ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានផ្ដាំឱ្យធនាគារ និងមីក្រូហិរញ្ញទាំងអស់ បន្តដោះស្រាយបញ្ហាអតិថិជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដោយភាពទន់ភ្លន់ និងអនុគ្រោះ។
លោក ជា ចាន់តូ បានរំឭកថា ធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវអនុវត្តវិធានការនានារបស់ធនាគារជាតិកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគតឱ្យបានត្រឹមត្រូវ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ថ្លែងក្នុងសិក្ខាសាលានៅសាលាខេត្តបន្ទាយមានជ័យ ស្ដីពីវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងស្ថាភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ឧសភា លោក ជា ចាន់តូ បានសង្កត់ធ្ងន់ថា៖«គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ»។
ទន្ទឹមនឹងនេះ លោក ជា ចាន់តូ ក៏ស្នើឱ្យអតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។ បើតាមលោក ជា ចាន់តូ កាលៈទេសៈនៃជំងឺកូវីដ១៩នេះ មិនត្រូវឱ្យមានការញុះញង់ណាមួយ ដែលបង្កចលាចលសង្គម នាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុឡើយ។
«អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា »។ នេះជាការលើកឡើងរបស់ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
របាយការណ៍សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលចេញផ្សាយលើហ្វេសប៊ុកនៅថ្ងៃទី២០ ឧសភា បានបញ្ជាក់ថា មានអតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ចំនួន ១៥៥, ៨១២នាក់ បានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រៀបចំឥណទាន (កម្ចី)ឡើងវិញ។ ក្នុងនោះអតិថជនចំនួន ១៣៥ ,៨២៩នាក់ ជិត៩០ភាគរយ ទទួលបានការអនុម័តរៀបចំឥណទានឡើងវិញ ដែលមានទំហំទឹកប្រាក់សរុប ៥៨៣, ៧០០, ៨៥១ ដុល្លាអាមេរិក។ ដោយឡែកអតិថិជនជិត ២ម៉ឺននាក់ ជាង១០ភាគរយ មិនបានទទួលការរៀបចំឥណទានឡើងវិញ ដោយសារគាត់មិនមានលក្ខខណ្ឌគ្រប់គ្រាន់។
តាមរយៈឥណទានរៀបចំឡើងវិញនេះ ធនាគារជាតិ បានកំណត់លក្ខខណ្ឌមួយចំនួន ដើម្បីសម្រាលបន្ទុកពលរដ្ឋ ដែលប្រឈមមុខនឹងបញ្ហាជំងឺCOVID-19។ លក្ខខណ្ឌអនុគ្រោះទាំងនោះរួមមាន១៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន,២៖ ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ៣៖ ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់,៤៖ ការពន្យារឥណទានប្រតិទាន,៥៖ ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន, ៦៖ ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន, ៧៖ ការលើកលែង ឬបន្ថយទ្រព្យធានា ,៨៖ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និងចុងក្រោយការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
គិតត្រឹមត្រីមាសទីមួយ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៃសមាជិករបស់សមាគម បានបញ្ចេញប្រាក់កម្ចីដល់ប្រជាជនកម្ពុជា ជាង២,២លាននាក់ ដែលមានទំហំឥណទានសរុប ជាង៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានជាង២,៨លាននាក់ និងមានប្រាក់បញ្ញើសរុប ជាង១៤ទ្រីលានរៀល (៣,៦ប៊ីលានដុល្លា) ៕