កម្ពុជាមិនទាន់សម្រេច១០០ភាគរយនៅឡើយទេ ក្នុងការជ្រើសរើសប្រភេទកីឡា ដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែមកទល់ពេលនេះមានកីឡាចំនួន១៧ប្រភេទហើយដែលត្រូវបានជ្រើសរើស និងមានប្រភេទកីឡាជាច្រើនប្រភេទទៀត ដែលត្រៀមជ្រើសរើសបន្ត។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា(CAMSOC) បានចាត់ចំណាត់ថ្នាក់កីឡា១៧ប្រភេទ ដែលត្រូវជ្រើសរើសដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាទាំង១៧ប្រភេទនេះ សុទ្ធជាកីឡាសក្តានុពល ដែលធ្លាប់ដណ្តើមបានមេដាយនៅលើឆាកអន្តរជាតិ និងជាប្រភេទកីឡាតម្រូវឲ្យមាន(អត្តពលកម្ម, ហែលទឹក)។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ CAMSOC ផងនោះបានបន្ថែមថា ក្រៅពីកីឡាសក្តានុពលទាំង១៧ប្រភេទខាងលើ ក៏មានប្រភេទកីឡាត្រៀមដាក់បញ្ចូល និងបម្រុងដាក់បញ្ចូលជាច្រើនទៀតផងដែរ។ លោកអះអាងថា ទាំងប្រភេទកីឡាត្រៀមដាក់បញ្ចូល និងបម្រុងដាក់បញ្ចូល សុទ្ធតែអាចមានលទ្ធភាពក្នុងការដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ បើកីឡាទាំងនេះអាចសក្តានុពលគ្រប់គ្រាន់ក្នុងការដណ្តើមមេដាយ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗអគ្គលេខាធិការ NOCC រូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«CAMSOC បានរៀបចំជ្រើសរើសកីឡាជា៣ចំណាត់ថ្នាក់។ ចំណាត់ថ្នាក់ទី១ ជាក្រុមដែលត្រូវដាក់ចូល(មាន១៧ប្រភេទ), ចំណាត់ថ្នាក់ទី២ ជាក្រុមដែលត្រៀមដាក់បញ្ចូល(១៥ប្រភេទ) និងចំណាត់ថ្នាក់ទី៣ ជាក្រុមបម្រុងដាក់ចូល(១៣ប្រភេទ)»។
កីឡាទាំង១៧ប្រភេទដែលត្រូវដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមរួមមានអត្តពលកម្ម, ហែលទឹក, ប៉េតង, ជឺជិតស៊ូ, តេក្វាន់ដូ WTF, ម៉ូតូទឹក, វ៉ូវីណាម, ប្រដាល់គុនខ្មែរ, ល្បុក្កតោ, អុកចត្រង្គ, ចំបាប់, តេក្វាន់ដូ ITF, សូហ្វតិន្នីស, ប្រដាល់សកល, វាយកូនបាល់, បាល់ទាត់ និងសីដក់(ឈិនឡូន)។
កីឡាត្រៀមដាក់បញ្ចូលរួមមាន វាយសី, ការ៉ាតេ, គុនដាវ, ប្រណាំងកង់, វាយកូនឃ្លីលើតុ, ទ្រីយ៉ាត្លុង, ទូកក្តោង, កាយសម្ព័ន្ធ, ជិះសេះ, បាល់បោះ, បាល់ទះ, យូដូ, រាំ, វាយកូនគោល និងទូកកានូ និងរូវីង។
កីឡាបម្រុងដាក់បញ្ចូលរួមមាន កីឡាអេឡិចត្រូនិក(E-Sport), លើកទម្ងន់, វូស៊ូ, សូរិនហ្សីកាំប៉ូ, អុកចិន, បញ្ចសីលា, បាញ់ធ្នូ, បាញ់កាំភ្លើង, ហុកគី, ប៊ីយ៉ា និងស្នូកឃ័រ, បាល់ឱប, បេស្បល និងកីឡាឡើងភ្នំ៕