈ​ការ​កៀរគរ​ប្រភព​ហិរញ្ញវត្ថុ​នានា ពី​សំណាក់​អ្នកវិនិយោគ​ក្នុង​និង​ក្រៅ​ស្រុក ខណៈ​មាន​វិនិយោគិន​ចំនួន​២,៤៩៧​នាក់ បានធ្វើ​បរិវិសកម្ម​(​ទិញ​)​ភាគហ៊ុន​របស់​ធនាគា​រ​នេះ​។​

 
​បើតាម​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ក្នុងចំណោម​អ្នកទិញ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​ជិត​២,៥០០​នាក់​នេះ មាន​៩៥,៦​ភាគរយ ជា​អ្នកវិនិយោគ​ក្នុងស្រុក​។ ក្នុង​ពិធី​ចុះបញ្ជី និង​ដំណើរការ​ជា​ផ្លូវការ​នៃ​ការជួញដូរ​ភាគហ៊ុន​របស់​ធនាគារ នៅ​CSX នា​ព្រឹក​ថ្ងៃទី​២៥​ឧសភា ឆ្នាំ​២០២០ លោក អ៊ិន ចាន់នី បាន​និយាយថា  ការបោះ​ផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​របស់​ធនាគារ​អេស៊ីលីដា បាន​ទាក់ទាញ​វិនិយោគិន​រូបវន្តបុគ្គល​សញ្ជាតិ​ខ្មែរ​ជាច្រើន ចូលរួម​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នឹង​បន្ត​រួមចំណែក​អភិវឌ្ឍ​ផ្សារ​មូលធន​កម្ពុជា​។​
 
​ការចូល​ផ្សារភាគហ៊ុន​របស់​ធនា​គារ​អេស៊ីលីដា  គឺ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ប្រភព​ទុន​ដែលមាន​សំបូរបែប​ក្នុងការ​វិនិយោគ​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ិន ចាន់នី ដោយបាន​បន្តថា ប្រភព​ទុនវិនិយោគ​របស់​អេស៊ីលីដា​កន្លងមក គឺ​បាន​ពី​ការពឹង​ផ្អែកលើ​ភាគ​ហ៊ុ​និក​ជា​យុទ្ធសាស្ត្រ បាន​ពី​ការដាក់​បញ្ញើ​សន្សំ​ប្រាក់​ពី​អតិថិជន ក្នុងស្រុក និង​ពឹងផ្អែក​ពី​កម្ចី​បរទេស​។  លោក​បាន​និយាយ​ដូច្នេះ​៖«​អ្វីដែល​យើង​បើក​ទំព័រ​ថ្មី​នៅថ្ងៃនេះ​(២៥​ឧសភា​) គឺ​ដើម្បីឱ្យ​ធនាគារ​អេស៊ីលីដា​ហ្នឹង អាច​ប្រើប្រាស់​ប្រភព​ទុនវិនិយោគ​ពី​វិនិយោគិន​សាធារណៈ​ទាំងអស់​ដែល​ចង់​វិនិយោគ​ជាមួយ​ធនាគារ​យើង តាមរយៈ​ផ្សារ​ហ៊ុន​របស់​កម្ពុជា គឺ​CSX​នេះ​»​។​
 
​លោក អ៊ិន ចាន់នី បាន​បញ្ជាក់ថា​៖«​ការវិនិយោគ​លើ​វិស័យ​មូល​ប​ត្រ​នេះ គឺជា​រឿង​សំខាន់ ដែល​សេដ្ឋកិច្ចជាតិ​មួយ​ដែលមាន​ការលូតលាស់ និង​រីកចម្រើន​។ កន្លងមក​យើង​ពឹង​ផ្អែកលើ​ប្រភព​ទុន​បរទេស តែ​សព្វថ្ងៃនេះ​យើង​ពឹង​ផ្អែកទៅលើ​ប្រភព​ទុន​ដែលមាន​នៅក្នុង​ស្រុក ដែលមាន​រយៈពេល​យូរអង្វែង​[​តាមរយៈ​វិស័យ​មូល​ប​ត្រ​]»​។​
 


លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា កំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន។រូបថត៖ CSX

​ជាមួយគ្នានេះ លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា​(CSX) បាន​លើកឡើងថា ការចុះបញ្ជី​និង​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​របស់​ធនាគារ​អេស៊ីលីដា​នេះ បាន​ធ្វើជា​គំរូ​ដ៏​ល្អ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ជាច្រើន​ទៀត នៃ​ភាព​រីកចម្រើន​ក្នុង​វិស័យ​មូលធន​កម្ពុជា​។ លោក​បាន​អះអាងថា វិស័យ​មូល​ប​ត្រ និង​វិស័យ​វិស័យ​ធនាគារ គឺជា​វិស័យ​ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។ 
 
​លោក  ហុង សុ​ហួរ បាន​និយាយ​យ៉ាង​ដូច្នេះ​៖«​នៅពេលណា​ដែល​ពួកគាត់​[​វិនិយោគិន​] អាច​ប្រើប្រាស់​ប្រភព​ទុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ​បាន មានន័យថា​បង្កើន​ដើម​ជា​ភាគហ៊ុន​ធំ​ជាង​មុន គឺ​ពួកគាត់​ទៅ​ខ្ចីលុយ​ពី​ធនាគារ ក៏បាន​ងាយ​ជាង​មុន និង​បាន​កាន់តែ​ច្រើនជាង​មុន  ហើយ​ការប្រាក់​អាច​បាន​ទាប​ជាង​មុន ផងដែរ​»​។ គិត​ត្រឹម​ថ្ងៃទី​២៥​ឧសភា​នេះ មាន​ក្រុមហ៊ុន​ចំនួន​១២ បាន​ចុះបញ្ជី​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​។ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​៦ និង​ក្រុមហ៊ុន​លក់​មូល​ប​ត្រ​បំណុល​ចំនួន​៦​។ បើតាម​លោក ហុង សុ​ហួរ ក្រុមហ៊ុន​ទាំង​១២​នេះ បាន​ប្រមូល​ទុន​ពី​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ប្រមាណ​ជា​២៤០​លាន​ដុល្លារ​។​
 

លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនមូលបត្រកម្ពុជា(CSX) កំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន។ រូបថត៖CSX។

​ចំពោះ​ការចុះបញ្ជី​បោះផ្សាយ​លក់​ភាគហ៊ុន​សរុប​មាន​ជាង​៤៣៣​លាន​ហ៊ុន របស់​ធនាគារ​អេស៊ីលីដា​ដែល​តម្លៃ​១៦,២០០​រៀល​ក្នុង​មួយ​ឯក​តា  និង​មាន​មូលធននីយកម្ម​ទីផ្សារ​ប្រមាណ​១,៧៥​ពាន់​ដុល្លារ​នោះ មិន​ត្រឹម​ជា​គំរូ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា​នោះទេ តែ​វា​ការជំរុញ​ដល់​ស្ថាន​ហិរញ្ញវត្ថុ​ទាំងនេះ ចូលក្នុង​ការប្រមូល​ទុន​ពី​ផ្សា​រមូល​ប​ត្រ​ឱ្យ​កាន់តែ​ជឿជាក់ ក្នុងការ​ចាប់យក​ឱកាស​កៀរគរ​ទុន​សម្រាប់​ការរីកចម្រើន​អាជីវកម្ម​របស់ខ្លួន​។ នេះ​ជាការ​លើកឡើង​របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​គណៈអធិបតី​ភាព​នៃ​ការចុះបញ្ជី​ជា​ផ្លូវ​របស់​ធនាគារ​អេស៊ីលីដា​។ 
 
​លោក បាន​បន្តថា ផ្សា​រមូល​ប​ត្រ​កម្ពុជា កំពុង​ក្លាយជា​ច្រក​ហិរញ្ញប្បទាន​មួយ​សម្រាប់​ក្រុមហ៊ុន និង​សហគ្រាស​ដែល​ត្រូវការ​ទុនវិនិយោគ​សម្រាប់​ជួយ​គាំទ្រ​ដល់​ការរីកចម្រើន​វិស័យ​ឯកជន និង​ក៏​កំពុងផ្តល់​បរិយាកាស​ដែល​អំណោយផល​ល្អ ដល់​អ្នកចូលរួម​ទីផ្សារ​ទាំងឡាយ ក្នុង​ការជំរុញឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន​៕
 

Tag:
 ភាគហ៊ុន​
  CSX
  SECC
  ACLEDA
© រក្សាសិទ្ធិដោយ thmeythmey.com