ជាតិ
សង្គមជាតិ
ជិត១ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ អ្នកស្លាប់ ថយចុះ៧នាក់ ហើយអ្នករបួស ថយចុះ៨២នាក់
27, May 2020 , 12:40 pm        
រូបភាព
រយៈពេល២៦ថ្ងៃនៃខែឧសភា ឆ្នាំ២០២០ អ្នកស្លាប់និងអ្នករបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួនតិចជាងរយៈពេល២៦ថ្ងៃនៃខែមេសា។ រដ្ឋាភិបាល ចាប់ផ្តើមអនុវត្តអនុក្រឹត្យថ្មី ដែលផាកពិន័យធ្ងន់ធ្ងរលើបទល្មើសចរាចរណ៍ ពីថ្ងៃទី១ ខែឧសភាមក។



សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញតួលេខថា ពីថ្ងៃទី១ ដល់ ថ្ងៃទី២៦ ខែឧសភា អ្នកស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ មាន៩៨នាក់ ដោយថយចុះ «៧នាក់» បើធៀបនឹងរយៈដូចគ្នា នៃខែមេសា ដែលមានអ្នកស្លាប់១០៥នាក់ ខណៈអ្នករបួស ចុះ៨២នាក់។

សម្តេច បន្តថា បើធៀបនឹងរយៈពេល២៦ថ្ងៃ ខែឧសភា ឆ្នាំ២០១៩ ជាមួយនឹងរយៈពេល២៦ថ្ងៃ ខែឧសភា ឆ្នាំ២០២០ អ្នកស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ បានថយពី១៣២នាក់ មក៩៨នាក់ (ថយ៣៤នាក់) ហើយអ្នករបួស ថយពី៤១៤នាក់ មក២៥៣នាក់។

បើតាមតួលេខពីសម្តេចរដ្ឋមន្រ្តីដដែល ក្នុងរយៈពេល២៦ថ្ងៃ ខែឧសភានេះ នគរបាលចរាចរណ៍ បានពិន័យយានយន្តជាង៣,៨ម៉ឺនករណី ដោយក្នុងនោះ ម៉ូតូ និង ត្រីចក្រយានយន្ត មានជាង២,៧ម៉ឺនករណី ហើយរថយន្ត មានជាង១ម៉ឺនករណី។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍ថា៖«នេះជាលទ្ធផល ដែលយើងទទួលបាន ពីការអនុវត្តនេះ។ អ៊ីចឹងហើយ ខ្ញុំ សូមអំពាវនាវដល់សមត្ថកិច្ចរបស់យើងថា គោលការណ៍នេះ គឺយើងអត់ដកថយទេ យើងត្រូវបន្តធ្វើ ហើយសូមឲ្យយកចិត្តទុក គឺ សមត្ថកិច្ចរបស់យើង [ត្រូវ] គោរពសីលធម៌ វិជ្ជាជីវៈ ទន់ភ្លន់ តែម៉ឺងម៉ាត់»៕

Tag:
 ស ខេង
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com