ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Sam-A Gaiyanghadao ឆ្លើយតប​ទៅកាន់ Josh Tonna បើ​ចង់​ដណ្ដើម​ខ្សែក្រវាត់
25, May 2020 , 11:59 pm        
រូបភាព
Sam-A Gaiyanghadao ដែល​គ្រង​ខ្សែក្រវាត់ ONE World Champion  រហូតដល់​ពីរ​ត្រូវបាន​គេ​ដាក់​ក្រសែភ្នែក​មិន​ស្ទើរ​ទេ​ក្នុងការ​ឡើងមក​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​នា​ថ្ងៃមុខ​។ Sam-A គឺជា​កីឡាករ​ចំណាត់ថ្នាក់​កំពូល​ពី​កម្មវិធី ONE Super Series Muay Thai និង kickboxing ក្នុង​ទម្ងន់ strawweight បន្ទាប់ពី ONE Championship ចេញ​ចំណាត់ថ្នាក់​ផ្លូវការ​លើកដំបូង​នាពេល​ថ្មីៗ​នេះ​។



 
 
​វីរបុរស Sam-A ដែល​គ្រង​ខ្សែក្រវាត់ ONE Strawweight Kickboxing World Title កាល​ខែ ធ្នូ ឆ្នាំមុន និង ឈ្នះ​ខ្សែក្រវាត់ ONE Strawweight Muay Thai World Title កាល​ខែ កុម្ភៈ នា​ដើម​ឆ្នាំនេះ ត្រូវបានគេទទួលស្គាល់​ជា​ស្ដេច​ប្រដាល់​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​ខាងលើ​។ នាពេល​បច្ចុប្បន្ននេះ​កីឡាករ​ថៃ​ដែល​ហ្វឹកហាត់​នៅ​សិង្ហ​បុរី មិនទាន់​ដាក់​គោលដៅ​ឡើង​ការពារ​ខ្សែក្រវាត់​ជាមួយ​កីឡាករ​រូប​ណា​នោះទេ ប៉ុន្តែ  Josh Tonna ឬ គេ​ស្គាល់​ថា “Timebomb”  ត្រូវបាន​គេ​ជឿថា​ជា​កីឡាករ​សក្ដិសម​ឡើងមក​ដណ្ដើម​ខ្សែក្រវាត់​មុនគេ​ពេល​សង្វៀន​ដំណើរការ​ឡើងវិញ​។ 
 
Tonna គឺជា​កីឡាករ​ហ្វឹកហាត់​នៅ​ក្លិប MuayU នា​ក្រុង Canberra នៃ ប្រទេស​អូស្ត្រាលី ហើយ​រូបគេ​បានធ្វើ​ព្យុះភ្លៀង​យ៉ាងខ្លាំង​ក្លា​ដោយ​ផ្ដួល​ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion​ច្រើន​សម័យកាល Andy “The Punisher” Howson ដោយ​ប្រើ​ក្បាច់​អុក​ជង្គង់​ចំក្បាល​នៅក្នុង​កម្មវិធី ONE: WARRIOR’S CODE​។ 
 
​ក្នុងការ​ប្រកួត​កន្លង​មក Sam-A ក៏​សម្ដែង​ការ​សាទរ​ចំពោះ Tonna ថែមទាំង​សរសើរ​ទៀតផង​។ កីឡាករ​ថៃ​មកពី​ក្លិប Evolve បាន​ថ្លែងថា ៖«​ខ្ញុំ​បាន​ទស្សនា​វីដេអូ​ពេល​គេ​ប្រកួត​ជាមួយនឹង Andy​។ ខ្ញុំ​មិន​មិន​ផ្ដោតលើ​បច្ចេកទេស​របស់គេ​ច្រើនពេក​ទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា​រូបគេ​ជា​កីឡាករ​ល្អ​មួយរូប​»​។ 


 Sam-A-Gaiyanghadao-defeats-Wang-Junguang-at-ONE-MARK-OF-GREATNESS

​ការ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​របស់គេ​បានធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​អូស្ត្រាលី​រូបនេះ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៤ នៃ​ទម្ងន់ strawweight ក្នុងការ​ប្រកួត kickboxing និង ស្ថិតនៅ​លំដាប់​កំពូល​មួយ​ក្នុង​ទម្ងន់ strawweight លើ​ការប្រកួត​មួយ​ថៃ​។​
 
​ក្នុង​ជ័យជម្នះ​ដ៏​សំខាន់​នេះ “Timebomb” បាន​គិតថា​រូបគេ​ជា​គូប្រជែង​ដ៏​ត្រឹមត្រូវ​សម្រាប់ Sam-A ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ World Championship​។ វីរបុរស​របស់​ថៃ​វ័យ​៣៦​ឆ្នាំ ក៏​ស្វាគមន៍​ដល់ Tonna ចំពោះ​ការប្រកួត​ទាំង​មួយ​ថៃ និង Kickboxing ផងដែរ​។ 
 
Sam-A ពន្យល់ថា ៖«​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា​ខ្ញុំ​មានបទពិសោធន៍​ច្រើនជាង​រូបគេ​ក្នុងការ​ប្រកួត​ជាង ៤០០ លើក ។ ដូច្នេះ​បទពិសោធន៍​របស់ខ្ញុំ​គឺជា​ផលចំណេញ​មួយ​។ ក្រៅពីនោះ​បច្ចេកទេស និង ល្បឿន​ក៏មាន​ប្រៀប​ដែរ​។ ខ្ញុំ​បាន​ប្រកួត​ទល់​គូប្រជែង​ខ្លាំងៗ​ជាច្រើន​ក្នុង​អាជីព​របស់ខ្ញុំ​។ វា​គ្មានអ្វី​ត្រូវ​ឲ្យ​ខ្ញុំ​បារម្ភ​ទេ​។ បើ​គេ​វ៉ៃ​ចេញ​លឿន ខ្ញុំ​នឹង​ហ្វឹកហាត់​ឲ្យ​កាន់តែ​លឿន​ជាងគេ​»​។ 
 
​ម្ចាស់​ខ្សែក្រវាត់​ពីរ​ដដែល​នេះ​សង្កត់ធ្ងន់​ទៀតថា ៖«​ខ្ញុំ​អាច​ជួប Tonna ក្នុង​ក្បាច់គុន​មួយ​ថៃ ឬ kickboxing​។ តែ​ខ្ញុំ​អាច​ផ្ដល់យោបល់​ថា​គួរ​ប៉ះគ្នា​ក្នុង​មួយ​ថៃ​ជាមុនសិន​។ បើសិនជា​គេ​ចាញ់​ខ្ញុំ នោះគេ​អាច​ជួប​ខ្ញុំ​ក្នុងការ​ប្រកួត kickboxing វិញ​ម្ដង​»​។ 
 
​ទោះ Sam-A មិន​ផ្ដោត​ខ្លាំង​លើ​ចលនា និង បច្ចេកទេស​វ៉ៃ​របស់ Tonna ពេល​ឈ្នះ Howson ប៉ុន្តែ​កីឡាករ​ខ្មែរ​សុ​រិ​ទ្ធ​រូបនេះ​នៅ​រង់ចាំ​កីឡាករ​មកពី​ក្រុង Canberra បាន​ទាំងពីរ​ប្រភេទ​កីឡា​។ 
«​ខ្ញុំ​ដឹង​អំពី​វិធី​ទប់ទល់​រួមទាំង​ការប្រកួត​ជាមួយ​គេ​។ ខ្ញុំ​នឹង​បិទ​កណ្ដាប់ដៃ​របស់គេ មុនពេល​ខ្ញុំ​ម៉ាត់​ឆ្វេង​ស្ដាំ​យកឈ្នះ​។ ខ្ញុំ​ក៏​បង្កើត​គម្លាត​ឲ្យ​ឆ្ងាយ​ដែរ ហើយ​បញ្ចេញ​ក្បាច់​ប្រយុទ្ធ​របស់ខ្ញុំ​។ គេ​នឹងមិន​នឹកស្មាន​ដល់ និង​មិនដឹង​ខ្លួន​»​។ នេះ​ជា​សម្ដី​របស់​និមិត្តរូប​ក្នុង​វិស័យ​ប្រដាល់​របស់​ថៃ​។ 
 
​បែបណា​ក្ដី គេ​មិនទាន់​មានការ​ណាត់​ផ្លូវការ​ណាមួយ​នោះទេ ប៉ុន្តែ វា​ពិតជា​ច្បាស់​ណាស់​ថា​ស្ដេច​ប្រដាល់​ទម្ងន់ strawweight ប្រចាំ​សង្វៀន ONE នៅ​រង់ចាំ​អ្នក​មក​ដណ្ដើម​ខ្សែក្រវាត់​ជានិច្ច​ជាពិសេស “Timebomb”៕ 
 

Tag:
 អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com