ជាតិ
កម្ពុជា នឹងបន្តមានភ្លៀង តាមតំបន់នានា ពីថ្ងៃ២៧ឧសភា ដល់ថ្ងៃ២ខែមិថុនា រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ ខ្យល់មូសុងនិរតី នឹងបក់ខ្លាំងមកលើកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី២៥ ទៅ ២៧អង្សា ហើយសីតុណ្ហភាពអតិបរមា មានពី៣៣ ទៅ ៣៦អង្សា។ បណ្ដាខេត្តនៅតំបន់វាលទំនាប ក៏អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ហើយមានផ្នែកខ្លះនៃវាលទំនាបភាគពាយព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី២៣ ទៅ ២៥អង្សា និងអតិបរមាពី៣២ ទៅ ៣៥អង្សា ហើយក្នុងនោះ ក៏អាចនឹងមានភ្លៀងពីតិចទៅបង្គួរ ដោយបណ្ដាខេត្តនៅភាគឦសានជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម។ ចំណែកបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី២៦ ទៅ ២៨អង្សា និងសីតុណ្ហភាពអតិបរមា មានពី៣២ ទៅ ៣៥អង្សា ហើយអាចនឹងមានភ្លៀពីតិចទៅបង្គួរ។
តាមរយៈសេចក្ដីជូនដំណឹង ក្រសួង អំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ៕
© រក្សាសិទ្ធិដោយ thmeythmey.com