ជាតិ
ចាប់បានអ្នកកាសែតជាង១០នាក់នៅកន្លែងបញ្ជល់មាន់មួយ....! រូបពីទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
× ទៅធ្វើបទយកការណ៍? ទៅ Live ផ្ទាល់? ឬក៏ជាចាំយកកម្រៃពីវង់ល្បែង? ប្រតិបត្តិការរបស់សមត្ថកិច្ចខណ្ឌមានជ័យនៅកន្លែងបញ្ជល់មាន់ និងចាក់អាប៉ោង កាលពីថ្ងៃទី២៤ ខែឧសភា កន្លងមក ចាប់បានអ្នកកាសែតដល់ទៅ១៣នាក់ ក្នុងចំណោមជនសង្ស័យ២៧នាក់។
រូបថត បណ្ណសារព័ត៌មាន និងនាមបណ្ណ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ អ្នកទាំងនោះ ជាជនសង្ស័យពាក់ព័ន្ធនឹងការបើកកន្លែងបញ្ជល់មាន់ និងចាក់ល្បែងអាប៉ោង១កន្លែងនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោមការដឹកនាំផ្ទាល់របស់លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២៧នាក់ ដែលក្នុងនោះមាន១៣នាក់ជាអ្នកកាសែត។
ហេតុអ្វីបានមានវត្តមានអ្នកកាសែតនៅវង់ល្បែង? អ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងថា ក្រសួងកំពុងពិនិត្យលើករណីនេះ។ «ការប្រព្រឹត្តខុសទៅលេងល្បែង គឺជារឿងបុគ្គល បើរកឃើញថា ពួកគាត់ប្រព្រឹត្តខុសច្បាប់ សូមសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ទៅ»។ នេះជាការបញ្ជាក់របស់លោក មាស សុភ័ណ្ឌ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទបន្ថែមថា ក្រសួង និងក្រុមការងារជំនាញ បន្តពិនិត្យលើករណីទាំងមូល មុននឹងឈានដល់ចំណាត់ការផ្លូវការណាមួយផ្នែកកំហុសវិជ្ជាជីវៈ។
ប្រតិបត្តិការបង្ក្រាបកាលពីរសៀលថ្ងៃទី២៤ ខែឧសភា សមត្ថកិច្ចក៏ចាប់បានវត្ថុតាងផ្សេងទៀត ក្នុងនោះមានមាន់ឈ្មោល៥ក្បាល (ងាប់២ក្បាល) ឧបករណ៍សម្រាប់ភ្នាល់អាប៉ោង ឧបករណ៍សម្រាប់មាន់ ទូរសព្ទដៃ ម៉ូតូ និងវត្ថុតាងផ្សេងទៀត។
លោក ម៉េង វិមានតារា បានបញ្ជាក់ថា សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងចាត់វិធានការតាមផ្លូវច្បាប់លើជនសង្ស័យទាំង២៧រូប ក្នុងនោះមាន១៣រូប មានបណ្ឌសារព័ត៌មាន៕
Tag:
អ្នកកាសែត
បញ្ជល់មាន់
© រក្សាសិទ្ធិដោយ thmeythmey.com