អន្តរជាតិ
ទីបញ្ជាការUN៖ កូរ៉េទាំងពីរ សុទ្ធតែបំពានបទឈប់បាញ់ពេលផ្ទុះអាវុធដាក់គ្នានៅដើមខែឧសភា
× ទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) ដែលឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកូរ៉េទាំងពីរ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើករណីបាញ់តដៃគ្នារវាងកងទ័ពកូរ៉េខាងត្បូង និងកូរ៉េខាងជើងក្នុងតំបន់គ្មានយោធា (DMZ) នៅដើមខែឧសភាកន្លងទៅ។ UNC អះអាងថា ខ្លួនមិនអាចបញ្ជាក់ថា កូរ៉េខាងជើងមានចេតនាបាញ់សំដៅប៉មយាមកូរ៉េខាងត្បូងឬយ៉ាងណាឡើយ តែកូរ៉េទាំងពីរសុទ្ធតែបំពានបទឈប់បាញ់។
កូរ៉េទាំងពីរ បាញ់តដៃគ្នាមួយប្រាវកាលពីថ្ងៃទី៣ ខែឧសភា។ បើតាមកូរ៉េខាងត្បូង កងទ័ពកូរ៉េខាងជើងជាអ្នកផ្ដើមបាញ់មុនដោយសំដៅប៉ុស្តិ៍របស់ខ្លួននៅផ្នែកខាងត្បូងនៃបន្ទាត់ខណ្ឌចែកឧបទ្វីបកូរ៉េ ហើយយោធាកូរ៉េខាងត្បូង ក៏បាញ់តបតបវិញ។ កូរ៉េខាងត្បូងបញ្ជាក់ថា គ្មានកងទ័ពកូរ៉េខាងត្បូងរងគ្រោះអ្វីឡើយ។ មិនមានព័ត៌មានអ្វីពីកូរ៉េខាងជើងទេទាក់ទងការបាញ់នេះ។
ទីបញ្ជាការអង្គការសហប្រជាជាតិដឹកនាំដោយអាមេរិក (UNC) ដែលតាមដានសកម្មភាពយោធានៅតំបន់គ្មានយោធា ក៏បើកការស៊ើបអង្កេតមួយលើករណីនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ការស៊ើបអង្កេតធ្វើឡើងដោយមានការសហការពីកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើងមិនបានឆ្លើយតបនឹងសំណើរបស់ UNC ដើម្បីអនុញ្ញាតឲ្យមានការស៊ើបអង្កេតនៅផ្នែកខាងជើងឡើយ។
ក្នុងលទ្ធផលស៊ើបអង្កេតរបស់ UNC កូរ៉េខាងជើងបានបំពានបទឈប់បាញ់ឆ្នាំ១៩៥៣ ដោយបានបាញ់គ្រាប់កាំភ្លើងតម្រង់ប៉ុស្តិ៍យាមកូរ៉េខាងត្បូងដែលនៅម្ខាងទៀតនៃខ្សែខណ្ឌចែកឧបទ្វីបកូរ៉េ។ ប៉ុន្តែ UNC មិនអាចកំណត់ថា ការបាញ់នេះ ជារឿងចេតនា ឬចៃដន្យឡើយ។ នេះទំនងជាការស៊ើបអង្កេតគ្មានការសហការរបស់កូរ៉េខាងជើង។ ជាមួយគ្នានេះ UNC ក៏រកឃើញថា កូរ៉េខាងត្បូងបានបំពានបទឈប់បាញ់ដែរ ព្រោះបានបាញ់តដៃកូរ៉េខាងជើងវិញ។
មាត្រាមួយនៃសន្ធិសញ្ញាឈប់បាញ់ឆ្នាំ១៩៥៣ ភាគីទាំងសងមិនអាចធ្វើសកម្មភាពអរិភាពនៅខាងក្នុង ឬសំដៅតំបន់ DMZ បានឡើយ។
កូរ៉េខាងត្បូង បានបង្ហាញការសោកស្ដាយចំពោះលទ្ធផលស៊ើបអង្កេតនេះ ព្រោះ UNC ចេញការសន្និដ្ឋានដោយមិនបានស៊ើបអង្កេតលើកូរ៉េខាងជើង និងហេតុផលដែលនាំឲ្យកូរ៉េខាងត្បូងបាញ់តបតបវិញ ដែលការតបតបនោះ ត្រូវបានសេអ៊ូលចាត់ទុកជាការឆ្លើយតបសមស្រប។
«កងទ័ពរបស់យើងនៅទីតាំង បានចាត់វិធានការសមស្រប ដោយយោងតាមការកំណត់។ យើងសោកស្ដាយដែលលទ្ធផលនៃការស៊ើបអង្កេត ត្រូវបានប្រកាសដោយគ្មានការស៊ើបអង្កេតជាក់ស្ដែងលើកូរ៉េខាងជើង។» នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី២៦ ខែឧសភា។
ក្នុងសេចក្ដីប្រកាសរបស់ខ្លួន UNC លើកឡើងថា ខ្លួនបានបញ្ជូនក្រុមស៊ើបអង្កេតពហុសាសន៍មួយដើមម្បីរកការពិតពីក្រោយការបាញ់នេះ ដោយមានការត្រួតពិនិត្យពីគណៈកម្មការត្រួតពិនិត្យប្រទេសអព្យាក្រឹត្យដើម្បីធានាពីតម្លាភាព និងយុត្តិធម៌៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
DMZ
© រក្សាសិទ្ធិដោយ thmeythmey.com