ជាតិ
«ភ្នំប្រាំពីរ» តំបន់បេតិកភណ្ឌធម្មជាតិលើផ្ទៃដីជាង៣៥០ហិកតានៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
× ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិឈ្មោះ«ភ្នំប្រាំពីរ» នៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តំបន់បេតិកភណ្ឌធម្មជាតិថ្មីនេះ ផ្ទៃដីសរុប៣៥៣,៩ហិកតា។ នេះបើយោងតាមអនុក្រឹត្យ កាលពីថ្ងៃ២៥ឧសភា ឆ្នាំ២០២០។
អនុក្រឹត្យ បានបញ្ជាក់ថា ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ«ភ្នំប្រាំពីរ»នេះឡើង គឺដើម្បីការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សជំនាន់ក្រោយ។ ការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ជំនឿ ដោយធានាថាគ្រប់សកម្មភាពទាំងនេះ មិនបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌ក្នុងមូលដ្ឋានឡើយ។ ពិសេសរក្សាកម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។
លើសពីនេះ ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិថ្មីនេះ នឹងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌ សម្រាប់ការប្រើប្រាស់ដោយនិរន្តភាព ជាមួយនឹងការលើកកម្ពស់ការចូលរួមពីសំណាក់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំប្រាំពីរ» ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៃរដ្ឋបាលខេត្តបាត់ដំបង ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្រមតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។
នៅខេត្តបាត់ដំបង មានតំបន់ និងរមណីដ្ឋានទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ មិនតិចជាង២០កន្លែងទេ។ ក្នុងនោះមានរមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិប្រាសាទបាណន់, រមណីដ្ឋានទេសចរណ៍វប្បធម៌ប្រាសាទឯកភ្នំ, រមណីយដ្ឋានធម្មជាតិថ្វាកស្រុករតនមណ្ឌល, រមណីយដ្ឋានប្រវត្តិសាស្ត្រទំនប់អាងបាសាក់, រមណីយដ្ឋានភ្នំព្រះ, រមណីយដ្ឋានធម្មជាតិភ្នំកាច់ផ្កា, កសិ- ទេសចរណ៍ភូមិ៣ ( ភូមិវត្តគរ ភូមិកំពង់សីមារ ភូមិឈើទាល ), ផ្ទះបុរាណ និងរមណីដ្ឋានទេសចរណ៍អាងកំពីងពួយ...៕
Tag:
បេតិកភណ្ឌធម្មជាតិ
ភ្នំប្រាំពីរ
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com