កីឡាជាតិ
ជាតិ
ក្រសួងបើកឲ្យប្រកួតលីគវិញ ហើយសហព័ន្ធត្រូវធានាថាគ្មានការឆ្លងកូវីដ-១៩រលកទី២
27, May 2020 , 7:19 pm        
រូបភាព
ដោយ:
ក្រសួងអប់រំ បានអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហ្វឹកហាត់ និងប្រកួតលីកឡើងវិញជាជំហានៗ ក្រោមរូបភាពប្រកួតបិទទ្វារ មិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនា។ តែយ៉ាងណា ក្រសួងជំរុញសហព័ន្ធកីឡាជាតិ រៀបចំផែនការឲ្យបានច្បាស់លាស់ និងគោរពតាមលក្ខខណ្ឌសុវត្ថិភាព ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។

 
តាមរយៈលិខិតដែលលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជម្រាបទៅប្រធានសហព័ន្ធកីឡាជាតិ ចុះថ្ងៃទី២៦ ឧសភា លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សហព័ន្ធត្រូវធានាថា កន្លែងហាត់ និងប្រកួតលីកមិនមែនជាកន្លែងឆ្លងជំងឺកូវីដ-១៩ រលកទី២នោះទេ។  
 
តាមក្រសួងអប់រំ លក្ខខណ្ឌសុវត្ថិភាព មានដូចជា រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព។ ចំណែកទីកន្លែង និងឧបករណ៍សម្ភារត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ។ សម្រាប់កីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ជាប្រចាំ តាមការណែនាំ និងសហការជាមួយក្រសួងសុខាភិបាល។ 
 
បន្ថែមលើនេះ សហព័ន្ធត្រូវណែនាំទៅក្លិបលីគ ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់មុនហាត់ និងប្រកួត, ការប្រកួតលីគត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជន, ការប្រកួតលីគមិនត្រូវឲ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី១០០នាក់, ត្រូវមានវិន័យក្នុងការអនុវត្តគម្លាតសង្គម និងបុគ្គល (មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ)។ 
 
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បញ្ជាក់ដែរថា សហព័ន្ធកីឡាជាតិ នឹងត្រូវប្រឈមមុខច្បាប់ បើការប្រកួតលីគ អនុវត្តមិនបានត្រឹមត្រូវ តាមវិធានការ និងការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ 
 
ទន្ទឹមនឹងអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតកីឡាងវិញ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភាដដែល បានចេញសេចក្តីប្រកាសព័ត៌មានដោយឡែកមួយទៀត ដោយសម្រេចពន្យារពេល រៀបចំការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិលើកទី១ ប្រចាំឆ្នាំ២០២០។ ការពន្យារពេលនេះ គឺដោយសារក្រសួងបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
 

Tag:
 បាល់ទាត់
  ក្រសួងអប់រំយុវជននិងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com