COVID-19
អន្តរជាតិ
WHO រំលឹកបណ្តាមេដឹកនាំម្តងហើយម្តងទៀតថា កុំប្រញាប់ដកវិធានការទប់ស្កាត់ COVID-19 ប្រធានកម្មវិធីអាសន្នរបស់ WHO លោក Mike Ryan (AFP)
× អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៥ ខែឧសភា ព្រមានថា បណ្ដាប្រទេសដែលករណីឆ្លង COVID-19 កំពុងថមថយ អាចនៅប្រឈមការផ្ទុះរាលដាលដល់ចំណុចកំពូលលើកទី២ភ្លាមៗ ប្រសិនបើពួកគេផ្អាកចំណាត់ការទប់ស្កាត់ការរាលដាលជំងឺនេះឆាប់ពេក។
ថ្លែងអំឡុងសន្និសីទព័ត៌មានតាមប្រព័ន្ធវីដេអូពីចម្ងាយ ប្រធានកម្មវិធីអាសន្នរបស់ WHO លោក Mike Ryan លើកឡើងថា ពិភពលោក កំពុងស្ថិតនៅចំណុចកណ្ដាលនៃរលកទីមួយការផ្ទុះរាលដាល COVID-19។ ត្រង់នេះ លោកកត់សម្គាល់ថា ខណៈករណីឆ្លងបន្តថយចុះក្នុងបណ្ដាប្រទេសជាច្រើន ករណីឆ្លង COVID-19 នៅតែបន្តកើនឡើងក្នុងតំបន់អាមេរិកខាងត្បូង និងកណ្ដាល ក៏ដូចជា អាស៊ីខាងត្បូងនិងអាហ្វ្រិកផងដែរ។
លោកវេជ្ជបណ្ឌិត Ryan គូសបញ្ជាក់ទៀតថា ជារឿយៗ ជំងឺរាតត្បាត តែងកើតឡើងក្នុងទម្រង់ជារលក ដែលមានន័យថា ការផ្ទុះរាលដាល អាចត្រលប់មកវិញនាពេលក្រោយទៀតក្នុងឆ្នាំនេះ ក្នុងទីកន្លែងដែលរលកឆ្លងទី១ថមថយកម្លាំង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោកសង្កត់ធ្ងន់ថា ឱកាសនៃអត្រាឆ្លង COVID-19 អាចស្ទុះឡើងយ៉ាងលឿនរហ័សម្ដងទៀត ប្រសិនបើចំណាត់ការទប់ស្កាត់រលកឆ្លងទី១នេះ ត្រូវដកហូតឆាប់ពេក។
ទន្ទឹមនេះ លោក ស្នើបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបនិងអាមេរិកខាងជើងបន្តអនុវត្តវិធានការគម្លាតសុវត្ថិភាពនិងសុខភាពសាធារណៈ វិធានការតាមដាន ធ្វើតេស្ត និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីធានាថា ពិភពលោកបន្តទទួលបានការថមថយនៃករណីឆ្លង COVID-19 និងពុំមានការផ្ទុះឡើងដល់ចំណុចកំពូលជាលើកទី២។
ខណៈរកឃើញករណីឆ្លងថយចុះ បណ្ដាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប និងរដ្ឋនៅសហរដ្ឋអាមេរិក បានសម្រេចដកហូតបញ្ជាបិទប្រទេសជាបណ្ដើរៗ ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ។ ចំណាត់ការទាំងនេះ អាចទប់ស្កាត់ការរាលដាល COVID-19 តែប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេស៕
Tag:
WHO
Mike Ryan
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com