COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​ក្លិប Lyon ស្នើ​នាយករដ្ឋមន្ត្រី​បារាំង​ឲ្យ Ligue 1 ប្រកួត​ឡើងវិញ​
26, May 2020 , 11:18 am        
រូបភាព
ប្រធាន​ក្លិប Lyon លោក Jean-Michel Aulas បាន​សរសេរ​សំបុត្រ​ទៅកាន់​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​កីឡា​បារាំង​ដើម្បី​ស្នើ​ឲ្យ​មានការ​ពិចារណា​ឡើងវិញ​ជុំវិញ​ការសម្រេច​រំសាយ​លី​គ Ligue 1 ដោយសារតែ​វិបត្តិ COVID-19​។ លោក Aulas ចង់​ឲ្យ Ligue 1 ត្រឡប់​ទៅកាន់​ការប្រកួត​វិញ​ដូច Bundesliga របស់​អាល្លឺម៉ង់​ដែរ​។​


​ដោយសារ​ការរីក​រាល​ដាល​ខ្លាំង​នៃ​ជំងឺ​សកល នៅ​ថ្ងៃទី​២៨ ខែមេសា លី​គ​កីឡាបាល់ទាត់​បារាំង Ligue 1 និង Ligue 2 បានសម្រេច​លុបចោល​តែម្តង បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe ហាមឃាត់​រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​ក្នុងប្រទេស​រហូតដល់​ខែកញ្ញា​។​
 
​យ៉ាងណាក៏ដោយ ការរំសាយ​នេះ​បានធ្វើ​ឲ្យ​ក្រុម​មួយចំនួន​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​បារាំង​ខកចិត្ត ដ្បិត​ត្រូវ​កាត់ចោល និង​ខ្លះ​មិនបាន​លេង​ក្របខណ្ឌ​អឺរ៉ុប ដោយ​ក្នុងនោះ​ក៏មាន​ក្រុម Lyon ផងដែរ​។ Lyon ឈរ​ចំណាត់ថ្នាក់​ទី​៧ ក្នុង​តារាង Ligue 1 រដូវ​កាល​នេះ ដែលជា​ចំណាត់ថ្នាក់​មិនអាច​លេង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ​។​
 
​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី Philippe និង​រដ្ឋមន្ត្រីក្រសួង​កីឡា​បារាំង លោក Aulas បាន​និយាយថា កីឡាបាល់ទាត់​បារាំង​នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​ដែល​មិន​ធ្លាប់​ជួបប្រទះ​ពីមុនមក​។​
 
Ligue 1 ជាលី​គ​តែមួយគត់​ក្នុងចំណោម​លី​គ​ធំៗ​ទាំង​៥ នៅ​អឺរ៉ុប​ដែល​បានបញ្ចប់​រដូវ​កាល​របស់ខ្លួន ខណៈ​លី​គ​កំពូល​អាល្លឺម៉ង់​បាន​បន្ត​វិញ​ហើយ ខណៈ​អេ​ស្ប៉ា​ញ អ៊ីតាលី រួមទាំង​អង់គ្លេស​សង្ឃឹមថា នឹង​ត្រឡប់​ចូល​វិញ​ក្នុង​ខែមិថុនា​។​
 
«​ក្របខណ្ឌ Bundesliga បានចាប់ផ្តើម​ការប្រកួត​ឡើងវិញ​នៅ​ថ្ងៃទី​១៦ ខែឧសភា អេ​ស្ប៉ា​ញ​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃទី​៨ ខែមិថុនា​។ អ៊ីតាលី រុស្ស៊ី និង​ព័រ​ទុយ​ហ្គា​ល់​បាន​បន្ត​ការហ្វឹកហាត់​រួមគ្នា ហើយ​អង់គ្លេស​កំពុង​ត្រៀម​ចាប់ផ្តើម​ឡើងវិញ​ផងដែរ​បន្ទាប់ពី​ផ្អាក​តាំងពី​ថ្ងៃទី​១៩ ខែមិថុនា​មក​»​។ នេះ​ជាការ​លើកឡើង​របស់លោក Aulas ប្រធាន​ក្លិប Lyon​។​
 
​អ្នកជំនួញ​សញ្ជាតិ​បារាំង វ័យ​៧១​ឆ្នាំ​រូបនេះ បន្ថែមថា លី​គ​កំពូល​បារាំង​មិនគួរ​សម្រេចចិត្ត​បញ្ចប់​លឿន​យ៉ាងនេះ​នោះទេ ហើយ​ការរំសាយ​នេះ​ដូចជា​ធ្វើបាប​ក្លិប​អាជីព​នៅ​បារាំង​អ៊ីចឹង​ដែរ​។​
 
​ស្របពេល​រដ្ឋាភិបាល​បារាំង គ្រោង​នឹង​ប្រកាស​ពី​ការបន្ធូរបន្ថយ​ការ​រឹត​ប​ន្តឹ​ប្រទេស​នៅ​ថ្ងៃទី​២ ខែមិថុនា លោក Aulas បានស្នើ​ថា​លី​គ​នៅ​បារាំង​គួរ​មានការ​ពិចារណា​ឡើងវិញ​។ លោក Aulas ចង់​ឲ្យ Ligue 1 ត្រឡប់​ចូល​ហ្វឹកហាត់​បណ្តើៗ​វិញ ហើយ​បន្ត​រដូវ​កាល ២០១៩-២០ ឡើងវិញ​នៅក្នុង​ខែកក្កដា​ឬ​សីហា​ក៏បាន​៕
 

Tag:
 Jean-Michel Aulas
  Lyon
  COVID-19
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com