រថយន្ត
អន្តរជាតិ
រោងចក្រយានយន្តជាង៨០ភាគរយនៅកូរ៉េខាងត្បូងដំណើរការឡើងវិញ ក្រោយ COVID-19 ធូរស្បើយ
× ក្រុមហ៊ុន និងបណ្តារោងចក្រយានយន្តជាង៨០ភាគរយនៅកូរ៉េខាងត្បូង បានបើកប្រតិបត្តិការផលិតឡើងវិញ បន្ទាប់ពីការរឹតត្បិតដោយសារ COVID-19 ត្រូវបានកាត់បន្ថយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃចន្ទ។
កាលពីថ្ងៃទី១៩ ខែឧសភា រោងចក្រដែលប្រតិបត្តិការឡើងវិញ ឡើងដល់៨៤ភាគរយ ពោលគឺមានចំនួន២៣២រោងចក្រ។ រីឯរោងចក្ររថយន្តធំៗចំនួន១២នៅកូរ៉េខាងត្បូង បានចាប់ផ្តើមប្រតិបត្តិការឡើងវិញ ប៉ុន្តែមិនទាន់ដំណើរការទាំងស្រុងនោះឡើយ។ សមាគមសហគ្រាសយានយន្តកូរ៉េ (KAMA) បានលើកឡើងថា៖ «យើងត្រូវការពេលយូរបន្តិចដើម្បីឲ្យបានដំណើរការដូចដើម ដោយផ្អែកតាមស្ថានភាព COVID-19»។
ចាប់ពីពាក់កណ្តាលខែមេសា មក បណ្តាប្រទេសដែលដំណើរការរោងចក្រយានយន្តឡើងវិញ មានដូចជា កូរ៉េខាងត្បូង ជប៉ុន ចិន និងបណ្តាប្រទេសអាស៊ីខាងកើត រីឯបណ្តាប្រទេសអឺរ៉ុបដូចជា អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ ចាប់ផ្តើមនៅចុងខែមេសា ខណៈសហរដ្ឋអាមេរិក និងឥណ្ឌា ដំណើរការនៅដើមខែឧសភា។
ពីខែមករា ដល់ខែមេសា ក្រុមហ៊ុន Hyundai និង Kia លក់បានរថយន្តជាង១.៨លានគ្រឿង ដោយថាចុះ១៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ Hyundai មានរោងចក្រ១០នៅបរទេស ក្នុងនោះ៤នៅចិន ១នៅអាមេរិក ឆេក តួកគី រុស្ស៊ី ឥណ្ឌា និងប្រេស៊ីល រីឯ Kia មានរោងចក្រ៣នៅចិន និង១នៅអាមេរិក ស្លូវ៉ាគី ម៉ិកស៊ិក និងឥណ្ឌា៕
© រក្សាសិទ្ធិដោយ thmeythmey.com