អន្តរជាតិ
មហាសេដ្ឋីកាស៊ីណូប្រចាំម៉ាកាវ លោក Stanley Ho ទទួលមរណភាពនៅវ័យ៩៨ឆ្នាំ មហាសេដ្ឋី និងជាបិតាកាស៊ីណូប្រចាំទីក្រុងម៉ាកាវ លោក Stanley Ho។ រូបភាព៖ Getty Images
× មហាសេដ្ឋីកាស៊ីណូប្រចាំនៅទីក្រុងម៉ាកាវ លោក ស្ទេនលី ហូ (Stanley Ho) បានទទួលមរណភាពនៅវ័យ ៩៨ឆ្នាំ នារសៀលថ្ងៃទី២៦ ខែឧសភា នៅមន្ទីរពេទ្យមួយក្នុងទីក្រុងហុងកុង។ នេះបើតាមការបញ្ជាក់ពីសមាជិកគ្រួសាររបស់លោក ស្ទេនលី ហូ។
លោកស្រី Pansy Ho ដែលត្រូវជាកូនស្រីរបស់លោក ហូ បានប្រាប់អ្នកសារព័ត៌មានថា៖ «ឪពុករបស់ខ្ញុំ បានទទួលមរណភាពនៅវេលាម៉ោង ១រសៀលនាមន្ទីរពេទ្យ Hong Kong Sanatorium and Hospital»។ លោក ស្ទេនលី ហូ បានកើតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩២១។ គិតមកទល់ពេលនេះ លោកបានទទួលមរណភាពនៅក្នុងអាយុ ៩៨ឆ្នាំ។
ផ្តើមបើកកាស៊ីណូពីទីតាំងតូចៗរហូតដល់ធំ និងត្រូវបានគេស្គាល់ថាជា បិតាកាស៊ីណូប្រចាំទីក្រុងម៉ាកាវ លោក ហូ បានហាមមនុស្សជិតដិត និងមនុស្សជាទីស្រលាញ់របស់លោក ទាំងអស់មិនឲ្យពាក់ព័ន្ធ ឬលេងល្បែងស៊ីសងឡើយ។ ជាមហាសេដ្ឋីនៅក្នុងទឹកដីម៉ាកាវ លោក ហូ មានប្រពន្ធចំនួន ៤នាក់ និងកូនប្រុសរ្ីចំនួន ១៧នាក់។ តាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes លោកហូ និងក្រុមគ្រួសារ មានទ្រព្យសម្បត្តិប្រមាណជា ២ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០។
បើទោះបីជាមានព័ត៌មានជុំវិញការស្លាប់របស់បិតាកាស៊ីណូរូបនេះក៏ដោយ ក៏ក្រុមហ៊ុនរបស់លោកមិនបានធ្លាក់ភាគហ៊ុនឡើយ ប៉ុន្តែមានតែឡើងជាងមុន។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia ក្រុមហ៊ុន SJM Holdings Ltd បានឡើងប្រមាណជា ៨,៥ភាគរយ, ក្រុមហ៊ុន Shun Tak Holdings បានឡើង ១៧,៦ភាគរយ, ក្រុមហ៊ុនកាស៊ីណូ Melco ឡើយ ៤,៩ភាគរយ និងសន្ទស្សន៍ទីផ្សារភាគហ៊ុន គឺឡើងចំនួន ២ភាគរយ។
ដោយស្ថិតក្នុងវ័យជរា នៅក្នុងឆ្នាំ២០១៧ លោកហូ បានចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន Shun Tak Holdings និងឲ្យលោកស្រី Pansy Ho ឡើងជំនួស។ នៅឆ្នាំបន្ទាប់លោក ហូ ដើរចេញពីក្រុមហ៊ុន SJM Holdings និងឲ្យកូនស្រី Daisy Ho កាន់កាប់ជំនួសវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com