ជាតិ
សង្គមជាតិ
ទូត​ថៃ ប្រាប់​ក្រុមហ៊ុន​ខ្លួន​នៅ​កម្ពុជា កុំ​ឲ្យ​ដំឡើងថ្លៃ​ទំនិញ
27, May 2020 , 9:19 pm        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី និង ឯកអគ្គរាជទូតថៃ
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី និង ឯកអគ្គរាជទូតថៃ
​លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ប្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា លោក បាន​ណែនាំ​ក្រុមហ៊ុន​ថៃ​នៅ​កម្ពុជា មិន​ឲ្យ​ដំឡើង​តម្លៃ​ទំនិញ​ឡើយ​។ លោក បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០​។


​ឯកអគ្គរាជទូត​ថៃ ជម្រាប​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ទៀតថា លោក ក៏បាន​ណែនាំ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ថៃ ឲ្យ​ជួយ​ចែករំលែក​សម្ភារ​ផ្សេង​ផងដែរ ដូចជា សម្ភារ​អនាម័យ ជាដើម ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។ លើសពីនេះ លោក​ឯកអគ្គរាជទូត អះអាងថា លោក ថែមទាំង​ប្រាប់​ក្រុមហ៊ុន​ទាំងនោះ ឲ្យ​គោរព​រាល់​វិធានការ​របស់​ក្រសួងសុខាភិបាល​កម្ពុជា​។​
 
​នាឱកាស​នោះដែរ លោក​ឯកអគ្គរាជទូត បាន​នាំ​ថវិកា​ជាង​៦,២​ម៉ឺន​ដុល្លារ ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។​
​សម្ដេចនាយក​រដ្ឋមន្ត្រី អរគុណ​ស្ថានទូត ប្រជាជន និង រដ្ឋាភិបាល​ថៃ ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។ សម្តេច វាយតម្លៃ​ខ្ពស់ ចំពោះ​វិធានការ ដែល​រដ្ឋាភិបាល​ថៃ​បានដាក់​ចេញ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច បាន​សរសេរ​ដូច្នេះ​ថា​៖«​ជា​សក្ខីភាព ប្រជាជន​កម្ពុជា​៩​ម៉ឺន​នាក់  បាន​ឆ្លងកាត់​ព្រំប្រទល់​ថៃ មក​កម្ពុជា​កន្លងមក ហើយ​អ្នក​ទាំងនោះ គ្មាន​ជនណាម្នាក់​ឆ្លង ឬ​នាំ​ជំងឺ​កូ​វីដ​១៩ មក​កម្ពុជា​ឡើយ​។ ក្នុងន័យនេះ សម្ដេច​តេ​ជោ មានប្រសាសន៍ថា នេះ​ជាការ​ឆ្លុះបញ្ចាំង​មួយ​ថា ប្រទេស​ថៃ មិនមែនជា​ប្រទេស​ចម្លង​មេរោគ​កូ​វីដ​នោះទេ​»​។​
 
​ប្រមុខ​រដ្ឋាភិបាល បន្តថា នៅពេលនេះ គឺជា​ពេលវេលា​ដែល​កម្ពុជា​-​ថៃ ត្រូវ​សាមគ្គី​គ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ 
 
​មកដល់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ ថៃ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជាង​៣​ពាន់​នាក់ ជាសះស្បើយ​ជិត​៣​ពាន់​នាក់ ស្លាប់​៥៧​នាក់ ចំណែក កម្ពុជា មាន​អ្នក​ឆ្លង​១២៤​នាក់ ជាសះស្បើយ​១២២​នាក់ ដោយ​គ្មាន​អ្នកស្លាប់​៕ 

Tag:
 COVID-19
  ស្ថានទូត​ថៃ​
  ក្រុមហ៊ុន​ថៃ​
  ទំនិញ
© រក្សាសិទ្ធិដោយ thmeythmey.com