ជាតិ
អ្នកស្រី ស្រ៊ុន សុខ​លីម បើក​ភោជនីយដ្ឋាន​កណ្តាល​រាជធានី តែ​ផ្សារភ្ជាប់​ដោយ​បរិយាកាស​បៃតង​
25, May 2020 , 6:34 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី ស្រ៊ុន សុខ​លីម ជា​ម្ចាស់​ភោជនីយដ្ឋាន Eleven One Kitchen ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ភោជនីយដ្ឋាន​ដែល​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​។ ស្ត្រី​វ័យ​៣៨​ឆ្នាំ​រូបនេះ មាន​ជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ និង​ធ្លាប់​បម្រើ​ការងារ​ឲ្យ​គេ​ជាង​១០​ឆ្នាំ មុន​មានគំនិត​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង នៅក្នុង​ឆ្នាំ​២០១៤​។ បច្ចុប្បន្ន  Eleven One Kitchen មាន​ពីរ​សាខា​មួយ​នៅ​ទួល​ទំពូង និង​មួយទៀត​នៅ​បឹង​កេងកង​១ កណ្តាល​រាជធានី​ភ្នំពេញ​។

 
​អ្នកស្រី សុខ​លីម ដែល​កាត់សក់​ខ្លី​វា​លក និង​ស្លៀក​រ៉ូ​ប​វាល​ក្លៀក​ពណ៌​ខ្មៅ​យ៉ាង​សាមញ្ញ ពន្យល់ថា មូល​ហេតុដែល​អ្នកស្រី សម្រេច​មក​បើក​ភោជនីយដ្ឋាន​នេះ ដើមឡើយ​គឺ​គ្រាន់តែ​ចង់​ឲ្យ​វា​ក្លាយជា​កន្លែង​មួយ ដែល​ផ្តល់ជូន​ម្ហូបអាហារ​ដែលមាន​អនាម័យ គុណភាព គិតគូរ​ពី​សុខភាព​អតិថិជន​។ ម្យ៉ាង​ដោយសារ​ធ្លាប់​ធ្វើការ​ជាមួយ​ថៅកែ​ជនជាតិ​បរទេស ដែល​ស្អប់​ការ​ចោល​សំរាម​ផ្តេសផ្តាស ជាពិសេស​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នោះ អ្នកស្រី​សុខ​លីម ក៏បាន  ប​ញ្ជូ​ល​គំនិត​បរិស្ថាន​នេះ នៅក្នុង​ភោជនីយដ្ឋាន​របស់ខ្លួន​។ 
 
​អ្នកស្រី សុខ​លីម ពន្យល់​បន្ថែម​៖«​កាលពី​៦-៧ ឆ្នាំមុន ពេល​ចេញទៅ​ហូប​ម្ហូប​នៅ​ខាងក្រៅ ពិបាក​មែនទែន ក្នុង​ការរក​ម្ហូប ឬ​កន្លែង​ណា​ដែល​យើង​ទុកចិត្ត ព្រោះ​នៅ​ជាមួយ​បរទេស គាត់​យល់​ច្រើន​ទាក់ទង​នឹង​អនាម័យ​។ ពេល​យើង​ចូលទៅ​បន្ទប់ទឹក គឺ​ស្អាត ហើយ​ម្ហូប​អី គឺ​គេ​គិត​ខ្វល់​។ កាលនោះ អ្នកធ្វើ​រឿង​ហ្នឹង​មាន​តិច​។ អីចឹង​ខ្ញុំ​ក៏​គិតថា ខ្ញុំ​គួរតែ​ជា​ថៅកែ​ខ្មែរ ដែល​យើង​គិតដល់​រឿង​ហ្នឹង ហើយ​យើង​គិតគូរ​ពី​បរិស្ថាន ដោយ​ការប្រើ​ប្រអប់​ពី​កាក​អំពៅ​ហ្នឹង​។ អីចឹង ក៏​ចាប់ផ្តើម​បើក​ភោជនីយដ្ឋាន​ហ្នឹង​ទៅ​»​។ 
 
 
​ក្រៅពី​មាន​ភាព​រួសរាយ​រាក់ទាក់  និង​ឫកពារ​សាមញ្ញ អ្នកស្រី សុខ​លីម ក៏​ជាម​នុស្ស​ពូកែ​និយាយ​ផងដែរ​។ តាមរយៈ​ការជជែក​លេង​ជាមួយ​អតិថិជន​របស់ខ្លួន​នេះឯង ធ្វើ​ឲ្យ​អ្នកស្រី ទទួលបាន​គំនិត​ថ្មីៗ និង​រៀនសូត្រ​បន្ថែមទៀត​ពី​ចំណូលចិត្ត​អតិថិជន ហើយ​បាន​យកមក​អភិវឌ្ឍន៍​ភោជនីយដ្ឋាន​របស់ខ្លួន​។    
 


​ពី​ការ​ខ្ចប់​អាហារ​ដោយ​ប្រអប់​ធ្វើ​ពី​កាក​អំពៅ ទៅជា​គោលការណ៍​បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​

​ដំបូង​ឡើយ អ្នកស្រី ស្រ៊ុន សុខ​លីម បានចាប់ផ្តើម​បើក​ដំណើរការ​ភោជនីយដ្ឋាន​របស់ខ្លួន ដោយ​ផ្តោតលើ​អនាម័យ​ជា​ចម្បង​។ ការចូលរួម​ថែ​បរិស្ថាន​ជា​រឿង​បន្ទាប់បន្សំ និង​បានចាប់ផ្តើម​ជាមួយ​ការប្រើ​ប្រអប់​កាក​អំពៅ សម្រាប់​ខ្ចប់​អាហារ​ជូន​ភ្ញៀវ​។ ការណ៍​នេះ បានធ្វើ​អ្នកស្រី ទទួលបាន​សរសើរ​មិន​ដាច់​ពី​មាត់ ពី​អតិថិជន​របស់ខ្លួន​ដែល​ភាគច្រើន​ជា​ជនជាតិ​បរទេស​។ បន្ត​បន្ទាប់មក ភោជនីយដ្ឋាន​រូបនេះ ក៏បាន​យល់ដឹង​កាន់តែច្រើន ពី​ផលប៉ះពាល់​នៃ​ប្លា​ស្ទិ​ក ទៅដល់​បរិស្ថាន  ហើយ​គាត់​ក៏បាន​កំណត់​គោលការណ៍​ឲ្យ​បុគ្គលិក​របស់ខ្លួន កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​ឲ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើបាន​។ ចំណែក​អ្នក​ផ្ត​ត់​ផ្គង់ ក៏ត្រូវ​ប្រើ​ស្លឹកចេក ស្លឹក​ឈូក កញ្ច្រែង ឬ​កំប្រោង​ជាដើម ដើម្បី​ដាក់ និង​វេច​ខ្ចប់​បន្លែ ត្រី សាច់​ជាដើម​នោះ មកកាន់​ភោជនីយដ្ឋាន​របស់ខ្លួន​។​
 
​អ្នកស្រី សុខ​លីម ក៏​ព្យាយាម​បញ្ជ្រាប​គំនិត​បរិស្ថាន​នេះ​ទៅដល់​បុគ្គលិក និង​អតិថិជន តាមរយៈ​ការដាំ​ដើមឈើ វ​ល្លិ៍ និង​រុក្ខជាតិ​បៃតង នៅ​ពេញ​បរិវេណ​ហាង​ផងដែរ​។ រហូតមកដល់​ពេលនេះ ភោជនីយដ្ឋាន​របស់​អ្នកស្រី បានក្លាយ​ជាទី​តាំង​ទទួលទាន​អាហារ ដែល​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក និង​លម្អ​ដោយ​បរិយាកាស​បៃតង ហើយ វា​ក៏​ជា​អត្តសញ្ញាណ​របស់​ភោជនីយដ្ឋាន​ដែរ​។​
 


​​ប៉ុន្តែ ទម្រាំ​អាច​បញ្ជ្រាប​គំនិត​បរិស្ថាន​ដល់​បុគ្គលិក​ឲ្យ​យល់​នោះ អ្នកស្រី សុខ​លីម ថា​មិនមែនជា​រឿង​ងាយ​ប៉​ន្មា​ន​ដែរ​។  «​មុនដំបូង​គឺ​ពិបាក​។ អ្វីដែល​ពិបាក​ជាងគេ គឺ​ធ្វើការ​ជាមួយ​បុគ្គលិក និង​អ្នកផ្គត់ផ្គង់​របស់​យើង​។ ពេល​យើង​ប្រាប់ថា កុំ​ប្រើ​ប្លា​ស្ទិ​ក គាត់​អត់​យល់ថា​អាហ្នឹង​ជា​ស្អី​ទេ​។ ដោយសារ​ខ្ញុំ​ស្គាល់​ភ្ញៀវ​ខ្ញុំ​ច្រើន​ដែល​គេ​យល់​ពី​អាហ្នឹង ហើយ​ខ្ញុំ​មាន​មិត្តភក្តិ​ជនជាតិ​បរទេស គាត់​ក៏​ណែនាំ​ខ្ញុំ​ឲ្យ​បណ្តុះបណ្តាល​បុគ្គលិក​ទាក់ទង​នឹង​អាហ្នឹង​ទៅ​(​ប្លា​ស្ទិ​ក​)? អីចឹង ខ្ញុំ​បាន​ហៅ​គាត់​ឲ្យ​មក​បង្រៀន​បុគ្គលិក​ខ្ញុំ ពី​ថា​តើ​ប្លា​ស្ទិ​ក​ហ្នឹង​វា​ប៉ះពាល់​អី​គេ​ខ្លះ​? ពេល​ដំបូង​ហ្មង ពិបាក​មែនទែន ប្រាប់ថា​កុំ​ឲ្យ​ប្រើ​ប្លា​ស្ទិ​ក គាត់​នៅតែ​ប្រើ​។ គ្រាន់តែ​ឲ្យ​ចែក​សំរាម​ក៏​ពិបាក​ដែរ​។ និយាយ​ថ្ងៃ​ហ្នឹង ស្អែក​ដដែល​។ បន្ទាប់ពី​បណ្តុះបណ្តាល​ហើយ មិនបាច់​និយាយ​ទៀត​ទេ បុគ្គលិក​ខ្ញុំ​គាត់​យល់​តែម្តង​»​។ នេះ​ជាការ​ពន្យល់ របស់​អ្នកស្រី ស្រ៊ុន សុខ​លីម​។​
 
​អ្នកស្រី សុខ​លីម​៖ ការថែរក្សា​បរិស្ថាន គឺ​ចាប់ផ្តើម​ពី​ចេញពី​យើង​

ដើមឡើយ ការបដិសេធ​ប្លា​ស្ទិ​ក ស្ទើរ​គ្រប់​សកម្មភាព​ប្រចាំថ្ងៃ មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ដែរ សម្រាប់​អ្នកស្រី សុខ​លីម​។ អ្នកស្រី ត្រូវ​ប្រឈម​នឹង​ការ​រអ៊ូរទាំ​ពី​សមាជិកគ្រួសារ ក៏ដូចជា​ការហួសចិត្ត​ពី​មនុស្ស​ជុំវិញ​។ ក៏ប៉ុន្តែ​ដោយសារ​ការតាំង​ចិត្ត​យ៉ាង​ឥត​ងាករេ ចំពោះ​គោលការណ៍​របស់​ខ្លួន អស់​រយៈពេល​ជាច្រើន​ឆ្នាំ  សព្វថ្ងៃ​ស្ត្រី​រូបនេះ ក្លាយជា​គំរូ​សម្រាប់​អ្នកផ្ទះ​របស់ខ្លួន សាច់ញាតិ និង​បុគ្គលិក​ប្រមាណ​៥០​នាក់​វិញ ក្នុង​ការមិន​ប្រើប្រាស់​កុំ​ប្លា​ស្ទិ​ក​នេះ​។ អ្នកស្រី ថ្លែង​ទាំង​ញញឹម​ដូច្នេះ​៖«​មកដល់​ឥឡូវ ខ្ញុំ​មាន​បុគ្គលិក​ខ្ញុំ​ខ្ទង់​៥០​នាក់ ហើយ​៨០-៩០​ភាគរយ ដែល​គាត់​យល់​ពី​អាហ្នឹង​(​ការប្រើ​ប្លា​ស្ទិ​ក​)​។ ដូច​ខ្ញុំ​អីចឹង​! ខ្ញុំ​តែ​ម្នាក់ ខ្ញុំ​ធ្វើ​ឲ្យ​បុគ្គលិក​ខ្ញុំ​៥០​នាក់​យល់ ហើយ​ខ្ញុំ​អ្នកផ្ទះ​ខ្ញុំ​ជាង​១០​នាក់ កុំ​ឲ្យ​ប្រើ​ប្លា​ស្ទិ​ក​។ ចុះ​បុគ្គលិក​ខ្ញុំ​៥០​នាក់ គាត់​នឹង​ទៅ ពន្យល់​គ្រួសារ​គាត់​ជាច្រើន​ទៀត​...»​។​
 
 
​ក្រៅពីនេះ អ្នកស្រី សុខ​លីម ចង់​ពង្រីក​សាខា​ភោជនីយដ្ឋាន​របស់ខ្លួន​ឲ្យ​បានតែ​ច្រើន ដើម្បី​ធ្វើជា​ភោជនីយដ្ឋាន​គំរូ ដោយ​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​ផង ហើយក៏​រួមចំណែក អប់រំ​បុគ្គលិក​ឲ្យ​បាន​កាន់តែច្រើន ឲ្យ​ពួកគាត់​ពី​គុណវិបត្តិ​នៃ​ការប្រើ​ប្លា​ស្ទិ​ក​ទៅដល់​បរិស្ថាន​ដែរ​៕
 
 

Tag:
 ស្រ៊ុន សុខ​លីម​
  Eleven One Kitchen
 ​បរិស្ថាន​
 ​ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com