COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Lyon ស្នើនាយករដ្ឋមន្ត្រីបារាំងឲ្យ Ligue 1 ប្រកួតឡើងវិញ
× ប្រធានក្លិប Lyon លោក Jean-Michel Aulas បានសរសេរសំបុត្រទៅកាន់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីកីឡាបារាំងដើម្បីស្នើឲ្យមានការពិចារណាឡើងវិញជុំវិញការសម្រេចរំសាយលីគ Ligue 1 ដោយសារតែវិបត្តិ COVID-19។ លោក Aulas ចង់ឲ្យ Ligue 1 ត្រឡប់ទៅកាន់ការប្រកួតវិញដូច Bundesliga របស់អាល្លឺម៉ង់ដែរ។
ដោយសារការរីករាលដាលខ្លាំងនៃជំងឺសកល នៅថ្ងៃទី២៨ ខែមេសា លីគកីឡាបាល់ទាត់បារាំង Ligue 1 និង Ligue 2 បានសម្រេចលុបចោលតែម្តង បន្ទាប់ពីនាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe ហាមឃាត់រាល់ព្រឹត្តិការណ៍កីឡាទាំងអស់ក្នុងប្រទេសរហូតដល់ខែកញ្ញា។
យ៉ាងណាក៏ដោយ ការរំសាយនេះបានធ្វើឲ្យក្រុមមួយចំនួនក្នុងក្របខណ្ឌលីគកំពូលបារាំងខកចិត្ត ដ្បិតត្រូវកាត់ចោល និងខ្លះមិនបានលេងក្របខណ្ឌអឺរ៉ុប ដោយក្នុងនោះក៏មានក្រុម Lyon ផងដែរ។ Lyon ឈរចំណាត់ថ្នាក់ទី៧ ក្នុងតារាង Ligue 1 រដូវកាលនេះ ដែលជាចំណាត់ថ្នាក់មិនអាចលេងក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ។
នៅក្នុងលិខិតមួយផ្ញើទៅកាន់នាយករដ្ឋមន្ត្រី Philippe និងរដ្ឋមន្ត្រីក្រសួងកីឡាបារាំង លោក Aulas បាននិយាយថា កីឡាបាល់ទាត់បារាំងនឹងប្រឈមវិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គមដែលមិនធ្លាប់ជួបប្រទះពីមុនមក។
Ligue 1 ជាលីគតែមួយគត់ក្នុងចំណោមលីគធំៗទាំង៥ នៅអឺរ៉ុបដែលបានបញ្ចប់រដូវកាលរបស់ខ្លួន ខណៈលីគកំពូលអាល្លឺម៉ង់បានបន្តវិញហើយ ខណៈអេស្ប៉ាញ អ៊ីតាលី រួមទាំងអង់គ្លេសសង្ឃឹមថា នឹងត្រឡប់ចូលវិញក្នុងខែមិថុនា។
«ក្របខណ្ឌ Bundesliga បានចាប់ផ្តើមការប្រកួតឡើងវិញនៅថ្ងៃទី១៦ ខែឧសភា អេស្ប៉ាញនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី៨ ខែមិថុនា។ អ៊ីតាលី រុស្ស៊ី និងព័រទុយហ្គាល់បានបន្តការហ្វឹកហាត់រួមគ្នា ហើយអង់គ្លេសកំពុងត្រៀមចាប់ផ្តើមឡើងវិញផងដែរបន្ទាប់ពីផ្អាកតាំងពីថ្ងៃទី១៩ ខែមិថុនាមក»។ នេះជាការលើកឡើងរបស់លោក Aulas ប្រធានក្លិប Lyon។
អ្នកជំនួញសញ្ជាតិបារាំង វ័យ៧១ឆ្នាំរូបនេះ បន្ថែមថា លីគកំពូលបារាំងមិនគួរសម្រេចចិត្តបញ្ចប់លឿនយ៉ាងនេះនោះទេ ហើយការរំសាយនេះដូចជាធ្វើបាបក្លិបអាជីពនៅបារាំងអ៊ីចឹងដែរ។
ស្របពេលរដ្ឋាភិបាលបារាំង គ្រោងនឹងប្រកាសពីការបន្ធូរបន្ថយការរឹតបន្តឹប្រទេសនៅថ្ងៃទី២ ខែមិថុនា លោក Aulas បានស្នើថាលីគនៅបារាំងគួរមានការពិចារណាឡើងវិញ។ លោក Aulas ចង់ឲ្យ Ligue 1 ត្រឡប់ចូលហ្វឹកហាត់បណ្តើៗវិញ ហើយបន្តរដូវកាល ២០១៩-២០ ឡើងវិញនៅក្នុងខែកក្កដាឬសីហាក៏បាន៕
Tag:
Jean-Michel Aulas
Lyon
COVID-19
Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com