ប្រធានាធិបតី​ហ្វីលីពីន​៖ បើក​សាលារៀន​ឡើងវិញ​បាន ទាល់​តែមាន​វ៉ាក់សាំង COVID-19
COVID-19
អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន​៖ បើក​សាលារៀន​ឡើងវិញ​បាន ទាល់​តែមាន​វ៉ាក់សាំង COVID-19
26, May 2020 , 10:29 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (AFP)
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (AFP)
ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បញ្ជាក់ថា លោក​នឹងមិន​អនុញ្ញាត​ឲ្យ​សិស្ស​ឬ​និស្សិត​ត្រលប់​ទៅ​សាលារៀន​វិញ​ឡើយ ពោលគឺ​រហូតដល់​មាន​វ៉ាក់សាំង COVID-19​។ ជំនួស​ឲ្យ​ចូល​អង្គុយ​រៀន​ក្នុង​ថ្នាក់ ក្រសួង​អប់រំ​ហ្វីលីពីន បានប្រកាស​យក​ការបង្រៀន​តាម​អន​ឡាញ​ទៅប្រើ​សម្រាប់​ឆ្នាំ​សិក្សា​ខាងមុខ ។​

 
​សិស្ស​ហ្វីលីពីន បានកំណត់​ឲ្យ​ត្រលប់​ទៅ​សាលារៀន​ពួកគេ​វិញ​នា​ចុងខែ​សីហា​ខាងមុខ ក្រោយ​ថ្នាក់រៀន​សម្រាប់​សិស្ស​កម្រិត​បឋមសិក្សា​និង​អនុវិទ្យាល័យ​ជាង​២៥​លាន​នាក់ បាន​បិទទ្វារ​ក្នុង​ខែមីនា នៅពេល COVID-19 បាន​ផ្ដើម​រាលដាល​ក្នុងប្រទេស​នេះ​។ 
 
​ក៏ប៉ុន្តែ​ក្នុង​សុន្ទរកថា​ដែល​ចាក់ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃទី​២៥ ខែឧសភា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និយាយថា ហានិភ័យ​ឆ្លង COVID-19 គឺ​នៅ​ខ្ពស់​ណាស់​។ លោក​បកស្រាយ​ដូច្នេះ​ថា​៖«​ប្រសិនបើ​ខ្ញុំ​មិន​ប្រាកដថា ពួកគេ (​សិស្ស​) មាន​សុវត្ថិភាព​ទេនោះ វា​គ្មាន​ប្រយោជន៍​អ្វីដែល​និយាយ​អំពី​ការបើក​ថ្នាក់រៀន​ឡើងវិញ​នោះឡើយ​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​ប្រធានាធិបតី សង្កត់ធ្ងន់ថា​៖«​ត្រូវមាន​វ៉ាក់សាំង​សិន​។ ប្រសិនបើ​មាន​ហើយ លោក​នឹង​អនុញ្ញាត​បើក​សាលា​ឡើងវិញ​។  ប្រសិនបើ​គ្មាន​នរណា​រៀន​ចប់​ថ្នាក់​ទេនោះ (​គ្រប់គ្នា​)​ត្រូវ​ព្រម​ទទួលស្គាល់​ការពិត​បែបនេះ​»​។ 
 
​នៅ​ហ្វីលីពីន ជាធម្មតា សាលារៀន​រដ្ឋ តែង​ដំណើរការ​ចាប់ពី​ខែមិថុនា​ទៅ​ខែមេសា ក៏ប៉ុន្តែ​អាជ្ញាធរ​លើក​ពេល​ពិធី​បើក​បវេសនកាល ខណៈ​ករណី​ឆ្លង COVID-19 កើនឡើង ហើយ​បញ្ជា​បិទ​ប្រទេស​តឹងរ៉ឹង​ផ្អាក​សកម្មភាព​ស្ទើរ​មួយ​ប្រទេស​។ 
 
​ជំនួស​ឲ្យ​ចូល​អង្គុយ​រៀន​ក្នុង​ថ្នាក់ ក្រសួង​អប់រំ​ហ្វីលីពីន បានប្រកាស​ពី​វិធានការ​សិក្សា​ពី​ចម្ងាយ ដូចជា ថ្នាក់រៀន​តាម​អន​ឡាញ ។ វិធីសាស្ត្រ​បែបនេះ បើតាម​ក្រសួង នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ឆ្នាំ​សិក្សា​នាពេលខាងមុខ​។ 
 
​បញ្ហា​ប្រឈម​គឺមាន​សម្រាប់​ការសិក្សា​តាម​អន​ឡាញ​។ ប្រជាជន​ហ្វីលីពីន​រាប់លាន​នាក់ កំពុង​រស់នៅក្នុង​ភាពក្រីក្រ​តោកយ៉ាក ហើយ​ពួកគេ​គ្មាន​ឧបករណ៍​អេឡិចត្រូនិក​ទំនើបៗ ដូចជា កុំព្យូទ័រ ជាដើម នៅផ្ទះ​ពួកគេ​ឡើយ ដែលជា​សម្ភារ​ដ៏​សំខាន់​សម្រាប់​សិក្សា​ថ្នាក់រៀន​តាម​អន​ឡាញ​៕ 
 
 

Tag:
 ហ្វីលីពីន​
  COVID-19
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com