Holyfield ប្រាប់ Mike Tyson ថាបើ​ចង់​ឡើង​វ៉ៃ​ម្តងទៀត​ប្រាប់​មក​
កីឡាអន្តរជាតិ
អន្តរជាតិ
Holyfield ប្រាប់ Mike Tyson ថាបើ​ចង់​ឡើង​វ៉ៃ​ម្តងទៀត​ប្រាប់​មក​
26, May 2020 , 10:39 pm        
រូបភាព
​អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ Evander Holyfield នឹង​ឡើង​សង្វៀន​ប្រដាល់​ជាថ្មី​ទល់នឹង Mike Tyson ប្រសិនបើ​គូសត្រូវ​ចាស់​របស់ខ្លួន​រូបនេះ​ចង់​ប្រកួត​គ្នា​ម្តងទៀត​។ បើ​ពិតជា​មានការ​ប៉ះគ្នា​ជា​លើក​ទី​៣​មែន អតីត​កំពូល​អ្នក​ប្រដាល់​អាមេរិក​ទាំងពីរ​នឹង​ប្រកួត​គ្នា​លើ​រេញ​សប្បុរសធម៌​មួយ និង​ជា​ជំនួប​ប្រវត្តិសាស្ត្រ​ប្រដាល់​ផងដែរ​។​


Holyfield វ័យ ៥៧ ឆ្នាំ​ដែល​បាន​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​ក្នុង​ឆ្នាំ ២០១៤ បានឈ្នះ​ការប្រកួត​លើ Tyson ពីរលើក​ក្នុង​ទស្សវត្ស​ទី​៩០ ក្នុងនោះ​រួមទាំង​រឿង​ខាំ​ស្លឹកត្រចៀក​ផង ដោយ Tyson ដែលជា​អ្នកបង្ក​ត្រូវបាន​ដកសិទ្ធិ​ពី​ការប្រកួត​នោះ​។​
 
​ជាង​២០​ឆ្នាំក្រោយ អ្នក​ទាំងពីរ​បានរៀបចំ​ផែនការ​ត្រឡប់​ទៅកាន់​សង្វៀន​ប្រដាល់​រៀងៗ​ខ្លួន​វិញ​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​ដើម្បី​រៃអង្គាសប្រាក់​។ ជុំវិញ​ការវិលត្រឡប់​នេះ Holyfield បាន​អះអាងថា​ការជួបគ្នា​លើក​ទី​៣​អាចទៅរួច​ប្រសិនបើ Tyson ដែល​សព្វថ្ងៃ​ឈានដល់​វ័យ​៥៣​ឆ្នាំ​ចង់​វ៉ៃ​ជាមួយ​ខ្លួន​ម្តងទៀត​នោះ​។​


 
Holyfield ដែលមាន​ប្រវត្តិ​ប្រកួត​៥៧​លើក ឈ្នះ​៤៤ ចាញ់​១០ និង​មិនមាន​ការប្រកាស​លទ្ធផល​១​លើក​បន្ថែមថា​៖« ប្រសិនបើ​ខ្ញុំ​សួរ​គាត់ [Tyson] គឺ​ដូចជា​ខ្ញុំ​ទៅ​សម្លុត​គាត់ ឬក៏​និយាយថា​ខ្ញុំ​ចង់ទៅ​បង្ករឿង​នឹង​នរណាម្នាក់​ដែល​ខ្ញុំ​បាន​វាយ​ឈ្នះ​ពីរដង​មកហើយ​នោះ​»​។ នេះ​មានន័យថា Holyfield ចង់​ឲ្យ Tyson ជា​អ្នក​បបួល​ខ្លួន​ឡើង​វៃ​ក្នុងនាម​ជា​អ្នក​ចង់​សងសឹក​។​
 
Holyfield ទទួលបាន​ជ័យជំនះ​ចុងក្រោយ​ក្នុង​ឆ្នាំ ២០១១ នៅពេល​រូបគេ​ទទួលបាន​កំណត់ត្រា​ឈ្នះ​លើក​ទី​៤៤ ដោយ​ផ្តួល​ដៃគូ Brian Nielsen សញ្ជាតិ​ដា​ណឺ​ម៉ាក​ឲ្យ​សន្លប់​នា​ជំនួប​នៅ​ក្រុង Copenhagen​។​
 
​ដោយឡែក Mike Tyson ដែល​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​វ័យក្មេង​ជាងគេ​បំផុត​លើ​លោក​នៅត្រឹម​អាយុ​២០​ឆ្នាំ ក្នុង​ឆ្នាំ​១៩៨៦ បាន​ប្រកួត​ចុងក្រោយ​ទី​៥៨​ក្នុង​អាជីព​នៅ​ឆ្នាំ​២០០៥ ដោយ​ចាញ់​កីឡាករ​អៀរ​ឡង់ Kevin McBride ត្រឹម​ទឹក​ទី​៦៕
 

Tag:
 Evander Holyfield
  Mike Tyson
  Boxing
© រក្សាសិទ្ធិដោយ thmeythmey.com