អាមេរិក​ដកហូត «​ឋានៈ​ពិសេស​» របស់​ក្រុង​ហុងកុង
សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក​ដកហូត «​ឋានៈ​ពិសេស​» របស់​ក្រុង​ហុងកុង
28, May 2020 , 11:15 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (AFP)
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (AFP)
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៧ ខែឧសភា បានសម្រេច​ដកហូត​ឋានៈ​ពិសេស​របស់​ទីក្រុង​រដ្ឋបាល​ពិសេស​ហុងកុង​ក្រោម​ច្បាប់​អាមេរិក​។ ការសម្រេច​នេះ បើកផ្លូវ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​មានលទ្ធភាព​កាត់ផ្ដាច់​បុព្វសិទ្ធិ​ពាណិជ្ជកម្ម​សម្រាប់​ទីក្រុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ ខណៈ​សហរដ្ឋអាមេរិក​បាន​ចោទ​ក្រុង​ប៉េកាំង​ថា ជាន់ឈ្លី​ស្វយ័តភាព​របស់​ទីក្រុង​នេះ ក្រោយ​ប៉ង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​របស់​ហុងកុង​។

 
 
​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​សភា​ចិន បានកំណត់​រៀបចំ​ការ​បោះឆ្នោត​លើ​ច្បាប់​សន្តិសុខ​ហុងកុង​ថ្មី រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ បានបញ្ជាក់​ប្រាប់​សភា​អាមេរិក​ថា ទីក្រុង​ហុងកុង លែង​បន្ត​ទទួលបាន​ប្រព្រឹត្ត​កម្ម​ពិសេស (Special Treatment) ក្រោម​ច្បាប់​សហរដ្ឋអាមេរិក​ត​ទៅទៀត​ហើយ ។ នេះ​គឺជា​បុព្វសិទ្ធិ​ពិសេស​ដែល​ទីក្រុង​នេះ​ទទួលបាន​ក្រោយ​ត្រូវប្រគល់​ឲ្យ​ចិន​វិញ​ពី​សំណាក់​ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំ​១៩៩៧​។​
 
​ក្រោម​ច្បាប់​ថ្មី​មួយ​ដែល​បានអនុម័ត​កាលពី​ឆ្នាំមុន​ក្នុង​គោលដៅ​គាំទ្រ​បាតុករ​ហុងកុង រដ្ឋបាល​អាមេរិក ចាំបាច់​ត្រូវ​ផ្ដល់​ការបញ្ជា​ក់ថា ដែនដី​ហុងកុង ពិតជា​នៅតែ​បន្ត​ទទួលបាន​សិទ្ធិសេរីភាព ដែល​ក្រុង​ប៉េកាំង​សន្យា​ផ្ដល់​ឲ្យ នៅពេល​ចរចា​ជាមួយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ប្រគល់​ការគ្រប់គ្រង​មកវិញ​។ ក្នុង​សេចក្តីថ្លែងការណ៍ លោក​រដ្ឋមន្ត្រី ប៉ុ​ម​ប៉េ​អូ បញ្ជាក់​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន គ្មាន​មនុស្ស​មាន​ហេតុផល​ណា​ម្នាក់ អាច​ធានាបាន​ថា ទីក្រុង ហុងកុង រក្សា​ស្វយ័តភាព​កម្រិត​ខ្ពស់​ពី​ចិន​។ នេះ​គឺ​ផ្អែកលើ​តថភាព​ជាក់ស្តែង​»​។ 
 
​ការសម្រេច​ធ្វើ​នេះ មានន័យថា ទីក្រុង​ហុងកុង អាច​បាត់បង់​បុព្វសិទ្ធិ​ពាណិជ្ជកម្ម​ខ្លួន រួមមាន ការជាប់​ពន្ធ​ទាប​ជាង​ចិនដីគោក ជាមួយ​សហរដ្ឋអាមេរិក​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភពលោក​។ សភា​ប្រជាជន​ចិន នៅ​ថ្ងៃទី​២៨ ខែឧសភា រំពឹង​នឹង​បោះឆ្នោត​លើ​ដំណោះស្រាយ​មួយ​ដែល​ឈានដល់​ការបង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ដែល​នឹង​ហាមឃាត់​ការផ្ដាច់​ខ្លួន ការធ្វើ​វិទ្ធង្សនា អំពើ​ភេរវកម្ម និង​ការ​ជ្រៀត​ជ្រៀក​ពី​សំណាក់​បរទេស​។ ទង្វើ​នេះ​គឺជា​អ្វីដែល​សកម្មជន​ហុងកុង​អះអាងថា ជាការ​លុបបំបាត់​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាជន​ហុងកុង និង​ស្វយ័តភាព​របស់​ទីក្រុង​។​
 
«​ខណៈ​សហរដ្ឋអាមេរិក ធ្លាប់​សង្ឃឹមថា ទីក្រុង​ហុងកុង​ដែល​សេរី​និង​រីកចម្រើន នឹង​ផ្ដល់​គំរូ​មួយ​សម្រាប់​ប្រទេស​ផ្ដាច់ការ​ចិន តែ​ឥឡូវនេះ វា​បញ្ជាក់​ច្បាស់​ថា ចិន កំពុងផ្ដល់​គំរូ​ខ្លួនឯង​ដល់​ហុងកុង​» ។ ប្រមុខ​ការទូត​អាមេរិក បញ្ជាក់​បែបនេះ​។ 
 
​សូមបញ្ជាក់ថា ក្រោម​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ដែល​ត្រូវបាន​ព្រមព្រៀង​មុន​ចក្រភព​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​វិញ ស្វយ័តភាព​របស់​ទីក្រុង លើកលែង​កិច្ចការ​ការពារជាតិ និង​ការបរទេស ត្រូវ​ធានា​យ៉ាង​ចាំបាច់​ពី​សំណាក់​រដ្ឋាភិបាល​ចិន រហូតដល់​ឆ្នាំ​២០៤៧ មាន​ជាអាទិ៍​ប្រព័ន្ធតុលាការ​ឯករាជ្យ និង​កិច្ចការ​សេដ្ឋកិច្ច​ជាដើម​។ 
 
​ការបាត់បង់​បុព្វសិទ្ធិ​ដែល​ធានា​ដោយ​សហរដ្ឋអាមេរិក​នេះ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ទីក្រុង​ហុងកុង ជា​ពិសេស​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​តែម្ដង​។ ការធ្វើ​ពាណិជ្ជកម្ម​ទៅមក​ប្រមាណ​៣៨​ពាន់​លាន​ដុល្លារ​រាល់​ឆ្នាំ ​រវាង​សហរដ្ឋអាមេរិក​ និង​ទីក្រុងហុងកុង អាច​ជួប​បញ្ហា​។ 
 
​ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​ នៃ​ក្រុមហ៊ុន Daiwa Capital Markets ប្រាប់​កាសែត​អាមេរិក Washington Post ថា​៖«​យូរ​ទៅ អ្នកជំនួញ​អាច​គិត​ឡើងវិញ​ នៅពេល​ពួកគេ​ចង់​ធ្វើ​ជំនួញ ក្នុង​ទីក្រុង​ហុងកុង​»​។ លោក Steve Tsang នាយក​វិទ្យាស្ថាន​ចិន​ នៃ​សកល​វិទ្យាល័យ​ក្រុង​ឡុង​ដ៍ អះអាងថា វា​នឹង​ក្លាយជា​ជម្រើស​ដ៏​អន្តរាយ​មួយ ហើយ​ជា​ចំណុច​ចាប់ផ្ដើម​ នៃ​អវសាន​របស់​ទីក្រុង​ហុងកុង​៕

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ហុងកុង​
  សំណើ​ច្បាប់​សន្តិសុខ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com