សុធីរ និងសំណាង ចាប់ផ្តើមធ្វើដំណើរទៅហាងផឹកកាហ្វេដូចពេលមុនវិញហើយ។ ប៉ុន្តែ ក្លើទាំងពីរមិនសូវហ៊ានអង្គុយនៅតុដែលមានមនុស្សច្រើនឡើយ។ មិត្តភក្តិទាំងពីរនៅប្រកាន់គោលការណ៍គម្លាតសុវត្ថិភាព ហើយដៃរបស់ពួកគេនៅតែកាន់ទឹកអាល់កុលដើម្បីបង្ការមេរោគកូវីដ១៩។ ប្រធានបទនៅថ្ងៃនេះ គឺ«ចូរគ្រវាត់ចោលគំនិតធ្វើការដូរប្រាក់ខែ!»
សំណាង៖ អា សុធីរ! ចុះបើធ្វើការមិនដើម្បីប្រាក់ខែ ឲ្យធ្វើការដើម្បីស្អីទៅអ្ហា?
សុធីរ៖ អញដឹងហើយថា ការងារ គឺដើម្បីប្រាក់ខែ។ តែគ្រាន់តែអញចង់ប្រាប់ថា អ្វីៗវាមានពេលវេលារបស់វា។
សំណាង៖ មានពេលវេលាម៉េចទៅ?
សុធីរ៖ អ្នកខ្លះ ទើបចាប់ផ្តើមចុះកម្មសិក្សា តែទារលុយគេច្រើនហ្មង។ អ្ហែងត្រូវដឹងថា កម្មសិក្សាមិនអាចទៅទារប្រាក់ខែគេបានច្រើនឡើយ ព្រោះ វាជាពេលវេលាហាត់ការងារ។ ទៅហាត់ការ គឺទៅរៀនពីគេ ទៅរំខានក្រុមហ៊ុន ឬស្ថាប័នគេទេតើ! មិនមែនទៅជួយស្ថាប័ន ឬក្រុមហ៊ុនគេឯណា!
សំណាង៖ ចុះបើអ្នកខ្លះ ចូលទៅធ្វើការងារមែនទែនតែម្តង តើពួកគេគួរទារប្រាក់ខែពីស្ថាប័ន ឬក្រុមហ៊ុនឬទេ?
សុធីរ៖ វាអាស្រ័យទៅលើបុគ្គលរកការងារធ្វើ និងក្រុមហ៊ុនផ្តល់ការងារ មានន័យថា តើអ្នកស្វែងរកការងារធ្វើហ្នឹងមានបទពិសោធន៍អាចជួយធ្វើការងារឲ្យក្រុមហ៊ុនបានក្នុងកម្រិតណា? បើបុគ្គលនោះជួយការងារបានច្រើន ប្រាក់ខែអាចត្រូវបានគេឲ្យច្រើនដែរ។ បើអត់ចេះ ឬអត់សូវចេះច្រើន តែទារប្រាក់ខែច្រើន បែបទៅមិនរួចទេ។ បើតាមយោបល់អញ អ្នករកការងារធ្វើ គួរតោងសួរសំណួរមួយថា តើខ្លួនឯងទៅជួយធ្វើការងារឲ្យក្រុមហ៊ុន ឬស្ថាប័ន ឲ្យរីកម្រើនទៅមុខភ្លាម ឬទៅរៀនពីគេបន្ថែមទៀត។ បើទៅរៀនពីគេ ការកំណត់ប្រាក់ខែ ឬទារប្រាក់ខែពីគេ គឺជាកំហុស។
សំណាង៖ រឿងប្រាក់ខែហ្នឹង បុគ្គលិកខ្លះ ច្រើនគិតថា ប្រាក់ខែតិច ធ្វើការតិច ប្រាក់ខែច្រើន ធ្វើការច្រើន។ ការគិតអ៊ីចឹងត្រឹមត្រូវអត់ អា សុធីរ?
សុធីរ៖ គំនិតនេះ គឺជាគំនិតអន់ថយ។ ធ្វើការឲ្យកាន់តែល្អ ឲ្យមានគុណភាព ឲ្យហ្មត់ចត់ ឲ្យមានការទទួលខុសត្រូវជូនក្រុមហ៊ុន ឬស្ថាប័ន ពេលនោះ ប្រាក់ខែ និងតួនាទីនឹងត្រូវបានគេដំឡើងឲ្យ ឬផ្តល់ឲ្យដ៏ឆាប់រហ័ស។ តែបើបុគ្គលិកមានគំនិតថា ធ្វើការដើម្បីតែដូរនឹងប្រាក់ខែ បុគ្គលិកនោះ នឹងពុំទទួលបានអ្វីធំដុំឡើយនៅក្នុងអាជីពការងារ។ បុគ្គលិកដែលល្អ គឺជាបុគ្គលិកដែលធ្វើការដោយគិតរឿងប្រាក់ខែខ្លួនឯង តិចជាងគិតលើការអភិវឌ្ឍខ្លួន និងការរីកចម្រើនរបស់ក្រុមហ៊ុន ឬស្ថាប័ន។ ជារឿយៗ បុគ្គលិកប្រភេទចុងក្រោយនេះ តែងតែទទួលបានផលប្រយោជន៍ត្រឡប់មកវិញច្រើនពីក្រុមហ៊ុន ឬស្ថាប័ន។
សំណាង៖ តើក្រុមហ៊ុន ឬស្ថាប័នដំឡើងប្រាក់ខែដោយផ្អែកលើគោលការណ៍អ្វីខ្លះ?
សុធីរ៖ អ្ហែងសួរអញអ៊ីចឹង អញពិបាកឆ្លើយណាស់វើយ ព្រោះអញមិនមែនជាប្រធានក្រុមហ៊ុនទេ។ តែទោះជាយ៉ាងណា តាមបទពិសោធន៍ជាមនុស្សចាស់ អញអាចប្រាប់ឯងបានខ្លះថា អតីតភាព ផលិតភាពការងារ ការទទួលខុសត្រូវការងារ ភាពហ្មត់ចត់ក្នុងការងារ… សុទ្ធសឹងតែជាលក្ខខណ្ឌរួមផ្សំក្នុងការដំឡើងប្រាក់ខែ និងដំណែង។ ខ្វះចំណុចណាមួយក្នុងចំណុចរៀបរាប់ខាងលើ គឺជារឿងពិបាកក្នុងការដំឡើងតំណែង និងប្រាក់ខែ។
សំណាង៖ បុគ្គលិកខ្លះដែលឧស្សាហ៍ផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយទៀត ២ដង ឬ៣ដងក្នុងមួយឆ្នាំ ឬពីរឆ្នាំ អាហ្នឹងយ៉ាងម៉េចដែរ អា សុធីរ?
សុធីរ៖ បុគ្គលិកខ្លះល្អទេ តែគ្រាន់ថា ពួកគេមិនអាចធ្វើការនៅកន្លែងចាស់បាន។ ប៉ុន្តែ ចំណុចនេះ ក៏ជារឿងដែលគេត្រូវប្រុងប្រយ័ត្នដែរ ព្រោះថា ថៅកែ ឬប្រធានស្ថាប័នថ្មីតែងតែចោទជាសំណួរថា ហេតុអ្វីបុគ្គលិកនោះ រត់ចោលកន្លែងច្រើនម្ល៉េះ? ជារួម បុគ្គលិកប្រភេទនេះ ត្រូវបានស្ថាប័នថ្មីប្រុងប្រយ័ត្ន មុននឹងជ្រើសរើសឲ្យចូលធ្វើការ។
សំណាង៖ ស្តាប់អ្ហែងនិយាយទៅដូចជាកាន់ជើងថៅកែ ឬប្រធានស្ថាប័នបន្តិច!
សុធីរ៖ អញអត់មានលម្អៀងទៅរកថៅកែ ឬប្រធានស្ថាប័នទេ។ ថៅកែ ឬប្រធានស្ថាប័នខ្លះក៏អាក្រក់ដែរ ព្រោះ ពួកគេមួយចំនួន ចូលចិត្តផ្តល់ប្រយោជន៍ឲ្យទៅតែបុគ្គលិកអែបអបច្រើនជាងបុគ្គលិកហ្មត់ចត់។ ថៅកែខ្លះទៀត ក៏ចូលចិត្តធ្វើអាជីវកម្មលើបុគ្គលិកដែរដោយឲ្យប្រាក់ខែតិច។ សរុបសេចក្តីមក មានបុគ្គលិកល្អ និងអាក្រក់ ហើយថៅកែវិញ ក៏មានល្អ និងអាក្រក់ដែរ៕