កីឡាជាតិ
ជាតិ
លី​គ​កំពូល​កម្ពុជា ពន្យារពេល​បើក​ការប្រកួត​ដល់​ដើមខែ​កក្កដា​
26, May 2020 , 4:58 pm        
រូបភាព
ដោយ:
​ទោះបី​ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ បើក​ការប្រកួត​កីឡា​ឡើងវិញ​គ្រប់​ទម្រង់​ចាប់ពី​ខែមិថុនា ក៏ដោយ ពានរង្វាន់លី​គ​កំពូល​កម្ពុជា បន្ត​ពន្យារ​ពេល​រហូតដល់​ដើមខែ​កក្កដា​។ ការពន្យារ​ពេលនេះ គឺ​ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​តាម​ក្លិប​នីមួយៗ​ហ្វឹកហាត់​ត្រៀម​ឲ្យ​បានល្អ ក្រោយ​ផ្អាក​ការហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ​។

 
​លោក កែវ សារ៉េត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​និយាយថា គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​(CNCC)​សម្រេច​មិន​បើក​ការប្រកួត​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន តាម​ពេលវេលា ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​អនុញ្ញាត​នោះឡើយ​។ បើតាម​អគ្គលេខាធិការ​រូបនេះ CNCC បានសម្រេច​ពន្យារពេល​ក្នុង​ការបើក​ពានរង្វាន់​ទាំងនេះ​រហូតដល់​ដើមខែ​កក្កដា ឆ្នាំ​២០២០​។ 
 
​ការសម្រេច​បែបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្វែងរក​បញ្ហា​ប្រឈម​នានា​រវាង CNCC ជាមួយ​តំណាង​ក្លិប​នីមួយៗ​កាលពី​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០២០​។ ការពន្យា​ពេល​១​ខែ​បន្ថែម​ក្នុង​ការបើក​ការប្រកួត​ឡើងវិញ​នេះ គឺ​ដើម្បី​ឲ្យ​កីឡាករ​តាម​ក្លិប​នីមួយៗ​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ហ្វឹកហាត់​ស្តារ​កម្លាំង និង​បច្ចេកទេស​ឡើងវិញ​។ ម្យ៉ាងទៀត CNCC ចង់​ឲ្យ​លី​គ​កំពូល​ត្រឡប់មកវិញ​ជាមួយ​ការប្រកួត​ដ៏​ទាក់ទាញ​។   
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​លោក កែវ សារ៉េត បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើតាម​យើង​ប្រមូល​ព័ត៌មាន​មក CNCC គេ​បាន​ត្រៀម​រួចហើយ តែបើ​មើល​ទៅលើ​ពេលវេលា​ហ្វឹកហាត់​របស់​កីឡាករ​តាម​ក្លិប​នីមួយៗ ហាក់ដូចជា​ដាច់ មិនសូវ​បាន​ហាត់ ដូច្នេះ​ការចូល​លេង​វិញ​លឿន​ពេក វា​ក៏​មិនសូវ​ល្អ​ដែរ ទើប CNCC ទុកពេល​ឲ្យ​ត្រៀម​ហ្វឹកហាត់​។ តាម​ការប្រជុំ​ពី​ម្សិលមិញ CNCC បាន​ប្រាប់​ទៅ​ក្លិប​ទាំងអស់ គឺ​នឹង​លេង​នៅ​ដើមខែ​កក្កដា​»​។  
 
​បើតាម​អគ្គលេខាធិការ​រូបនេះ CNCC ទំនងជា​អាច​ផ្លាស់ប្តូរ​រូបមន្ត​ប្រកួត​ពី​ពីរ​ជើង​មក​ធ្វើ​ត្រឹម​តែមួយ​ជើង​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​អះអាងថា គម្រោង​នេះ​កំពុងស្ថិត​ក្នុងការ​ពិចារណា ពុំទាន់​មាន​លិខិតបញ្ជាក់​ជា​ផ្លូវការ​នោះទេ​។ 
 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃទី​២៦ ខែឧសភា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ បើក​ការប្រកួត​កីឡា​ឡើងវិញ​គ្រប់​ទម្រង់ ក្រោមរូបភាព​ប្រកួត​បិទទ្វារ​មិន​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​។ រាល់​ការប្រកួត​នីមួយៗ ក្រសួង អនុញ្ញាត​ឲ្យ​មានតែ​កីឡាករ គ្រូបង្វឹក និង​អាជ្ញាកណ្តាល​ចៅក្រម ដោយ​មិន​លើសពី​១០០​នាក់​។​
 
​ក្រសួង​ដាក់​បម្រាម​បែបនេះ គឺ​ដើម្បី​រួមចំណែក​បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ បច្ចុប្បន្ន​កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩​តែ​ពីរ​នាក់​ប៉ុណ្ណោះ ខណៈ​១២២​នាក់​ផ្សេងទៀត​បាន​ព្យាបាល​ជាសះស្បើយ​៕  
 
 

Tag:
 បាល់ទាត់​
  កែវ សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com