ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិលោក នេត សាវឿន បានបញ្ជាឱ្យស្នងការរាជធានី-ខេត្តទាំងអស់អនុវត្តច្បាប់ចរាចរណ៍ តាមគោលការណ៍កំណត់។ លោក នេត សាវឿន ក៏បានព្រមានការដាក់ពិន័យដល់ស្នងការណា ដែលអនុវត្តមិនត្រឹមត្រូវដែរ។
តាមរយៈសារជាសំឡេងដែលបានបែកធ្លាយមួយ លោក នេត សាវឿន បានហាមស្នងការទាំងអស់ មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់រថយន្តដែលកំពុងធ្វើចរាចរណ៍ធម្មតា ដោយពុំមានខុសនឹងបទល្មើសច្បាប់នោះទេ។ បម្រាមរបស់លោក នេត សាវឿន នេះ ធ្វើឡើងបន្ទាប់ពីលោកទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះ ថ្នាំងថ្នាក់ចំពោះនគរបាលចរាចរណ៍មួយចំនួន ដែលបានដាក់បារ៉ាស់ឃាត់រថយន្តធ្វើដំណើរតាមផ្លូវ ក្រោមហេតុផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បើទោះបីជាម្ចាស់រថយន្តនោះ បើកបរធម្មតា ដោយអនុវត្តតាមច្បាប់ត្រឹមត្រូវក៏ដោយ។
អគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«ស្នងការរាជធានី-ខេត្ត និយាយគ្នាឡើងវិញចុងក្រោយ ទី១ ឈប់ដាក់ប៉ារ៉ាស់តាមផ្លូវ ចេះការពារខ្លួនឯងយ៉ាងម៉េច ហៅឡានយ៉ាងម៉េចការពារខ្លួនឯងទៅ…។ ទី២ បាននិយាយច្បាស់ជាមួយគ្នាហើយ ថាទាល់តែ(អ្នកបើកបរ)ល្មើសចាំហៅគេ(ពិនិត្យ) មិនមែនហៅគេពិនិត្យទេ ទាល់តែល្មើសបានយើងហៅគេ»។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមឃឿន បានបញ្ជាក់ថា អគ្គស្នងការ ពិតជាបានក្រើនរំឭកបែបនេះ ទៅកាន់ស្នងការ និងមន្ត្រីនគរបាលរាជធានី-ខេត្ត ពិតមែន។ ត្រង់ចំណុចនេះលោក គឹមឃឿន បានពន្យល់ថា មន្ត្រីនគរបាលចរាចរណ៍ដាក់ប៉ារាស់ពិនិត្យយានយន្តតាមគោលដៅនីមួយៗនោះ គឺមិនខុសច្បាប់នោះទេ ព្រោះវាជាតួនាទីរបស់ពួកគេ ក្នុងការពិនិត្យនិងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ។ប៉ុន្តែគ្រាន់តែការអនុវត្តរបស់មន្ត្រីខ្លះ វាលើសពីគោលការណ៍កំណត់បន្តិច ដោយពួកគេឃាត់រថយន្តទាំងអស់សាកសួរ អំឡុងពេលបើកបរតាមផ្លូវ ទើបធ្វើឱ្យអគ្គស្នងការនគរបាល ក្រើនរំឭកជាថ្មីនេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បានពន្យល់ដូច្នេះថា៖«គាត់(មន្ត្រីនគរបាលចរាចរណ៍)ធ្លាប់ធ្វើលើស(គោលការណ៍)បានជាយើងណែនាំ។ បើគិតពីច្បាប់គឺពួកគាត់អត់ខុសទេ ប៉ុន្តែគាត់ខុសពីគោលការណ៍ណែនាំ»។
កន្លងមកនគរបាលចរាចរណ៍ បានកំណត់យកបទល្មើសអាទិភាពតែ១៦ប៉ុណ្ណោះ ដើម្បីមកអនុវត្តក្នុងនោះមានបទល្មើសម៉ូតូចំនួន៧ និងបទល្មើសបើកបររថយន្តចំនួន៩។ បទល្មើសម៉ូតូចំនួន៧ ដែលនឹងអនុវត្តលើទោចក្រយានយន្តនោះរួមមាន៖ ទី១៖ មិនពាក់មួកសុវត្ថិភាព, ទី២៖ ស្រវឹង, ទី៣៖ មិនគោរពភ្លើង និងស្លាកសញ្ញា, ទី៤៖ ល្មើសការបត់ និងវ៉ាជែង, ទី៥៖ ដឹកលើចំណុះ, ទី៦៖ គ្មានស្លាកលេខ និងទី៧៖ ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។
ដោយឡែកបទល្មើសរថយន្តទាំង៩ រួមមាន៖ ទី១៖ ល្បឿន, ទី២៖ ស្រវឹង, ទី៣៖ គ្មានបណ្ណបើកបរ, ទី៤៖ មិនគោរពភ្លើងសញ្ញា, ទី៥៖ ល្មើសក្នុងការបទ និងវ៉ាជែង, ទី៦៖ មិនពាក់ខ្សែក្រវ៉ាត់, ទី៧៖ ដឹកលើសចំណុះ, ទី៨៖ គ្មានស្លាកលេខ និងទី៩៖ និយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង។
ដូច្នេះមន្ត្រីនគរបាល មិនត្រូវអនុវត្តវិធានការចរាចរណ៍ តាមរយៈការឃាត់ និងហៅម្ចាស់យានយន្ត ទៅសាកសួរនៅក្នុងអំឡុងពួកគេបើកបរត្រឹមត្រូវតាមច្បាប់ ដែលមិនបានប្រព្រឹត្តខុស ដូចអ្វីដែលច្បាប់បានកំណត់បទល្មើសអាទិភាពខាងលើនេះទេ។ នេះបើតាមលោក ឆាយ គឹមឃឿន អ្នកនាំពាក្យស្នងការនគរបាលជាតិ។
ដោយសារតែនៅមានចំណុចខ្វះខាតនេះហើយ ទើបអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បញ្ជាឱ្យមានការកែតម្រូវឡើងវិញ។ ចំពោះករណីកងកម្លាំងនគរបាលចរាចរណ៍រូបណា ដែលបន្តប្រព្រឹត្ត ឬអនុវត្តន៍ច្បាប់ ខុសពីក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន អគ្គស្នងការនគរបាលជាតិ នឹងដាក់ពិន័យទៅតាមច្បាប់កងកម្លាំង ឬចាត់វិធានការតាមផ្លូវច្បាប់។
លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ ធ្លាប់បានអះអាងថា ប្រាក់ដែលបានពីការផាកពិន័យបទល្មើសចរាចរណ៍ នឹងផ្ដល់៧០ភាគរយ ទៅនគរបាលចរាចរណ៍ ដែលចុះអនុវត្តផ្ទាល់ ហើយ២៥ភាគរយ ប្រគល់ទៅអង្គភាព ចំណែក៥ភាគរយទៀត ត្រូវបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក បញ្ជាក់ថា គោលបំណងនៃផាកពិន័យ និងដំឡើងប្រាក់ពិន័យពី៣ទៅ៥ដងនេះ មិនមែនចង់បានប្រាក់ឡើយ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕