COVID-19
អន្តរជាតិ
COVID-19៖ ថៃ​គ្រោង​ចេញ​ផែនការ​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​
27, May 2020 , 8:29 am        
រូបភាព
ភ្ញៀវទេសចរ តម្រង់ជួរចូលក្នុងផ្សាររាត្រីមួយក្នុងក្រុង បាងកក - ប្រភពរូប៖ AFP
ភ្ញៀវទេសចរ តម្រង់ជួរចូលក្នុងផ្សាររាត្រីមួយក្នុងក្រុង បាងកក - ប្រភពរូប៖ AFP
ដោយ:
​ថៃ រៀបចំ​ផែនការ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ដែល​នឹង​ចាប់ផ្ដើម​នា​ត្រីមាស​ទី​៣​ឆ្នាំ​២០២០ ។ គោលដៅ​គឺ​ដើម្បី​ជួយ​គាំទ្រ​សេដ្ឋកិច្ច​ប្រទេស​ដែល​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត​សកល COVID-19 ដ្បិត​ការធ្វើដំណើរ​សកល​និង​ការចំណាយ​ក្នុងស្រុក​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​

 
​សេដ្ឋកិច្ច​ថៃ​ដែលមាន​វិស័យ​ស្នូល​ចំនួន​២​ដូចជា​ការនាំចេញ និង​ទេសចរណ៍ អាច​ធ្លាក់ចុះ ៥ ទៅ ៦​ភាគរយ ក្នុង​ឆ្នាំ​២០២០​នេះ ដែលជា​អាត្រា​អាក្រក់​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​១៩៩៧-៩៨​មក​។ មូលហេតុ​គឺ​ដោយសារតែ​ជំងឺ​រាតត្បាត​សកល COVID-19 ដែល​បច្ចុប្បន្ន​សម្លាប់​ម​នុស្ស​ជាង​៣៤,៧​ម៉ឺន​នាក់ និង​ឆ្លង​ជាង​៥,៥​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ទីភ្នាក់ងារ​ផែនការ​រដ្ឋ​ថៃ បញ្ជាក់​បែបនេះ​។ 
 
​ប្រាប់​សន្និសីទ​ព័ត៌មាន នៅ​ថ្ងៃទី​២៥ ខែឧសភា អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​និង​អភិវឌ្ឍន៍​សង្គម​ថៃ លោក Thosaporn Sirisumphand និយាយថា ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ផ្សេងទៀត ត្រូវ​ផ្អាក​ដំណើរការ​អំឡុងពេល​វិបត្តិ COVID-19 ហើយ​រដ្ឋាភិបាល​ត្រូវ​ចំណាយ និង​ដាក់ចេញ​វិធានការ​យកពន្ធ​ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​។ 
 
​តាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Thosaporn បញ្ជាក់ថា រដ្ឋាភិបាល​រំពឹង​ដាក់ចេញ​កញ្ចប់​មួយ​សម្រាប់​ការធ្វើដំណើរ​កម្សាន្ត​ក្នុងស្រុក​ចាប់ពី​ខែកក្កដា​ទៅ ហើយ​ព័ត៌មាន​លម្អិត​ជុំវិញ​រឿងនេះ នឹងត្រូវ​បង្ហាញ​នា​ពាក់កណ្ដាល​ខែមិថុនា​ខាងមុខ​។ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​វិស័យ​ទេសចរណ៍ គួរតែ​ជា​វិស័យ​ស្នូល​ជំរុញ​សេដ្ឋកិច្ច​លឿន​រហ័ស​មួយ​។ ប្រសិនបើ​ស្ថានការណ៍ (COVID-19) ធូរស្រាល យើង​ប្រហែល​បើកទទួល​ភ្ញៀវទេសច​រ​ឲ្យ​ចូលមក​លេង​វិញ​»​។​
 
​ម្យ៉ាងវិញទៀត លោក​អគ្គលេខាធិការ Thosaporn បញ្ជាក់ទៀតថា ផែនការ​ពង្រឹង​វិស័យ​ទេសចរណ​ក្នុងស្រុក នឹងត្រូវ​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ ដោយ​យក​ចេញពី​កញ្ចប់​ថវិកា​១​ទ្រី​លាន​បាត (៣១,៣២​ពាន់​លាន​ដុល្លារ​) ។ នេះ​គឺជា​កញ្ចប់​ថវិកា​ដែល​រដ្ឋាភិបាល​ថៃ​នឹង​ខ្ចី​ដើម្បី​កាត់​ន្ថ​យ​ផលប៉ះពាល់​ដោយសារ​ជំងឺ COVID-19 លើ​ការងារ​។ 
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន ការចំណាយ​របស់់​ភ្ញៀវទេសចរ​បរទេស ស្មើនឹង​១១,៤​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ថៃ ខណៈ​វិស័យ​ទេសចរ​ក្នុងស្រុក ស្មើនឹង ៦​ភាគរយ​នៃ GDP ។ បើតាម​ការបញ្ជា​ក់រប​ស់​អាជ្ញាធរ​ទេសចរណ៍​ថៃ ការមកដល់​នៃ​ភ្ញៀវទេសចរ​បរទេស​ក្នុងប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ប្រហែល​ធ្លាក់ចុះ​រហូតដល់​៦៥​ភាគរយ ដោយសារ COVID-19​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៦ ខែឧសភា ថៃ មាន​ករណី​ឆ្លង​COVID-19​សរុប ៣០៤២​ករណី និង​អ្នកស្លាប់ ៥៧​នាក់ ចាប់តាំងពី​ផ្ទុះ​រាលដាល​លើកដំបូង​ក្នុងប្រទេស​នេះ​កាលពី​ខែមករា​មក​។  អាជីវកម្ម​ខ្លះ ត្រូវ​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​ជា​បណ្ដើរៗ​ហើយ​៕ 

Tag:
 ថៃ​
  COVID-19
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com