COVID-19
អន្តរជាតិ
COVID-19៖ ជប៉ុន លើក​ភាពអាសន្ន​ទូទាំងប្រទេស តែ​លោក អា​បេ បន្ត​ប្រាប់​ឲ្យ​ប្រយ័ត្ន​
26, May 2020 , 9:49 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ​ ប្រកាសលើកភាពអាសន្នទូទាំងប្រទេស។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ​ ប្រកាសលើកភាពអាសន្នទូទាំងប្រទេស។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៥ ខែឧសភា បានប្រកាស​លើក​ស្ថាន​ភាពអាសន្ន​ទូទាំងប្រទេស បន្ទាប់ពី​ស្ថានភាព​ជំងឺ COVID-19 ក្នុងប្រទេស​ស្ថិតក្រោម​ការគ្រប់គ្រង​។ ប៉ុន្តែ​លោក អា​បេ បាន​ប្រាប់​ប្រជាជន​ជប៉ុន​ឲ្យ​បន្ត​ការប្រុងប្រយ័ត្ន​ទៀត ព្រោះ​ការឆកល្វែង​ណាមួយ នឹងធ្វើ​ឲ្យ​ស្ថានការណ៍​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ​វិញ​។ វិបត្តិ​សុខាភិបាល​មួយ​នេះ ប៉ះពាល់​សេដ្ឋកិច្ច​យ៉ាងខ្លាំង ហើយ​ប្រជាប្រិយភាព​លោក អា​បេ ក៏​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ផងដែរ​។​

 
«​ថ្ងៃនេះ យើង​នឹង​លុបចោល​ភាពអាសន្ន​ទូទាំងប្រទេស​។​» នេះ​ជាការ​ប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅកាន់​ប្រជាជន​ជប៉ុន​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា​។ ការលុបចោល នឹង​អនុញ្ញាត​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ចាប់ផ្ដើម​ដំណើរការ​ជា​ដំណាក់កាលៗ​ឡើងវិញ បន្ទាប់ពី​រងគ្រោះ​ខ្លាំង​ដោយសារ​ការ​រាលដាល​ជំងឺ COVID-19 ក្នុងប្រទេស​។ 
 
​ក្នុង​សុន្ទរកថា​ដដែល លោក អា​បេ បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក បាន​គន់គូរ​ពី​លក្ខខណ្ឌ​ទាំងអស់​ដើម្បី​ឈានដល់​ការលើក​ស្ថានភាព​អាសន្ន​នេះ​។ បើតាម​លោក អា​បេ ស្ថានភាព​សព្វថ្ងៃ គឺ​គោរព​តាម​លក្ខខណ្ឌ​ដែល​បញ្ចប់​ការ​រឹតត្បិត​ហើយ​។ 
 
​ទោះ​នៅ​ជិត​ចិន​ដែល​ជាទី​មាន​ករណី​ឆ្លង COVID-19 មុនគេ និង​ច្រើនជាងគេ​នៅ​ដំណាក់កាល​ដំបូង​ក្ដី ជប៉ុន មិន​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ការ​រាលដាល​ឡើយ​។ ខុសពី​ប្រទេស​តំបន់​អឺរ៉ុប និង​អាមេរិក​ដែលមាន​ចំនួន​អ្នក​ឆ្លង​រាប់សែន​នាក់ ជប៉ុន​មាន​ករណី​ឆ្លង​សរុប​ចំនួន​១៦៥៨១​នាក់ និង​ស្លាប់​៨០៣​នាក់​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា លោក អា​បេ ប្រកាស​ដាក់​ស្ថាន​ភាពអាសន្ន​ដោយ​ផ្នែក​កាលពីដើម​ខែឧសភា​ក្រោយ​ករណី​ឆ្លង​ហក់​ឡើង ហើយ​ក្រោយមក ក៏​បន្ត​ពង្រីក​វិសាលភាព​ភាពអាសន្ន​ដល់​កម្រិត​ទូទាំងប្រទេស​។ ភាពអាសន្ន​នៅ​ជប៉ុន មិន​មានការ​កំហិត​ខ្លាំងក្លា​ដូច​នៅ​ប្រទេស​ផ្សេង​ហើយ ហើយ​វិធានការ​ជាច្រើន​ត្រូវបាន​អនុវត្ត​ដោយ​ការអំពាវនាវ​ជាជាង​ការចេញ​បញ្ជា​ដាច់ខាត​។ ប៉ុន្តែ​ប្រជាជន​ជប៉ុន​ភាគច្រើន គោរព​តាម​ការសម្រេច​របស់រ​ដ្ឋា​ភិ​បាល ដោយ​អនុវត្ត​វិធាន​អនាម័យ​ខ្ជាប់ខ្ជួន​។​
 
​ខណៈ​ចំនួន​ករណី​ឆ្លង​ថ្មី​ធ្លាក់ចុះ លោក អា​បេ បាន​កោតសរសើរ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​ចាត់ទុក​ជោគជ័យ​នេះ​ជាការ​បង្ហាញ​ភាពខ្លាំង​នៃ​គំរូ​បែប​ជប៉ុន​។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​រូប​នេះ បាន​បន្ត​ស្នើ​ឲ្យ​ប្រជាជន​រក្សា​ការប្រុងប្រយ័ត្ន និង​ចៀសវាង​ការ​ទៅកាន់​កន្លែង​មាន​មនុស្ស​ច្រើន ទី​បិទ​ជិត និង​មិន​ត្រូវមាន​ទំនាក់ទំនង​ជិតស្និទ្ធ​។​
 
​វិបត្តិ COVID-19 ដែល​បង្ខំ​ឲ្យ​អាជីវកម្ម​តូចធំ​បិទទ្វារ វាយប្រហារ​ខ្លាំង​លើ​សេដ្ឋកិច្ច​ជប៉ុន​។ កាលពី​សប្ដាហ៍​មុន ជប៉ុន​ធ្លាក់ចូល​វិបត្តិ​សេដ្ឋកិច្ច​ជា​លើកដំបូង​គិត​តាំងពី​ឆ្នាំ​២០១៥ ។ មិន​ត្រឹម​មាន​បញ្ហា​សេដ្ឋកិច្ច​ឡើយ លោក អា​បេ ផ្ទាល់ ក៏​ជួប​បញ្ហា​ដែរ ដោយ​ប្រជាប្រិយភាព​របស់លោក​ធ្លាក់ចុះ​យ៉ាងគំហុក​។ ការស្ទង់មតិ​របស់​កា​សែត Asahi Shimbun បង្ហាញថា ការគាំទ្រ​របស់លោក អា​បេ មាន​ត្រឹម​២៩​ភាគរយ ដែលជា​ចំនួន​ទាប​បំផុត​តាំងពី​ឆ្នាំ​២០១២ ៕ 
 
 

Tag:
 ជប៉ុន​
  ស៊ិន​ហ្សុ អា​បេ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com