COVID-19
ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ព្រមចុះការប្រាក់១ភាគរយទៀត សម្រាប់ SME ក្នុងវិស័យកសិកម្ម
× ភ្នំពេញ៖ រដ្ឋាភិបាល យល់ព្រមចុះអត្រាការប្រាក់ចំនួន ១ ភាគរយទៀត នៃកញ្ចប់ថវិកាពិសេសទំហំ៥០លានដុល្លារ ដែលរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ផ្តល់ឱ្យSME ដែលធ្វើការលើវិស័យកសិកម្ម។ ការសម្រេចនេះ គឺតាមរយៈនេះសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល ស្តីពីវិធានាការបន្ថែមសំដៅដល់ការជួយវិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលនៃជំងឺកូវីដ-១៩ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ជុំទី៤ កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២០។
ការចុះថ្លៃការប្រាក់ចំនួន ១ ភាគរយទៀតនេះ មានន័យថា ម្ចាស់សហគ្រាសដែលខ្ចីឥណទានពិសេសនេះយកទៅធ្វើជាទុនបង្វិល ត្រូវចុះពី៦ភាគរយ មកនៅ៥ភាគរយ។ ចំណែកម្ចាស់សហគ្រាសដែលខ្ចីប្រាក់សម្រាប់យកទៅវិនិយោគ គឺចុះពីការប្រាក់៦,៥ មកនៅត្រឹម៥,៥ភាគរយវិញ។ ក្រៅតែពីការទម្លាក់អត្រាការប្រាក់ រដ្ឋាភិបាលក៏បានទុកលទ្ធភាពឱ្យម្ចាស់សហគ្រាសដែលខ្ចីប្រាក់យកធ្វើជាទុនបង្វិល មានរយៈរហូតដល់៧ឆ្នាំ។ តែចំពោះម្ចាស់សហគ្រាសដែលខ្ចីប្រាក់សម្រាប់វិនិយោគវិញ គឺនៅតែរក្សារយៈពេលខ្ចីយ៉ាងយូរ២ឆ្នាំដដែល។
សូមបញ្ជាក់ថានេះ សេចក្តីប្រកាសព័ត៌មានថ្មីនេះ គឺបានកែសម្រួលលើវិធានការផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្ម កាលពីថ្ងៃទី១៦មីនា ឆ្នាំ២០២០ ដែលរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា៥០លានដុល្លារ សម្រាប់ជួយដោះស្រាយបញ្ហាវិនិយោគរបស់ SME ដែលធ្វើការលើវិស័យកសិកម្ម ក្នុងអំឡុងវិបត្តិកូវីដ-១៩។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ម្ចាស់សហគ្រាសនីមួយៗ អាចមានលទ្ធភាពទទួលបានឥណទានក្នុងកញ្ចប់ថវិការដ្ឋ ៥០លានដុល្លារនេះ បានត្រឹម៣០ម៉ឺនដុល្លារ។ ប៉ុន្តែបច្ចុប្បន្នរដ្ឋាភិបាល សម្រេចពង្រីកវិសាលភាពនៃការផ្តល់ឥណទាននេះ ដល់បណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ដោយលើកទឹកចិត្តចំពោះ SMEណា ដែលពាក់ព័ន្ធឱ្យប្រើប្រាស់សេវាបច្ចេកទេស របស់មជ្ឈមណ្ឌល«សហគ្រិនខ្មែរ» ដើម្បីសម្រួលដល់ការទទួលបានឥណទាននេះ៕
Tag:
EMS
កសិកម្ម
ធនាគារងភិវឌ្ឍន៍ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com