COVID-19
អន្តរជាតិ
UN ស្នើ​បើក​កិច្ចប្រជុំ​ដើម្បី​រក​ជំនួយ​បន្ថែម​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​រងគ្រោះ​ដោយ COVID-19
27, May 2020 , 4:59 pm        
រូបភាព
ដោយ:
​មន្ត្រី​អង្គការសហប្រជាជាតិ បាន​អះអាង​ឲ្យ​ដឹងថា អង្គការសហប្រជាជាតិ (UN) នឹងមាន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​មួយចំនួន នៅ​ថ្ងៃទី​២៨ ខែឧសភា ដើម្បី​ពិភាក្សា​ពី​ការគាំទ្រ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​មាន​កំពុង​លូតលាស់ ដែល​សេដ្ឋកិច្ច​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ COVID-19 ។​

 
​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ជំនួប​អន​ឡាញ​នេះ ធ្វើឡើង​ខណៈពេលដែល​ក​រ​ណី​ឆ្លង​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​មានការ​កើនឡើង​យ៉ាងច្រើន រួមទាំង​មានការ​ព្រមាន​ផងដែរ​ថា​ការខាតបង់​នឹងមាន​ច្រើនជាង ២,៥​ទ្រី​លាន​ដុល្លារ ដែលជា​បាន​ព្យាករ​ពី​ពេលមុន​ដើម្បី​ឆ្លងកាត់​វិបត្តិ​នេះ​។ កិច្ចប្រជុំ​ខាងលើនេះ ត្រូវបាន​កោះហៅ​ដោយ​លោក​អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ UN ប្រទេស​កាណាដា និង​ហ្សា​ម៉ា​អ៊ី​ក​(Jamaica)​។​
 
​លោកស្រី Amina Mohammed អគ្គលេខាធិការរង​UN និយាយថា​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន រួមមាន​ប្រទេស​មាន​ចំណូល​កម្រិត​មធ្យម ខ្វះខាត​ទឹកប្រាក់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​COVID-19 និង​ការ​ស្រោចស្រង់​ប្រទេស​មកវិញ​នៅពេល​ជំងឺ​COVID-19 ផុតរលត់​ទៅ​។ លោកស្រី​ប្រាប់​អ្នកកាសែត​ថា កិច្ចការ​នេះ​កំពុងតែ​ធ្វើ ប៉ុន្តែ​មិនទាន់​រហ័ស​។​
 
​លោកស្រី Mohammed បន្ថែមថា ការអនុគ្រោះ​ដោយ​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ចំនួន​២០(G20) និង​ប្រទេស​ម្ចាស់បំណុល Paris Club ចំពោះ​ការផ្អាក​សងបំណុល​ដល់​ចុងឆ្នាំ​២០២០ ក្នុង​ក្របខណ្ឌ​បំណុល​ផ្លូវការ​ទ្វេភាគី​សម្រាប់​ប្រទេស​ក្រីក្រ​បំផុត ជាការ​ចាប់ផ្តើម​យ៉ាងសំខាន់​។ ប៉ុន្តែ​លោកស្រី​អះអាងថា នៅមាន​កិច្ចការ​ចំ​បាច់​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។​
 
​ក្នុងចំណោម​ប្រទេស​ចំនួន​៧៧ ដែល​ទទួលបាន​ការអនុគ្រោះ​ផ្អាក​ការសង​បំណុល មាន​ប្រទេស​ចំនួន​២២ បានស្នើ​ពន្យា​ការសង​ជា​ផ្លូវការ​។ ចំណែកឯ​ប្រទេស​ដទៃទៀត បង្ហាញ​ការបារម្ភ​ចំពោះ​លទ្ធភាព​ក្នុងការ​ខ្ចីប្រាក់​នាពេលខាងមុខ​។ កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៨ ខែឧសភា នឹងមាន​ការចូលរួម​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារពិភពលោក សហភាព​អាហ្វ្រិក វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​។ បើតាម​លោកស្រី Mohammed កិច្ចប្រជុំ​នេះ​មាន​គោលបំណង​សម្រេច​សេចក្តីព្រៀង​មួយ​ក្នុង​រយៈពេល​៨​សប្តាហ៍​។​
 
​ជុំវិញ​កិច្ចប្រជុំ​ថ្ងៃ​២៨ ខែឧសភា គេ​ឃើញ​មានការ​អំពាវនាវ (IMF) បន្ថែម​សាច់ប្រាក់​សកល ដោយ​បែងចែក​ទុនបំរុង​អន្តរជាតិ​(Special Drawing Rights)​ជាថ្មី ប៉ុន្តែ​អាមេរិក​បដិសេធ​។ សេចក្តីព្រៀង​សម្រាប់​កិច្ចប្រជុំ​នេះ ក៏​ចែង​ពី​ការជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ចង់​ផ្អាក​ការសង​បំណុល មិនមែន​សម្រាប់តែ​ប្រទេស​ដែល​ស្ថិតក្នុង​ក្របខណ្ឌ​G20 ឡើយ ក៏ដូចជា​ការស្នើ​ឲ្យ​ម្ចាស់បំណុល​ឯកជន​ចេញ​វិធានការ​យ៉ាងសកម្ម ដើម្បី​ជៀសវាង​ការ​ក្ស័យធន​ដោយ​គ្មាន​សណ្តាប់ធ្នាប់​៕
 
 

Tag:
 UN
  COVID-19
  ប្រទេស​កំពុងអភិវឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com