COVID-19
អន្តរជាតិ
«​ពាក់​ម៉ាស់​» ក្លាយជា​ប្រធានបទ​នយោបាយ​ក្តៅ​រវាង​លោក ត្រាំ និង​លោក បៃ​ឌិន​
27, May 2020 , 8:39 pm        
រូបភាព
(ស្តាំ) លោកប្រធានាធិបតី ដូណាល់ ត្រាំ និងបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក ចូ ប៉ៃឌិន
(ស្តាំ) លោកប្រធានាធិបតី ដូណាល់ ត្រាំ និងបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក ចូ ប៉ៃឌិន
ដោយ:
​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន នៅ​ថ្ងៃទី​២៦ ខែឧសភា បាន​ដៀលត្មះ​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ រឿង​អត់​ពាក់​ម៉ាស់​នៅ​ព្រឹត្តិការណ៍​សាធារណៈ​ជាច្រើនលើក​។ ដោយ​ហៅ​លោក​ត្រាំ «​ល្ងីល្ងើ​» លោក បៃ​ឌិន អះអាងថា កង្វះខាតភាព​ដឹកនាំ​របស់លោក​ត្រាំ​លើ​បញ្ហា​នេះ កំពុង​សម្លាប់​ជីវិត​មនុស្ស​។

 
​ការ​សម្រេចចិត្តថា តើ​គួរ​ពាក់​ម៉ាស់​ការពារ​ក្នុង​ទីសាធារណៈ​ឬ​យ៉ាងណា​នោះ បាន​ក្លាយជា​ប្រធានបទ​នយោបាយ​ជាតិ​ក្តៅគគុក ហើយ​បេក្ខជន​ប្រធានាធិបតី​មកពី​ធំ​ទាំងពីរ​នៅ​អាមេរិក​បាន​អនុវត្ត​វិធាន​ខុសគ្នា​។ 
 
​រឿងហេតុ​បានកើត​ឡើង​នៅ​ទិវា​ដឹងគុណ​ដល់​ទាហាន​អាមេរិក​ពលី (Memorial Day) កាលពី​ថ្ងៃទី​២៥ ខែឧសភា​។ ក្នុង​កម្មវិធី​នេះ លោក ចូ បៃ​ឌិន នៃ​បក្ស​ប្រជាធិបតេយ្យ បាន​ពាក់​ម៉ាស់​ចូលរួម​កម្មវិធី ហើយ​ក្រោយមក លោក ដូ​ណា​ល់ ត្រាំ បាន​ចែករំលែក​បន្ត​រូបថត​របស់លោក បៃ​ឌិន នេះ ហើយ​សរសេរ​សម្តី​មាក់ងាយ​លោក​ប៉ៃ​ឌិន​។ ផ្ទុយ​ពី​លោក បៃ​ឌិន លោក​ប្រធានាធិបតី ត្រាំ បដិសេធ​ពាក់​ម៉ាស់​នៅមុខ​កាមេរ៉ា​នៅ​ព្រឹត្តិការណ៍​សាធារណៈ​ជាច្រើន​ក្នុងនោះ​ក៏មាន ទិវា Memorial Day ផងដែរ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN លោក បៃ​ឌិន និយាយ​ដូច្នេះ​ថា​៖«​លោក (​ត្រាំ​) ជា​មនុស្ស​ឆ្គួ​ត ហើយ​ជា​រឿង​ល្ងីល្ងើ​បំផុត​ដែល​ធ្វើបែបនេះ​។ រាល់​មេដឹកនាំ​ក្នុង​ពិភពលោក និយាយថា អ្នក​គួរ​ពាក់​ម៉ាស់​នៅ​ទីកន្លែង​មាន​មនុស្ស​កុះករ​»​។ លោក​អះអាងថា  ទង្វើ​លោក ត្រាំ បែបនេះ កំពុង​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​បាត់បង់​។ 
 
​នោ​ថ្ងៃទី​២៦ ខែឧសភា ពី​សេត​វិមាន​អាមេរិក លោក​ប្រធានាធិបតី ត្រាំ បញ្ជាក់ថា លោក​គិតថា វា​ជា​រឿង​មិន​ប្រក្រតី​ឡើយ​ដែល​លោក បៃ​ឌិន ពាក់​ម៉ាស់​នៅ​ទិវា Memorial Day ព្រោះ​អាកាសធាតុ​នៅ​ខាងក្រៅ​ល្អ​។ លោក បន្តថា លោក​មិនឃើញ​លោក បៃ​ឌិន ពាក់​ម៉ាស់​ផង​ឡើយ នៅពេល​លោក បៃ​ឌិន នៅផ្ទះ​ជាមួយ​ភរិយា​លោក​។ 
 
​លោក ត្រាំ អាយុ ៧៣​ឆ្នាំ និង​លោក បៃ​ឌិន អាយុ ៧៧  គឺ​សុទ្ធតែជា​ក្រុម​វ័យ​មាន​ហានិភ័យ​ខ្ពស់​ពី​ជំងឺ COVID-19 ។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាមេរិក (CDC) ផ្ដល់​អនុសាសន៍​ឲ្យ​ពាក់​ម៉ាស់​បិទបាំង​មុខ​នៅ​ទីសាធារណៈ ខណៈ​ចំណាត់ការ​គម្លាត​សុវត្ថិភាព ត្រូវអនុវត្ត ។ នៅ​ថ្ងៃ​អង្គារ លោក ប៉ៃ​ឌិន បាន​ប្តូរ​រូប Profile លោក​លើ​បណ្ដេញ​សង្គម Twitter ទៅជា​រូបថត​លោក​ពាក់​ម៉ាស់​ពណ៌​ខ្មៅ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  ចូ ប៉ៃ​ឌិន​
  ដូ​ណា​ល់ ត្រាំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com