រថយន្ត
អន្តរជាតិ
រោងចក្រ​យានយន្ត​ជាង​៨០​ភាគរយ​នៅ​កូរ៉េខាងត្បូង​ដំណើរការ​ឡើងវិញ ក្រោយ COVID-19 ធូរស្បើយ​
25, May 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន និង​បណ្តា​រោងចក្រ​យានយន្ត​ជាង​៨០​ភាគរយ​នៅ​កូរ៉េខាងត្បូង បាន​បើក​ប្រតិបត្តិ​ការផលិត​ឡើងវិញ បន្ទាប់ពី​ការ​រឹតត្បិត​ដោយសារ COVID-19 ត្រូវបាន​កាត់បន្ថយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នា​ថ្ងៃ​ចន្ទ​។​

 
​កាលពី​ថ្ងៃទី​១៩ ខែឧសភា រោងចក្រ​ដែល​ប្រតិបត្តិការ​ឡើងវិញ ឡើងដល់​៨៤​ភាគរយ ពោល​គឺមាន​ចំនួន​២៣២​រោងចក្រ​។ រីឯ​រោងចក្រ​រថយន្ត​ធំៗ​ចំនួន​១២​នៅ​កូរ៉េខាងត្បូង បានចាប់ផ្តើម​ប្រតិបត្តិការ​ឡើងវិញ ប៉ុន្តែ​មិនទាន់​ដំណើរការ​ទាំងស្រុង​នោះឡើយ​។ សមាគម​សហគ្រាស​យានយន្ត​កូរ៉េ (KAMA) បាន​លើកឡើងថា​៖ «​យើង​ត្រូវការ​ពេល​យូរ​បន្តិច​ដើម្បី​ឲ្យ​បាន​ដំណើរការ​ដូចដើម ដោយ​ផ្អែក​តាម​ស្ថានភាព COVID-19»​។​
 
​ចាប់ពី​ពាក់កណ្តាល​ខែមេសា មក បណ្តា​ប្រទេស​ដែល​ដំណើរការ​រោងចក្រ​យានយន្ត​ឡើងវិញ មានដូចជា កូរ៉េខាងត្បូង ជប៉ុន ចិន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត រីឯ​បណ្តា​ប្រទេស​អឺរ៉ុប​ដូចជា អាល្លឺម៉ង់ បារាំង និង​អេ​ស្ប៉ា​ញ ចាប់ផ្តើម​នៅ​ចុងខែ​មេសា ខណៈ​សហរដ្ឋអាមេរិក និង​ឥណ្ឌា ដំណើរការ​នៅ​ដើមខែ​ឧសភា​។​
 
​ពី​ខែមករា ដល់​ខែមេសា ក្រុមហ៊ុន Hyundai និង Kia លក់បាន​រថយន្ត​ជាង​១.៨​លាន​គ្រឿង ដោយ​ថា​ចុះ​១៩​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។ Hyundai មាន​រោងចក្រ​១០​នៅ​បរទេស ក្នុងនោះ​៤​នៅ​ចិន ១​នៅ​អាមេរិក ឆេ​ក តួ​ក​គី រុស្ស៊ី ឥណ្ឌា និង​ប្រេ​ស៊ី​ល រីឯ Kia មាន​រោងចក្រ​៣​នៅ​ចិន និង​១​នៅ​អាមេរិក ស្លូ​វ៉ា​គី ម៉ិ​ក​ស៊ិ​ក និង​ឥណ្ឌា​៕

© រក្សាសិទ្ធិដោយ thmeythmey.com