COVID-19
អន្តរជាតិ
ប្រមុខ WHO សរសើរជប៉ុនថា ជាប្រទេសទប់ស្កាត់COVID-19 បានជោគជ័យ លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក (ខាងឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នាទីក្រុងតូក្យូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ រូបភាព៖ Kyodo
× ប្រមុខអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃទី២៥ ខែឧសភា បានលើកឡើងថា លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការទប់ស្កាត់ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) គឺទទួលបានជោគជ័យ។ ការលើកឡើងបែបនេះ គឺធ្វើឡើងបន្ទាប់ពីជប៉ុន សម្រេចលើកចោលស្ថានភាពអាសន្ននៅទូទាំងប្រទេសរួមទាំងទីក្រុងតូក្យូ។
ថ្លែងនាសន្និសីទកាសែត ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានសរសើរជប៉ុនថា ជាប្រទេសអាចទប់ស្កាត់ COVID-19 បានល្អ ជាពិសេសថែមទាំងអាចបង្ការករណីឆ្លងកូរ៉ូណាវីរុសមិនឲ្យលើស ៧០០ករណីក្នុងមួយថ្ងៃក្នុងអំឡុងពេលជប៉ុនមានករណីឆ្លងកើនខ្ពស់បំផុត។
មិនត្រឹមតែទប់ស្កាត់ឲ្យករណីឆ្លងបានល្អប៉ុណ្ណោះទេ ប៉ុន្តែជប៉ុនក៏អាចការពារអត្រាស្លាប់ឲ្យនៅទាបបំផុតផងដែរ។ លោកTedros បានលើកឡើងបែបនេះ ដោយសង្កត់ធ្ងន់ថែមទៀតថា បើទោះបីជា អត្រាឆ្លងនៅជប៉ុនធ្លាក់ចុះមែន ប៉ុន្តែប្រជាជនទាំងអស់ មិនត្រូវភ្លេចវិធានការពារខ្លួន ការរក្សាគម្លាតសុវត្ថិភាព និងផ្សេងប្រុងប្រយ័ត្នជាមុនផ្សេងទៀតនោះឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។
ការលើកឡើងរបស់លោកប្រមុខ WHO ក្នុងកាលៈទេសៈបែបនេះ ធ្វើឡើងក្នុងពេលជប៉ុនលើកចោលស្ថានភាពអាសន្ននៅទូទាំងប្រទេស ដោយសារករណីឆ្លងកូរ៉ូណាវីរុស ធ្លាក់ចុះ។ នាថ្ងៃទី២៥ ខែឧសភា ជប៉ុនមានករណីឆ្លង ៣១ករណី និងស្លាប់ ១០ករណីប៉ុណ្ណោះ។ តួលេខនេះ គឺទាបណាស់ បើធៀបទៅនឹងករណីឆ្លងមួយរយៈមុខ ដែលជប៉ុនមានករណីឆ្លងក្នុងមួយថ្ងៃជាង ១០០ករណី ឬ២០០ករណី។
បើតាមវេបសាយ Worldometer តួលេខឆ្លងCOVID-19 សរុបនៅជប៉ុនមាន ១៦៥៨១ករណី ស្លាប់ចំនួន ៨៣០នាក់ និងអ្នកសះស្បើយមានចំនួន ១៣៦១២នាក់។ ចំណែកអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យមានចំនួន ២១៣៩នាក់។
សូមបញ្ជាក់ថា ក្នុងសន្និសីទដដែលនេះ លោកប្រធានប្រតិបត្តិអង្គការ WHO ទទួលបន្ទុកកម្មវិធីអាសន្ន បានបញ្ជាក់ថា ក្នុងរយៈពេលនេះ ប្រទេសទាំងអស់ កំពុងស្ថិតនៅពាក់កណ្តាលនៃរលកឆ្លងលើកទី១ នៃ COVID-19 តែប៉ុណ្ណោះ ខណៈករណីឆ្លងនៅតាមបណ្តាប្រទេសអាហ្វ្រិក និងអាមេរិកខាងត្បូង កំពុងកើនឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com