អន្តរជាតិ
ចិន​និង​អាមេរិក ព្រមាន​គ្នា​ទៅមក​ទៅវិញ​ពាក់ព័ន្ធ​សេចក្ដីស្នើច្បាប់​ស​ន្តិ​សុខ​ជាតិ​នៅ​ហុងកុង​
25, May 2020 , 10:59 pm        
រូបភាព
បាតុករហុងកុងលើកទង់ជាតិអាមេរិកអំឡុងពេលបាតុកម្មមួយ។ រូបភាព AFP
បាតុករហុងកុងលើកទង់ជាតិអាមេរិកអំឡុងពេលបាតុកម្មមួយ។ រូបភាព AFP
​សេចក្ដីស្នើច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង ក្លាយជា​កម្មវត្ថុ​ថ្មី​មួយទៀត​ដែល​នាំ​ឲ្យ​អាមេរិក និង​ចិន​ទាស់សម្ដី​គ្នា បន្ថែម​ពីលើ​វិបត្តិ COVID-19 ដែលជា​ប្រធានបទ​ក្ដៅ​បច្ចុប្បន្ន​។ ទីប្រឹក្សា​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​បញ្ចប់​ឋានៈ​ពិសេស​របស់​ទីក្រុង​ហុងកុង​ក្នុង​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​អាមេរិក បើ​ប៉េកាំង​ចេញ​ច្បាប់​បែបនេះ​មែន​។ ជាការ​ឆ្លើយតប ក្រសួងការបរទេស​ចិន​អះអាងថា ចិន​នឹង​វាយបក​វិញ​បើ​ផលប្រយោជន៍​ខ្លួន​រង​ការបំពាន​។​

 
​គ្រាន់តែ​សេចក្ដីសម្រេច​មួយ​ដែល​បើកផ្លូវ​ដល់​ការបង្កើត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ការអនុវត្ត​នៅ​ហុងកុង​ចូល​ដល់ដៃ​សភា​ប្រជាជន​ចិន អាមេរិក ក៏​ចាប់​ផ្ដើមនិយាយ​វាយប្រហារ​រដ្ឋាភិបាល​ប៉េកាំង​មិន​សំចៃមាត់​។ នៅ​ថ្ងៃទី​២២ ខែឧសភា រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ហៅ​គម្រោង​របស់​ចិន ជាការ​សម្លាប់​ស្វ័យភាព​កម្រិត​ខ្ពស់​ដែល​ប៉េកាំង​សន្យា​ផ្ដល់​ឲ្យ​ហុងកុង​ពេល​ទទួលយក​ដែនដី​នេះ​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧ ។​
 
​ដល់​ថ្ងៃទី​២៤ ខែឧសភា លោក Robert O'Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​បន្ត​វាយប្រហារ​ចិន​ធ្ងន់ៗ ហើយ​គំរាម​ចាត់វិធានការ​ទៅទៀត បើ​ចិន​បន្ត​គម្រោង​របស់ខ្លួន​។ ក្នុង​កិច្ច​សម្ភាស​ក្នុង​កម្មវិធី Face the Nation របស់​ទូរទស្សន៍ CBS លោក O'Brien និយាយថា ចិន​កំពុង​បំពាន​សន្ធិសញ្ញា​ឆ្នាំ​១៩៨៤ ដែល​ក្នុងនោះ​ខ្លួន​សន្យា​រក្សា​សេរីភាព និង​សិទ្ធិ​ស្វ័យភាព​របស់​ហុងកុង​។ 
 
«​ខ្ញុំ​មើលមិនឃើញ​ថា ហុងកុង​នឹង​នៅតែ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​អាស៊ី​ឡើយ ប្រសិនបើ​បក្ស​កុម្មុយនីស្ត​ចិន​បន្ត​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ ហើយ​ក្ដោប​ក្ដាប់​ហុងកុង​។​» នេះ​ជាការ​ព្រមាន​របស់​ទីប្រឹក្សា​លោក ត្រាំ ក្នុងន័យ​គំរាម​ដក​ឋានៈ​ដៃគូ​ពាណិជ្ជកម្ម​ពិសេស​ពី​ហុងកុង​។ 
 
​ទីក្រុង​ប៉េកាំង បង្ហាញ​ការមិនសប្បាយចិត្ត​យ៉ាងខ្លាំង​នឹង​ការលើកឡើង​របស់​មន្ត្រី​សេត​វិមាន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Zhao Lijian និយាយថា ចិន​បានដាក់​លិខិតតវ៉ា​ទៅកាន់​អាមេរិក​ចំពោះ​ការលើកឡើង​របស់លោក O'Brien ពាក់ព័ន្ធ​ស្ថានការណ៍​ក្រុង​ហុងកុង​។ លោក Zhao ថែមទាំង​ចោទ​វ៉ាស៊ីនតោន​ថា កំពុង​ព្យាយាម​បង្កបញ្ហា​ដល់​សន្តិសុខ​ចិន​ផងដែរ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៥ ខែឧសភា មន្ត្រី​ក្រសួង​ការ​បរ​ទេ​ចិន​ដដែល​នេះ ក៏​ព្រមាន​អាមេរិក​វិញ​ថា ចិន​នឹង​ចាត់វិធានការ​តប​វិញ​មិន​ខាន បើ​អាមេរិក​ប៉ះពាល់​ប្រយោជន៍​ចិន​ដោយសារ​បញ្ហា​ហុងកុង​នោះ​។ 
 
​បាតុកម្ម​បាន​ផ្ទុះ​នៅ​ចុង​សប្ដាហ៍​មុននេះ ដោយមាន​ការចូលរួម​ពី​មនុស្ស​រាប់ពាន់នាក់​។ យ៉ាងណាមិញ ទីក្រុង​ប៉េកាំង តាំងចិត្ត​រួចហើយ​ពី​ការបង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ដែល​អនុវត្ត​នៅ​ហុងកុង ហើយ​ដែល​ស្របតាម​មាត្រា​២៣ នៃ​ច្បាប់​មូលដ្ឋាន​ហុងកុង​ផង​នោះ​។ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៤ ខែឧសភា អះអាងថា ចិន​នឹងមិន​ពន្យារពេល​អនុម័ត​សេចក្ដីព្រាងច្បាប់​មួយ​នេះឡើយ ព្រោះ​សន្តិសុខ​នៅ​ហុងកុង​កំពុង​ជួប​បញ្ហា​៕ 

Tag:
 អាមេរិក​
  ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com