COVID-19
ជាតិ
សង្គមជាតិ
ប្រធានអង្គការសុខភាពពិភពលោក សរសើរកម្ពុជា ចំពោះការទប់ស្កាត់ជំងឺកូវីដ១៩
28, May 2020 , 12:50 pm        
រូបភាព
លោក Tedros និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបពី AFP)
លោក Tedros និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបពី AFP)
លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) បានសរសេរលិខិតតបមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីអរគុណសម្តេច ដែលបានសរសេរលិខិតកន្លងមក បង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជា លើសេចក្តីអំពាវនាវរបស់អង្គការសុខភាពពិភពលោក ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩។



តាមរយៈលិខិតរបស់ខ្លួន ដែលចុះហត្ថលេខាតាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក Tedros បានបង្ហាញការពេញចិត្ត ដែលរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិលើផែនការយុទ្ធសាស្រ្តត្រៀមទុកជាមុនរបស់អង្គការសុខភាពពិភពលោក។

លោក សរសេរមកកាន់សម្តេចនាយករដ្ឋមន្រ្តីថា៖«ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ សូមកោតសរសើរចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ ជាពិសេស សូមកោតសរសើរចំពោះបុគ្គលិកសុខាភិបាលជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាថ្មីម្តងទៀត ខ្ញុំ សូមគាំទ្រការដឹកនាំនយោបាយនិងការបំពេញតួនាទីរបស់សម្តេច»។

លោក បានប្រាប់សម្តេចនាយករដ្ឋមន្រ្តីទៀតថា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូធំៗផ្សេងទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោក ជម្រាបសម្តេចថា៖«ការសាមគ្គីគ្នា នឹងធ្វើឲ្យយើង ទទួលបានជោគជ័យ»។

សូមរម្លឹកថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ១២៤នាក់ នៅកម្ពុជា មាន១២២នាក់ហើយ ដែលបានជាសះស្បើយវិញ ខណៈ២នាក់ទៀត កំពុងសម្រាកព្យាបាល៕

Tag:
 COVID-19
  ហ៊ុន សែន
  Tedros
© រក្សាសិទ្ធិដោយ thmeythmey.com