កីឡាជាតិ
ជាតិ
តើ​ហាត់ប្រាណ ឬ​លេង​កីឡា​យ៉ាងដូចម្តេច ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​?
25, May 2020 , 11:29 pm        
រូបភាព
លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាកម្ពុជាពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ
លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាកម្ពុជាពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ
ដោយ:
​យើង​សង្កេតឃើញថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា មានការ​យល់ដឹង​ច្រើន​ពី​បញ្ហា​សុខភាព ដោយ​ពួកគេ​បាននាំគ្នា​ហាត់ប្រាណ និង​លេង​កីឡា​ក្រោម​ទម្រង់​ផ្សេងៗ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ពួកគេ​ភាគច្រើន​អនុវត្ត​ពុំទាន់​ស្របតាម​វិធីសាស្ត្រ ឬ​ក្បួនខ្នាត​វិទ្យាសាស្ត្រ​កីឡា​នៅឡើយ​ទេ​។ តើ​ហាត់ប្រាណ ឬ​លេង​កីឡា​យ៉ាងដូចម្តេច ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព និង​អាយុជីវិត​?

 
​លោក​វេជ្ជបណ្ឌិត ស្តើង ជា ប្រធាន​គណៈកម្មកា​រវេ​ជ្ជ​សាស្ត្រ​កីឡា​កម្ពុជា​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានលើកឡើង​ថា ដើម្បី​កុំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​កើតឡើង​ក្នុងការ​ហាត់ប្រាណ និង​លេង​កីឡា ទាំង​អ្នក​ហាត់ប្រាណ និង​កីឡាករ​ត្រូវធ្វើ​ចលនា​កម្តៅ​សាច់ដុំ​(Warm Up) និង​សម្រួល​សាច់ដុំ មុន​និង​ក្រោយ​ហាត់ប្រាណ និង​លេង​កីឡា​។ 
 
 
​បើតាម​លោក​វេជ្ជបណ្ឌិត​រូបនេះ អ្នកមាន​បញ្ហា​សុខភាព ឬ​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ក៏​អាច​ហាត់ប្រាណ ឬ​លេង​កីឡា​បានដែរ​។ ប៉ុន្តែ​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ លោក​វេជ្ជបណ្ឌិត​បានផ្តល់​ដំបូន្មាន​ថា អ្នកមាន​បញ្ហា​សុខភាព​ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​ត្រូវ​ទៅរក​សេវា​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ឬ​វេជ្ជបណ្ឌិត មុន​សម្រេចចិត្ត​ហាត់ប្រាណ ឬ​លេង​កីឡា​។ 
 
«​ជាទូទៅ​អ្នកមាន​បញ្ហា​សុខភាព និង​អ្នក​ឈឺ​រ៉ាំរ៉ៃ​អាច​លេង​កីឡា​បាន​ដូចគ្នា​។ ប៉ុន្តែ​យើង​ត្រូវ​លេង​យ៉ាងដូចម្តេច​? ចំពោះ​អ្នកមាន​សុខ​ភាពល្អ​ការលេង​ត្រូវ​តាម​ក្បួន​វិទ្យាសាស្ត្រ​កីឡា គឺ​យើង​មុននឹង​ចូល​លេង​ត្រូវ​កម្តៅ​សរីរាង្គ ហើយ​ពេល​បញ្ចប់​ការលេង​ត្រូវ​សម្រួល​សរីរាង្គ​ឡើងវិញ​។ ចំពោះ​អ្នក​ឈឺ​ទាំង​ធ្ងន់ និង​ស្រាល អាច​លេង​បាន​ទាំងអស់​។ ប៉ុន្តែ​ដើម្បី​ចៀសវាង​ហានិភ័យ អ្នកមាន​ជំងឺ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ឬ​វេជ្ជបណ្ឌិត​»​។ លោក ស្តើង ជា បាន​ប្រាប់​ពី​វិធីសាស្ត្រ​ដូច្នេះ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០២០​។ 
 
​ប្រធាន​គណៈកម្មកា​រវេ​ជ្ជ​សាស្ត្រ​កីឡា​កម្ពុជា​រូបនេះ​បាន​បន្ថែមថា ជាទូទៅ​ការធ្វើ Warm Up ឬ Cool Down មាន​រយៈពេល​ពី​៥​ទៅ​១០​នាទី តែ​វា​ប្រែប្រួល​ទៅតាម​ប្រភេទ​កីឡា​។ ការធ្វើ​ចលនា​កម្តៅ​សាច់ដុំ និង​សម្រួល​សាច់ដុំ​មុន​និង​ក្រោយ​ហាត់ប្រាណ ឬ​លេង​កីឡា​អាចជួយ​កាត់បន្ថយ​បញ្ហា​របួស ឬ​រលាក​សាច់ដុំ សរសៃ និង​សន្លាក់​បាន​ច្រើន​។ ប៉ុន្តែ​បើ​អ្នក​ហាត់ប្រាណ ឬ​លេង​កីឡា​មិនបាន​ធ្វើបែបនេះ អាច​ប្រឈម​នឹង​បញ្ហា​របួសស្រាល ធ្ងន់ ឬ​អាច​បាត់​បង់ជីវិត​ក៏​ថា​បាន​។ 
 
​លោក ស្តើង ជា បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ការ​កម្តៅ​សាច់ដុំ គឺ​ដើម្បី​ឲ្យ​សរីរាង្គ​យើង​វា​ដឹងខ្លួន ដូចជា​សាច់ដុំ សន្លាក់ និង​សរសៃ​ដឹងថា វា​ជិត​មានការ​ងារ​ធ្វើ​ហើយ និង​ឲ្យ​ឈាម​វា​រត់​បានល្អ​។ រីឯ​សម្រួល​សាច់ដុំ ក៏​អ៊ីចឹង​ដែរ គឺ​ដើម្បី​បណ្តេញ​ឡាក់​ទិ​ក​អាស៊ីត​នៅក្នុង​សាច់ដុំ យើង​រលាក​សាច់ដុំ​ដោយសារ​ចំហេះ​ឡាក់​ទិ​ក​អាស៊ីត ដែល​នៅសល់ ហើយ​ម្យ៉ាងទៀត ដើម្បី​ឲ្យ​ឈាម​វារ​ត់​ចូលមក​ស្មើ​ឡើងវិញ​»​។ 
 
​មាន​អ្នក​ហាត់ប្រាណ និង​លេង​កីឡា​ជាច្រើនរូប ដែល​បាន​រងរបួស និង​បាត់បង់​អាយុជីវិត​ក្នុងអំឡុងពេល​ហាត់ប្រាណ និង​លេង​កីឡា​។ បញ្ហា​នេះ​មិនមែន​កើតមានឡើង​នៅតែ​កម្ពុជា​នោះទេ សូម្បី​ប្រទេស​ជឿនលឿន​នៅលើ​ពិភពលោក​ក៏​ជួបប្រទះ​បញ្ហា​នេះដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក ស្តើង ជា ដែល​បាន​បន្ថែមថា អ្នក​បាត់​បង់ជីវិត​ភាគច្រើន​ដោយសារ​ការ​គាំងបេះដូង​៕ 

Tag:
 ​ស្តើង ជា
© រក្សាសិទ្ធិដោយ thmeythmey.com