COVID-19
អន្តរជាតិ
សិង្ហ​បុរី​បញ្ចេញ​កញ្ចប់​ថវិកា​លើក​ទី​៤​ក្នុងឆ្នាំនេះ ជួយ​ពលរដ្ឋ​ឆ្លង​គ្រា​លំបាក COVID-19
27, May 2020 , 11:34 am        
រូបភាព
លោក ឧបនាយករដ្ឋមន្ត្រី Heng Swee Keat ថ្លែងនៅសភាសិង្ហបុរី នៅថ្ងៃទី២៦ ខែឧសភា (Channel News Asia)
លោក ឧបនាយករដ្ឋមន្ត្រី Heng Swee Keat ថ្លែងនៅសភាសិង្ហបុរី នៅថ្ងៃទី២៦ ខែឧសភា (Channel News Asia)
ដោយ:
កញ្ចប់​ថវិកា​ជាង​២៣,២៧​ពាន់​លាន​ដុល្លារ​ថ្មី​សន្លាង​មួយ ត្រូវបាន​លើក​បង្ហាញ​ក្នុង​សភា​សិង្ហ​បុរី​ដោយ​ឧបនាយករដ្ឋមន្ត្រី Heng Swee Keat នៅ​ថ្ងៃទី​២៦ ខែឧសភា​។ កញ្ចប់​ថវិកា​នេះ​មាន​គោលដៅ​ផ្ដោតលើ​ការបង្កើត​ការងារ ហើយ​ជួយ​បុគ្គលិក​និង​អាជីវកម្ម​ឆ្លងកាត់​គ្រា​លំបាក​អំឡុងពេល​ជំងឺ​រាតត្បាត​សកល COVID-19 ។​

 
​ថ្លែង​នៅមុខ​សមាជិកសភា​សិង្ហ​បុរី លោក​ឧបនាយករដ្ឋមន្ត្រី Heng Swee Keat គូសបញ្ជាក់ថា កញ្ចប់​ថវិកា​ហៅថា Fortitude (​អំណត់​ធ្មត់​) ដែលជា​កញ្ចប់​ថវិកា​ទី​៤​របស់​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០២០​នេះ មាន​គោលដៅ​ជួយ​បណ្ដា​អាជីវកម្ម​និង​បុគ្គលិក​សម្រប​ខ្លួន ផ្លាស់ប្តូរ និង​ឆក់យក​កាលានុវត្តភាព  ដើម្បី​ងើបឡើង​វិញ​ខ្លាំង​ជាង​មុន​។ 
 
«​ការផ្តោត​ស្នូល​នៃ​កញ្ចប់​ថវិកា​នេះ គឺ ការងារ​។ កញ្ចប់​ថវិកា​នេះ នឹង​បន្ត​ជួយ​គាំទ្រ​បុគ្គលិក​និង​អាជីវកម្ម​ដែល​នៅ​រង​ប៉ះពាល់​ដោយ​ចំណាត់ការ​គម្លាត​សុវត្ថិភាព​និង​ការបិទ​ព្រំដែន​»​។ លោក Heng ដែល​ក៏​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី បញ្ជាក់​បែបនេះ​។ តាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​មានបំណង​ផ្ដល់ឱកាស​ឲ្យ​បុគ្គលិក​និង​អាជីវកម្ម​ឆ្លងកាត់​ព្យុះភ្លៀង​នេះ​រួមគ្នា​ក្នុង​ឥរិយាបទ​ប្រកបដោយ​ថាមពល​។ 
 
​ការបញ្ចេញ​កញ្ចប់​ថវិកា​នេះ ធ្វើឡើង​ខណៈ​សិង្ហ​បុរី​ត្រៀមលក្ខណៈ​បើក​សេដ្ឋកិច្ច​ឡើងវិញ​ក្នុងដំណាក់កាល​ទី​៣ ក្រោយ​ការ​រឹតបណ្ដឹង COVID-19 (circuit breaker) ជិត​២​ខែ​។ ទាក់ទិន​បញ្ហា​នេះ លោក​Heng អះអាងថា ខណៈ​សិង្ហ​បុរី​បើក​ប្រទេស​ឡើងវិញ​ជា​បណ្ដើរៗ រដ្ឋាភិបាល​នឹង​បន្ត​ជួយ​គាំទ្រ​បន្ថែម​ដល់​អាជីវកម្ម ដែល​ពុំទាន់​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការបើក​ដំណើរការ​ជាថ្មី និង​ជួយ​ដល់​បុគ្គលិក​ដែល​ទាន់​អាច​បន្តការងារ​ពួកគេ​បាន​។ ត្រង់នេះ​លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​រឿង​សំខាន់បំផុត​នោះ​គឺ​ការបើក (​ប្រទេស​) ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព ហើយ​នេះ​ត្រូវធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន​»​។​
 
​កញ្ចប់​ថវិកា​ថ្មី​ទំហំ​ជាង​២៣​ពាន់​លាន​ដុល្លារ​នេះ គឺជា​កញ្ចប់​ថវិកា​ទី​៤​ហើយ​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០២០​។ បូករួម​ជាមួយ​កញ្ចប់​ថវិកា​៣​ផ្សេងទៀត​ដែល​បាន​អនុវត្ត​រួចរាល់  សិង្ហ​បុរី​ចាយលុយ​៦៥,៥៣​ពាន់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ប្រជាជន​ខ្លួន​ក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង COVID-19 ។ នេះ​បើតាម​ការអះអាង​របស់​លោក Heng​។ ថវិកា​នេះ ស្មើ​ជិត​២០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ (GDP) របស់​ប្រទេស​សិង្ហ​បុរី​។​
 
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៦ ខែឧសភា បាន​រំលឹក​ជាថ្មី​ថា ការ​សន្សំ​និង​ការបង្កើត​ការងារ នឹង​ក្លាយជា​ចំណុច​អាទិភាព​របស់​រដ្ឋាភិបាល  ហើយ​វា​ក៏​នឹង​ជួយ​គាំទ្រ​ដល់ទី​ភ្នាក់ងារ​ជួរមុខ គ្រួសារ​សិង្ហ​បុរី និង​សហគមន៍ ព្រមទាំង​ជួយ​អ្នកទន់ខ្សោយ​និង​ត្រូវការ​ជំនួយ​ចាំបាច់​ផងដែរ​។ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​គ្មាន​នរណាម្នាក់ នឹងត្រូវ​មើលរំលង​ឡើយ​»​។  
 
​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី Heng រដ្ឋាភិបាល នឹង​បង្កើត​ការងារ​បន្ថែម​ជាង​៤​ម៉ឺន​កន្លែង​ក្នុង​វិស័យ​សាធារណៈ​និង​ឯកជន ហើយ​រដ្ឋាភិបាល​ត្រៀម​លុយ​១,៤១​ពាន់​លាន​ដុល្លារ​សម្រាប់​រឿងនេះ​។ ម្យ៉ាងទៀត ខណៈ​ជំងឺ​រាតត្បាត​សកល COVID-19 ព​ន្លឿ​ន​សន្ទុះ​នៃ​ការវិវត្ត​ផ្នែក​ឌី​ចី​ថ​ល និង​ការ​ថមថយ​ក្នុងការ​គាំទ្រ​សកលភាវូបនីយកម្ម ក៏ដូចជា​ការផ្លាស់ប្តូរ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​សកល សិង្ហ​បុរី នឹង​ត្រៀម​ថវិកា​៣៥២​លាន​ដុល្លារ​ដើម្បី​ជួយ​គាំទ្រ​អាជីវកម្ម​ក្នុងការ​អភិវឌ្ឍ​ផ្នែក​ឌី​ចី​ថ​ល​ពួកគេ​។ តួយ៉ាង អាជីវកម្ម អាច​ទទួល​លុយ​រហូតដល់ ៣៥២៦​ដុល្លារ បើ​ពួកគេ​អនុវត្ត​ការបង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​។​
 
​ទន្ទឹមនេះ លោក Heng ក៏បាន​ប្រកាស​ចំណាត់​ការជួយ​គាំទ្រ​អាជីវកម្ម ជាពិសេស សហគ្រាស​តូច​និង​មធ្យម (SMEs) ជាមួយ​ការបង់ថ្លៃ​ជួល​ទីតាំង​អាជីវកម្ម​ផងដែរ​។ នេះ​គឺ​រាប់បញ្ចូល​ការផ្ដល់​លុយ​ជំនួយ​ប្រមាណ​១,៤១​ពាន់​លាន​ដុល្លារ​ទូទាត់​ថ្លៃ​ជួល​ទីតាំង​អាជីវកម្ម​របស់ SME ។ ដោយឡែក លុយ​៥៦៤​លាន​ដុល្លារ​ទៀត នឹងត្រូវ​ទុក​សម្រាប់​ផ្ដល់ជូន​ប្រជាជន​ដែល​បាត់បង់​ការងារ ឬ​ប្រាក់ចំណូល​ធ្លាក់ចុះ​។​
 
​សូម​បញ្ជាក់ដែរថា សិង្ហ​បុរី​កំពុង​ត្រៀមលក្ខណៈ​សម្រាប់​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​ពុំ​ធ្លាប់​កើតមាន​។​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២០ ខណៈ​សេដ្ឋកិច្ច​បន្ត​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 ។ បើតាម​ក្រសួង GDP សិង្ហ​បុរី រំពឹង​ធ្លាក់ចុះ​ចន្លោះ ៤ និង​៧​ភាគរយ ដែល​ថយចុះ​ពី​ការ​ព្យាករ​លើក​មុន​ចន្លោះ​ពី​១ និង ៤​ភាគរយ​៕
 
 

Tag:
 សិង្ហ​បុរី​
  COVID-19
  កញ្ចប់​ថវិកា​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com