COVID-19
ជាតិ
ក្រោយ​ឃើញ​ពលរដ្ឋ​ធ្វេសប្រហែស នាយករដ្ឋមន្ត្រី ក្រើនរំឭក​ឱ្យ​ប្រយ័ត្ន​រលក​ទី​២ នៃ​ជំងឺ​កូ​វី​ដ-​១៩
28, May 2020 , 9:45 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរំឭក​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​រលក​ទី​២ នៃ​ជំងឺ​កូ​វីដ-​១៩ ។ សម្ដេច ក្រើនរំឭក​នេះ ក្រោយពី​ឃើញ​ពលរដ្ឋ​មួយចំនួន​ចាប់ផ្ដើម​ធ្វេសប្រហែស​សុខភាព និង​អនាម័យ ស្រប​ពេលដែល​ជំងឺ​កូ​វីដ​-១៩ បន្ត​រាតត្បាត​។​

 
​ទោះបីជា​កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ-១៩ ​ចំនួន​តិចតួច​មែន ប៉ុន្តែ​មិនមែន​មានន័យថា កម្ពុជា​គ្មាន​ហានិភ័យ​នោះទេ​។ សម្ដេច ហ៊ុន សែន ដែល​បាន​មើលឃើញ​ពី​បញ្ហា​នេះ ស្នើឱ្យ​ពលរដ្ឋ​បន្ត​ថែរក្សា​អនាម័យ និង​យកចិត្តទុកដាក់​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន នៅ​ថ្ងៃទី​២៨ ឧសភា ដូច្នេះ​ថា​៖«​សូមកុំ​ឱ្យមាន​វិប្បដិសារី​កើតឡើង ព្រោះតែ​ការធ្វេសប្រហែស​មើលស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្ប្ន​ន្ន​។ ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស​យើង​មាន​តិច​មែន តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ នឹង​ត្រៀម​ទប់ស្កាត់​គ្រប់ពេល ជាពិសេស​នៅក្នុង​រលក​ទី​២​នៃ​ការ​ងើបឡើង​វិញ​នៃ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ ដ៏​កាច​សាហាវ​បំផុត​នេះ​»​។​
 
​ក្រោយ​ស្ងប់ស្ងាត់​ជាង​១​ខែ​មក កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​ថែមទៀត ដែលជា​ករណី​នាំចូល កាលពីពេល​ថ្មីៗ​នេះ ។ អ្នក​ទាំងពីរ​ដែលមាន​ជំងឺ​កូ​វីដ​១៩​នេះ គឺ​មកពី​ប្រទេស​ហ្វីលីពីន និង​អាមេរិក​។ បើ​គិត​ត្រឹម​ថ្ងៃទី ២៨ ឧសភា​នេះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១២៤​នាក់ ក្នុងនោះ​ជាសះស្បើយ​១២២​នាក់​។​
 
​ដោយសារ​ឃើញ​ពី​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ទើប​សម្ដេច ហ៊ុន សែន ស្នើឱ្យ​ពលរដ្ឋ​អនុវត្ត​វិធានការ​ការពារ​ឱ្យបាន​ត្រឹមត្រូវ​។​«​មកទល់ពេលនេះ មិនទាន់មាន​ថ្នាំ​ព្យាបាល​កូ​វីដ​១៩​នៅឡើយ​ទេ​។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស់ ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹក​អាល់កុល ឬ​ចឹ​ល​សម្លាប់​មេរោគ​។ ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស ឬ​ខ្ទប់​ដោយ​ដៃ​នៅពេល​ក្អក ឬ​កណ្តាស ជាពិសេស​នៅក្នុង​ចំណោម​ក្រុមមនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា​ដូចជា​ទីផ្សារ ភោជនីយដ្ឋាន និង​ទីកន្លែង​ធ្វើការ​ជាដើម​»​។​
 
​ត្រឹម​ថ្ងៃទី​២៨ ឧសភា​នេះ អ្នកជំងឺ​កូ​វីដ​១៩ នៅក្នុង​កោះ និង​ប្រទេស​២១៧ ជុំវិញ​ពិភពលោក កើនឡើង​៥,៧​លាន​នាក់​ហើយ ក្នុងនោះ​ស្លាប់​ជាង​៣៥​ម៉ឺន​នាក់ និង​ជាសះស្បើយ​២,៤ លាន​នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com