បុរស២នាក់ស្លាប់ និងបុរស៣នាក់ទៀត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយហូបត្រីក្រពត
ជាតិ
សង្គមជាតិ
បុរស២នាក់ស្លាប់ និងបុរស៣នាក់ទៀត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយហូបត្រីក្រពត
26, May 2020 , 5:30 pm        
រូបភាព
បុរស២នាក់បានស្លាប់ និងបុរស៣នាក់ទៀត កំពុងតែព្យាបាលនៅមណ្ឌលសុខភាពខេត្តកំពង់ស្ពឺ ដោយសារពុលត្រីក្រពត កាលពីថ្ងៃទី២៥ ខែឧសភា។



លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ  បានប្រាប់អ្នកសារព័ត៌មានថ្មីៗ តាមទូរសព្ទថា  មុនឈានដល់មានហេតុការណ៍នេះ បុរសទាំង៥នាក់នោះ បានទៅនេសាទត្រី នៅក្នុងដែនជម្រកព្រៃឈើ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចហើយពួកគេ ក៏បានចាប់ត្រីក្រពតសម្រាប់ធ្វើជាម្ហូបអាហារពេលល្ងាច។ លោក បន្តថា ក្រោយបរិភាគហើយ ពួកគេក៏មានអាការពុលដែលធ្វើឲ្យបុរសម្នាក់ ក្នុងចំណោមបុរសទាំង៥នាក់ទៀត បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែក៣នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យសង្រ្គោះទាន់ពេលវេលា។

លោកអភិបាលខេត្ត បន្ថែមថា សាកសពបុរសទាំង២នាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិហើយ។ លោក អះអាងថា ក្នុងហេតុការណ៍នោះ ក៏ធ្វើឲ្យមាន់៧ក្បាល និងឆ្កែ១ក្បាល ដែលបានស៊ីពោះត្រីក្រពតនោះ។

អភិបាលខេត្តកំពង់ស្ពឺ បានណែនាំឲ្យពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ឬក៏អ្នកធ្វើការនៅឆ្ងាយៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងបរិភាគអាហារប្រភេទអ្វីមួយ ដើម្បីជៀសផុតកុំឲ្យមានហេតុការណ៍កើតឡើងបែបនេះទៀត។

លោក មានប្រសាសន៍ថា៖«សូមមេត្តា កុំហូបត្រីក្រពត។ ហើយរស់នៅត្រូវតែអនាម័យឲ្យបានល្អ និងត្រឹមត្រូវ។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ត្រីក្រពតគឺវាពុល ជាពិសេសគឺវាពុលដោយសារអាចម៍ និងពោះរបស់វា។ អ៊ីចឹងគាត់ធ្វើវាអត់បានត្រឹមត្រូវ អ៊ីចឹងវានាំឲ្យការបាត់បង់ជីវីតភ្លាមៗ»៕

Tag:
 ពុលត្រីក្រពត
© រក្សាសិទ្ធិដោយ thmeythmey.com