អន្តរជាតិ
ថៃ សាកល្បង​វ៉ាក់សាំង COVID-19 ដែល​អាច​ថោក​ជាង​ផលិតផល​អាមេរិក ឬ​អឺរ៉ុប
26, May 2020 , 12:29 pm        
រូបភាព
ថៃ សាកល្បងវ៉ាក់សាំងCOVID-19 ដើម្បីទុកលក់ឲ្យប្រទេសចំណូលទាប និងចំណូលមធ្យម។ រូបភាព៖ AFP
ថៃ សាកល្បងវ៉ាក់សាំងCOVID-19 ដើម្បីទុកលក់ឲ្យប្រទេសចំណូលទាប និងចំណូលមធ្យម។ រូបភាព៖ AFP
​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ថៃ​ម្នាក់ នា​ថ្ងៃទី​២៥ ខែឧសភា បាន​អះអាងថា ថៃ កំពុង​ដឹកនាំ​ការធ្វើ​តេស្ត​ស្វែងរក​វ៉ាក់សាំង COVID-19 ជាមួយនឹង​ការសាកល្បង​លើ​សត្វ​ស្វា​មួយ​ប្រភេទ​។ ប្រសិនបើ​ជោគជ័យ​លើ​ការរកឃើញ​វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណា​វីរុស​មែន វ៉ាក់សាំង​របស់​ថៃ អាចមាន​តម្លៃថោក​ជាង​វ៉ាក់សាំង ដែល​ស្រាវជ្រាវ​ដោយ​ប្រទេស​ជឿនលឿន ដូចជា​អាមេរិក ឬ​អឺរ៉ុប ហើយ​អតិថិជន​គោលដៅ គឺ​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។​

 
​ចាប់តាំងពី​ផ្ទុះ​COVID-19 មកទល់ពេលនេះ ប្រទេស​ជាច្រើន​ដូចជា​អាមេរិក ចិន អាល្លឺម៉ង់ អូស្ត្រាលី និង​វិទ្យាស្ថាន​ផ្សេងៗ កំពុង​សស្រាក់សស្រាំ​យ៉ាងខ្លាំង ក្នុងការ​ស្រាវជ្រាវ​ស្វែងរក​វ៉ាក់សាំង​ប្រឆាំង COVID-19​។ ដោយមាន​កិច្ចសហការ​ជាមួយ​សកល​វិទ្យាល័យ Pennsylvania របស់​អាមេរិក ថៃ​ក៏បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង ស្វែងរក​វ៉ាក់សាំង ជាមួយ​បណ្តា​ប្រទេស​ដទៃ​ដែរ​។ 
 
​វ៉ាក់សាំង​ថៃ ធ្វើឡើង​ក្នុង​បំណង​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប ពោលគឺ​លក់​ក្នុងតម្លៃ​ថោក​ជាង និង​ទុក​លក់​ឲ្យ​ប្រទេស​មាន​ចំណូល និង​ប្រទេស​មាន​ចំណូល​មធ្យម​។ លោកស្រី​វេជ្ជបណ្ឌិត  Suchinda Malaivitjitnond ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វានរជាតិ​ថៃ បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ការស្រាវជ្រាវ​លើក​វ៉ាក់សាំង​នេះ គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី mRNA ដែល​មិន​ត្រូវបាន​គេ​យកមក​ផលិត​វ៉ាក់សាំង​ឡើយ នាពេល​កន្លងមក​។ 
 
​សព្វថ្ងៃ​ក្រុមហ៊ុន​ថ្នាំពេទ្យ​ធំៗ ដូចជា Pfizer និង Moderna ក៏បាន​ប្រើប្រាស់​គំរូ​ប្រភេទ​នេះ ដើម្បី​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ក្នុងដំណាក់កាល​នេះ ថៃ​កំពុង​ធ្វើតេស្ត​វ៉ាក់សាំង​ប្រឆាំង​COVID-19 លើ​សត្វ​ស្វា​មួយ​ប្រភេទ ចំនួន ១៣​ក្បាល បន្ទាប់ពី​ធ្វើតេស្ត​ទទួលបាន​ជោគជ័យ​លើស​ត្វ​កណ្តុរ​នាពេល​កន្លងមក​។ បើតាម​ការបញ្ជា​ក់រប​ស់ វេជ្ជបណ្ឌិត Kiat Ruxrungtham ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វ៉ាក់សាំង​ជូឡា​នៃ​សកល​វិទ្យាល័យ​ជូឡាឡុងកន ថៃ​អាច​នឹងធ្វើ​តេស្ត​សាកល្បង​វ៉ាក់សាំង​លើ​មនុ​ស្សនា​ខែតុលា​ខាងមុខ ប្រសិនបើ​ការធ្វើ​តេស្ត​លើ​សត្វ​ស្វា ដំណើរ​ការល្អ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែឧសភា ថៃ​មាន​ករណី​COVID-19 សរុប​ចំនួន ៣០៤២​ករណី អ្នកស្លាប់​ចំនួន ៥៧​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៩២៨​នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com