ពីនេះ ពីនោះ
តើ​មហាជន​និយាយ​អ្វីខ្លះ​ពី​ការលក់​ផ្ទះ​ស្ថាបត្យករ​ល្បី លោក វណ្ណ ម៉ូលីវណ្ណ ក្នុងតម្លៃ​៧​លាន​ដុល្លារ​?
26, May 2020 , 3:18 pm        
រូបភាព
ដោយ: ថ្មីៗ
​រឿង​កូ​វីដ​កាន់តែ​ឃ្លាតឆ្ងាយ​ពី សុធីរ និង​សំណាង ហើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ក្លើទាំងពីរ​នាក់ ​ងាក​មក​ចាប់អារម្មណ៍​ការជជែក​គ្នា​របស់​មហាជន ​ជុំវិញ​ការដាក់​លក់​គេហដ្ឋាន​របស់​ស្ថាបត្យករ​ល្បី​លោក វណ្ណ ម៉ូលីវណ្ណ ក្នុងតម្លៃ​ទឹកប្រាក់​៧​លាន​ដុល្លារ​អាមេរិក​។ លោក វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៧​។

 

 
​សំណាង​៖ អា សុធីរ​! អញ​លឺ​គេ​ថា ផ្ទះ​របស់​លោកតា វណ្ណ ម៉ូលីវណ្ណ ត្រូវបាន​គេ​ដាក់លក់​៧​លាន​ដុល្លារ ព័ត៌មាន​ហ្នឹង​មែន​ឬទេ​? 
 
​សុធីរ​៖ ព័ត៌មាន​ពិតមែន​តើ​! 
 
​សំណាង​៖ គួរ​ឲ្យ​ស្តាយ​ណាស់​វើ​យ​! 
 
​សុធីរ​៖ ម៉េច​បាន​ស្តាយ​? 
 
​សំណាង​៖ ព្រោះ​វា​ជា​ស្នាដៃ​ដែល​បង្កប់​ដោយ​តម្លៃ​វប្បធម៌ និង​ស្ថាបត្យកម្ម​ខ្មែរ ​មិនអាច​កាត់ថ្លៃ​បាន​។ ចុះ​អ្ហែង​យល់ថា​ម៉េច​? 
 
​សុធី​៖ តម្លៃ​វប្បធម៌ ឬ​ស្ថាបត្យកម្ម​វា​ធំ​ហើយ តែ​គ្រួសារ​ត្រូវការ​ថវិកា​ទៅហើយ។ ដូច្នេះ គ្រួសារ​ត្រូវតែ​ដាក់លក់​។ 
 
សំណាង​៖ ពេល​ប្រកាស​ដាក់លក់​ដូច្នេះ តើ​មហាជន​អត្ថាធិប្បាយ​យ៉ាងម៉េច​ខ្លះ​ដែរ​? 
 
​សុធីរ​៖ អើ​! អ្នកខ្លះ សម្តែង​ការសោកស្តាយ​ដោយ​និយាយថា គ្រួសារ​មិនគួរ​លក់​ទេ ព្រោះ វា​ជា​កេរដំណែល​របស់​គ្រួសារ របស់​ឪពុកម្តាយ របស់​ជីដូន​ជីតា​។​ល​។ អ្នកខ្លះ​ទៀតថា រដ្ឋ​គួរ​ទិញ ​ទុក​ធ្វើជា​សារៈមន្ទី ជា​បណ្ណាល័យ ជា​អគារ​ប្រវត្តិសាស្ត្រ ជា​រមណីយដ្ឋាន​ទេសចរណ៍​។​ល​។  
 
​សំណាង​៖ តម្លៃ​៧​លាន​ដុល្លារ​ថ្លៃ​ឬទេ អា សុធីរ​? 
 
​សុធីរ​៖ អ្ហែង​សួរ​អញ​អ៊ីចឹង អញ​ពិបាក​ឆ្លើយ​ណាស់​។ តម្លៃ​សរុប​៧​លាន​ដុល្លារ ​លើ​ទំហំ​ដី​ជាង​៩០០​ម៉ែត្រក្រឡា​។ បើ​គិត​ជា​ម៉ែត្រក្រឡា មានន័យថា មួយ​ម៉ែត្រក្រឡា​តម្លៃ​ជាង​៧០០០​ដុល្លារ​។ បើ​ផ្អែកលើ​តម្លៃ​អចលនទ្រព្យ វា​អាចមាន​តម្លៃ​ថ្លៃ​គួរសម​ដែរ​។ តែបើ​បូក​បញ្ចូល​តម្លៃ​វប្បធម៌ សិល្បៈ និង​ស្ថាបត្យកម្ម វា​មិន​ថ្លៃ​ទេ​។ តម្លៃ​ថ្លៃ ឬ​ថោក អាស្រ័យទៅលើ​អ្នកទិញ​។ តើ​គេ​ទិញ​ហើយ វ៉ៃ​ផ្ទះ​ចោល​សង់​ខុន​ដូរ ឬ​ទិញ​ហើយ​យក​ផ្ទះ​ធ្វើជា​សារមន្ទីរ​វប្បធម៌​ស្ថាបត្យកម្ម ឬ​យ៉ាងណា​? 
 
​សំណាង​៖ បើតាម​យោបល់​របស់​អ្ហែង​គួរ​ធ្វើ​យ៉ាងម៉េច​? 
 
​សុធីរ​៖ បើតាម​យោបល់​អញ​ផ្ទាល់ គឺថា​គ្រួសារ​គួរ​លក់​ក្នុង​តម្លៃថោក​ល្មម​ជូនទៅ​រដ្ ឋ​(​រាជធានី​ភ្នំពេញ​)​។ រួចមក រាជធានី​ភ្នំពេញ រក្សាទុក​ផ្ទះ​ហ្នឹង​ធ្វើជា​ទីតាំង​សារមន្ទី ឬ​ទីតាំង​ទេសចរណ៍​ប្រវត្តិសាស្ត្រ ឬ​ទីតាំង​អ្វី​ផ្សេង ​អាស្រ័យ​លើ​ការសម្រេច​របស់​រាជធានី​។ បន្ទាប់មក រាជធានី​ភ្នំពេញ ​អាច​លក់​សំបុត្រ​ចូល​ទស្សនា​ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ ហើយ​ប្រាក់ចំណូល​ទាំងអស់ ​ត្រូវ​បង្វិល​ចូល​រដ្ឋ​វិញ​។ មធ្យោបាយ​នេះ គ្រួសារ​ក៏​ចំណេញ រាជធានី​ភ្នំពេញ​ក៏​ចំណេញ ពលរដ្ឋ​ខ្មែរ បរទេស និង​មនុស្សជាតិ​ទាំងមូល ​ក៏​ចំណេញ​ ពី​កេរដំណែល​ប្រវត្តិសាស្ត្រ​មួយ​នេះដែរ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com