អន្តរជាតិ
មហាសេដ្ឋីហុងកុង លី កាស៊ីង ប្រាប់ប្រជាជនហុងកុងកុំបារម្ភពេកលើច្បាប់សន្តិសុខជាតិ មហាសេដ្ឋីហុងកុង លោក លីកា ស៊ីង។ រូបភាព៖ AFP
× មហាសេដ្ឋីប្រាក់ពាន់លានរបស់ហុងកុង លោក លី កាស៊ីង (Li Ka-shing) នាថ្ងៃទី២៧ ខែឧសភា បានលើកឡើងថា ប្រជាជនហុងកុង មិនគួរទាញសម្មតិកម្មអាក្រក់ៗពីគម្រោងច្បាប់ស្តីពីសន្តិសុខជាតិហុងកុងឡើយ ព្រោះប្រទេសផ្សេងទៀត ក៏មានច្បាប់ស្តីពីសន្តិសុខជាតិដែរ ដើម្បីការពារសន្តិសុខ និងដែនអធិបតេយ្យរបស់ខ្លួន។ លោក លី ក៏បានអំពាវនាវឲ្យប្រជាជនហុងកុងមានសុទិដ្ឋិនិយមលើសំណើច្បាប់ថ្មីនេះផងដែរ។
ដំណោះស្រាយស្តីពីសន្តិសុខជាតិហុងកុង បានដាក់ចូលទៅក្នុងកិច្ចប្រជុំសភាប្រជាជនចិនពេញអង្គលើកទី៣ នៃនីតិកាលទី១៣ តាំងពីថ្ងៃបើកកិច្ចប្រជុំដំបូងមកម្លេះ។ នៅថ្ងៃទី២៨ ខែឧសភា ដំណោះស្រាយដែលបើកផ្លូវដល់ការបង្កើតច្បាប់នេះ នឹងត្រូវសភាប្រជាជនអនុម័ត។ នីតិវិធីបន្ទាប់ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នឹងសរសេរច្បាប់នេះ ហើយអនុម័តសម្រាប់ការអនុម័តនៅហុងកុងតែម្ដង។
ប្រជាជនហុងកុងជាច្រើននាក់ បានចេញមកធ្វើបាតុកម្មដើម្បីប្រឆាំងនឹងរដ្ឋអំណាចកណ្តាលរបស់ចិន ដោយបារម្ភថា គម្រោងបង្កើតច្បាប់ស្តីពីសន្តិសុខជាតិហុងកុង អាចប៉ះពាល់ដល់សិទ្ធិសេរីភាព ការពង្រីកឥទ្ធិពលអំណាចបន្ថែមពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំងមកលើទឹកដីហុងកុង និងអាចបំផ្លាញដល់គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ»
ទាក់ទងរឿងនេះ មហាសេដ្ឋីលំដាប់ទី២ ប្រចាំទីក្រុងហុងកុង លោក លី កាស៊ីង បានលើកឡើងថា ប្រជាជនហុងកុង មិនគួរគិតហួសខ្លាំងពេកទេ ព្រោះច្បាប់ប្រភេទនេះ នៅប្រទេសណាក៏មានដែរ ដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍របស់ប្រទេស។ មហាសេដ្ឋីហុងកុងមានទ្រព្យសម្បត្តិជាង២៤ពាន់លានរូបនេះ ក៏សង្ឃឹមថា សំណើច្បាប់មួយនេះ នឹងកាត់បន្ថយភាពភ័យខ្លាចមួយចំនួន ពីសំណាក់ក្រុងប៉េកាំងលើហុងកុង និងបញ្ហាផ្សេងទៀតផងដែរ ហើយប្រជាជនហុងកុង គួរតែចេះសម្លឹងឲ្យបានវែងឆ្ងាយ និងប្រកបដោយសុទិដ្ឋិនិយម។
ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលហុងកុង ក៏មានសមត្ថកិច្ចក្នុងការការពារប្រជាជនក្នុងស្រុក និងពង្រឹងទំនុកចិត្តពីសហគមន៍អន្តរជាតិផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក លី នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបន្ថែមថា រដ្ឋាភិបាលហុងកុង មានកិច្ចការសំខាន់ណាស់ ដើម្បីពង្រឹងទំនុកចិត្តប្រជាជនហុងកុង និងសហគមន៍អន្តរជាតិ ដោយផ្អែកទៅតាមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។
សូមបញ្ជាក់ថា ប្រសិនបើសំណើច្បាប់សន្តិសុខជាតិហុងកុងត្រូវបានសភាចិនអនុម័តមែន វានឹងស្នើឲ្យរដ្ឋាភិបាលទីក្រុងហុងកុង បង្កើតស្ថាប័នការពារអធិបតេយ្យមួយ។ បន្ថែមពីលើនេះ សំណើច្បាប់ស្តីពីសន្តិសុខជាតិហុងកុង ក៏អនុញ្ញាតឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ជូនភ្នាក់ងាររបស់ខ្លួនទៅប្រតិបត្តិការនៅហុងកុងផងដែរ ប្រសិនបើចាំបាច់៕
© រក្សាសិទ្ធិដោយ thmeythmey.com