COVID-19
អន្តរជាតិ
ករណី​ឆ្លង COVID-19 នៅ​កូរ៉េខាងត្បូង ហក់​ឡើងជា​ថ្មី ក្រោយ​រកឃើញ​៧៩​នាក់​ថែមទៀត​
28, May 2020 , 10:06 am        
រូបភាព
អ្នកដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Coupang កំពុងរៀបចំដឹកជញ្ជូនទំនិញចេញ។ រូបភាព៖ Reuters
អ្នកដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Coupang កំពុងរៀបចំដឹកជញ្ជូនទំនិញចេញ។ រូបភាព៖ Reuters
​កូរ៉េខាងត្បូង នា​ថ្ងៃទី​២៨ ខែឧសភា បាន​រាយការណ៍​ថា អាជ្ញាធរ​សុខាភិបាល បាន​រកឃើញ​ករណី​ឆ្លង COVID-19 ថ្មី​រហូតដល់ ៧៩​ករណី​។ ចំនួន​ករណី​ឆ្លង​នេះ គឺជា​អត្រា​ឆ្លង​ច្រើនជាងគេ​បំផុត បើ​ចាប់​គិតពី​ថ្ងៃទី​៥ ខែមេសា​។


​ករណី​ឆ្លង​នៅ​កូរ៉េខាងត្បូង បាន​ហក់​ឡើងជា​ថ្មី​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ បើតាម​ការបញ្ជា​ក់រប​ស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៧ ខែឧសភា កូរ៉េខាងត្បូង បាន​រកឃើញ​អ្នកជំងឺ COVID-19 ថ្មី​ចំនួន ៤០​ករណី​។ នៅ​ថ្ងៃទី​២៨ ខែឧសភា តួលេខ​អ្នក​ឆ្លង COVID-19 មាន​ដល់​៧៩​ករណី​ឯណោះ​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី ៦៩​ករណី គឺមាន​ពាក់ព័ន្ធ​ទៅនឹង​មជ្ឈមណ្ឌល​ផ្ទុកទំនិញ ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង Bucheon ភាគ​ខាងលិច​នៃ​ទីក្រុង​សេ​អ៊ូ​ល​។ មជ្ឈមណ្ឌល​ផ្ទុកទំនិញ​នេះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អន​ឡាញ (E-commerce) Coupang Inc​។ 
 
​ករណី​ឆ្លង​លើកដំបូង​នៅក្នុង​មជ្ឈមណ្ឌល​ផ្ទុកទំនិញ​នេះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​ជឿថា​មាន​ពាក់ព័ន្ធ​នឹង​គ្រូបង្រៀន​ដែល​រស់នៅ​ក្បែរ​ទីក្រុង Incheon​។ គ្រូបង្រៀន​ម្នាក់នេះ បាន​ឆ្លង COVID-19​បន្ទាប់​មកពី​កម្សាន្ត​នៅក្នុង​តំបន់​ពហុវប្បធម៌ Itaewon​។ កន្លងមក​ក្រុមហ៊ុន Coupang ក៏​ធ្លាប់បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ១​ករណី​ផងដែរ ប៉ុន្តែ​នៅ​មជ្ឈមណ្ឌល​ផ្ទុកទំនិញ​ផ្សេងទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​ដើម្បី​ការពារ បង្ការ​ករណី​ឆ្លង​ថ្មី ដែលមាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន Coupage កូរ៉េខាងត្បូង បានដាក់​ច​ត្តា​ឡី​ស័ក​បុគ្គលិក​ដែល​ធ្វើការ​នៅក្នុង​មជ្ឈមណ្ឌល​ផ្ទុកទំនិញ​ទាំងអស់ ដែល​ស្ថិតនៅក្នុង​ទីក្រុង Bucheon និង​បិទ​កន្លែង​ផ្ទុកទំនិញ​នេះ​។ ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ចុងក្រោយ អាជ្ញាធរ​កូរ៉េខាងត្បូង បារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ករណី​ឆ្លង​ករណី​ឆ្លង​ជា​សហគមន៍​នៅក្នុង​ប្រទេស​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ១១៣៤៤​ករណី អ្នកស្លាប់​ចំនួន ២៦៩​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១០៣៤០​នាក់​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com